1. អ្នកជិតខាងថ្មី
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី១៖ អ្នកជិតខាងថ្មី
នៅអាហារល្ងាចនៅក្នុងផ្ទះរបស់លោកគ្រូពេទ្យសុថា និងអ្នកស្រីម្លះ៖
លោកសុថា៖ «យើងនឹងរើទៅនៅភ្នំពេញនៅចុងខែនេះ។»
អ្នកស្រីម្លះ៖ «បងរកផ្ទះបានហើយឬ?»
លោកសុថា៖ «បានហើយ។»
ធីតា៖ «កូនមិនចង់ទៅទេ! កូនមិនចង់បែកពីមិត្តភក្តិ និងអ្នកគ្រូទេ... យើងកុំរើអី តើបានទេ?»
អ្នកស្រីម្លះ៖ «ប៉ារបស់កូនត្រូវគេផ្លាស់ទៅធ្វើការនៅទីនោះ ចុះកូនចង់ឱ្យប៉ានៅម្នាក់ឯងឬ? ម៉ាក់សន្យាថាពេលវិស្សមកាល ម៉ាក់នឹងនាំកូនមកលេង ទីទី, តារា និងមីណា... យើងមិនបានលក់ផ្ទះចោលឯណា!»
លោកសុថា៖ «មែនហើយកូនសំឡាញ់! កូនកុំភ្លេចទៅលាពួកគេ ហើយទុកលេខទូរស័ព្ទឱ្យពួកគេផង។»
ពេលវេលាចាកចេញបានមកដល់... នាងចាកចេញទាំងអាឡោះអាឡ័យ។ មកដល់ផ្ទះថ្មី ថ្វីបើធំទូលាយជាងផ្ទះចាស់ ប៉ុន្តែធីតានៅតែមានអារម្មណ៍មិនស្រណុកក្នុងចិត្ត។
លោកសុថា៖ «ធីតា! កូនមកនេះមើលនែ ប៉ាយកអីមក?»
ធីតា៖ «កូនឆ្កែ! គួរឱ្យស្រឡាញ់ដល់ហើយ...!»
នាងអង្អែលលើរោមដ៏ខ្មៅស្រិលរបស់វាដោយក្តីអំណរ។
អ្នកស្រីម្លះ៖ «នេះបងបានវាពីណាហ្នឹង?»
លោកសុថា៖ «បងសុំពីមិត្តភក្តិ ព្រោះមើលទៅនាងអផ្សុកណាស់... បន្តិចទៀត បងនឹងរកពេលទៅរកសាលាឱ្យនាង។»
អ្នកស្រីម្លះ៖ «ធីតា តើកូនដាក់ឈ្មោះអីឱ្យវា?»
ធីតា៖ «ឈ្មោះ គីកូ ណាប៉ា! ខ្ញុំចាក់ទឹកដោះគោឱ្យវាផឹកបានទេម៉ាក់?»
អ្នកស្រីម្លះ៖ «ចាំម៉ាក់ទៅយកឱ្យ... ធីតា! ម៉ាក់ទៅផ្សារមួយភ្លែត កុំភ្លេចចាក់សោទ្វារណា ហើយកុំបើកទ្វារឱ្យមនុស្សមិនស្គាល់មុខឱ្យសោះ។»
ធីតា៖ «ចាស!»
ធីតាដើរទៅយកសោមកចាក់ទ្វារ រួចក៏ត្រឡប់ចូលក្នុងផ្ទះវិញ។
ធីតា ដែលជាកូនទោលអាយុ ៨ ឆ្នាំ កំពុងដើរស្រែកហៅកូនឆ្កែរបស់ខ្លួន៖
«គីកូ... គីកូ! តើនៅទីណាចេះ...??»
នាងដើររកសព្វកន្លែងនៅតែមិនឃើញ... “ប្រហែលជាវាចេញទៅក្រៅហើយដឹង...?” នាងក៏សម្រេចចិត្តចាក់សោទ្វារដើរចេញទៅរកនៅខាងក្រៅ។
ធីតាដើរបណ្តើរ ស្រែកហៅបណ្តើរ... ស្រាប់តែនាងឃើញទ្វាររបងផ្ទះមួយជាប់នោះបើកចំហ នាងក៏អើតមើល ឃើញគីកូកំពុងលេងប្រលែងជាមួយក្មេងប្រុសម្នាក់។
ក្មេងប្រុស (អាយុ ៩ ឆ្នាំ)៖ «លោកយាយ! ឆ្កែអ្នកណាចូលផ្ទះយើងនែ៎!!»
លោកយាយ (ដែលកំពុងចិតផ្លែប៉ោម)៖ «ប្រហែលជាឆ្កែអ្នកជិតខាងហើយ...!»
ក្មេងប្រុស៖ «គួរឱ្យស្រឡាញ់ដល់ហើយ!»
ធីតា៖ «ការពិពិតឯងនៅទីនេះសោះ...!»
ក្មេងប្រុស៖ «ជាឆ្កែរបស់ឯងឬ?»
ធីតា៖ «ចាស! វាលួចចេញមកពេលដែលម៉ាក់ខ្ញុំទៅផ្សារ។»
ក្មេងប្រុស៖ «ឯងទើបរើមកនៅមែនទេ?»
ធីតា៖ «ចាស បានមួយខែហើយ... តើនៅម្តុំនេះគ្មានក្មេងអាយុប្រហែលយើងទេឬ?»
ក្មេងប្រុស៖ «អត់ទេ... ចុះឯងឈ្មោះអី?»
ធីតា៖ «ខ្ញុំឈ្មោះ គុណ កែវទេពធីតា។»
ក្មេងប្រុស (សើច)៖ «បាទ! ខ្ញុំឈ្មោះ វីរៈ។ អ៊ីចឹងតើថ្ងៃក្រោយ ខ្ញុំអាចទៅលេងជាមួយគីកូបានទេ?»
ធីតា៖ «ប្រាកដជាបានហើយ...!»
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments