8. សារភាពស្នេហ៍
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី៨៖សារភាពស្នេហ៍
ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់បានមកដល់... នៅតាមដងផ្លូវមានអ្នកលក់ផ្កាចម្រុះពណ៌ និងស្ករសូកូឡាយ៉ាងច្រើនកកកុញ។ បើទោះបីជាពិធីបុណ្យនេះមានប្រភពចេញពីប៉ែកអឺរ៉ុបក៏ដោយ ប៉ុន្តែវាក៏បានជះឥទ្ធិពលដល់ស្រទាប់យុវជនខ្មែរដោយមិនដឹងខ្លួន។ នារីម្នាក់ៗមានទឹកមុខញញឹមញញែម ពេញដោយក្តីសុខនៅពេលដែលបានកាន់បាច់ផ្កានៅក្នុងដៃ...។
នៅក្នុងថ្នាក់រៀន... បន្ទាប់ពីហាត់សមសម្តែងទុំទាវចប់ ធីតាអង្គុយញ៉ាំទឹកតែម្នាក់ឯងទាំងចម្លែកចិត្ត៖ “ធម្មតាឱ្យតែថ្ងៃចុងសប្តាហ៍ ឬថ្ងៃពិសេស គេតែងតែទិញស្ករគ្រាប់ឱ្យខ្ញុំ... ថ្ងៃនេះបាត់ឈឹង! ប្រហែលជាមានណាត់ជាមួយអ្នកណាហើយមើលទៅ... ល្មមដឹងខ្លួនហើយអាដា! គេត្រឹមតែចាត់ទុកឯងជាប្អូនស្រីប៉ុណ្ណោះ...!”
សីហា (ដើរចូលមកជិត)៖ «ធីតា! កំពុងគិតអីហ្នឹង?»
ធីតា (ភ្ញាក់បន្តិច ញញឹមស្ងួត)៖ «អូ... គ្មានអីទេ!»
សីហា៖ «ជិតដល់ម៉ោងចេញហើយ តោះទៅញ៉ាំភីហ្សាទាំងអស់គ្នាហី?»
ធីតា៖ «មានអី! ខ្ញុំក៏កំពុងឃ្លានដែរ... បបួលអ្នកទាំងអស់គ្នាទៅជាមួយផងទៅ?»
សីហា (សើច)៖ «ថ្ងៃនេះអ្នកណាក៏មានណាត់ដែរ! ចុះធីតាវិញ... មានណាត់ទេ?»
ធីតាក្រវីក្បាលស្ងាត់ៗ។
សីហា៖ «អ៊ីចឹងពួកយើងទៅញ៉ាំអី ហើយចាំទៅមើលកុនជាមួយគ្នាណា!»
ធីតា៖ «អ៊ីចឹងក៏ល្អដែរ!»
នៅឯក្រុមហ៊ុន... វីរៈកំពុងបើកឡានចេញទៅកន្លែងដេញថ្លៃគម្រោង ដោយមានលោករាមនជិះអមជាមួយផង។ ភ្នែករបស់គេសម្លឹងមើលតាមដងផ្លូវដែលមានផ្កាចម្រុះពណ៌ជាច្រើន រួចសម្រេចចិត្តជាន់ហ្វ្រាំងឈប់ឡានកៀកខាងផ្លូវដើម្បីទិញ។
លោករាមន (ងាកមកមើលទាំងភ្ញាក់ផ្អើល)៖ «លោកវីរៈ! លោកធ្វើអីហ្នឹង?»
វីរៈ៖ «ខ្ញុំចង់ទិញផ្កាមួយបាច់...»
លោករាមន៖ «ចាំត្រឡប់មកវិញចាំទិញទៅ! បើនៅតែឈប់បែបនេះ ប្រាកដជាទៅដេញថ្លៃមិនទាន់ពេលទេ!»
វីរៈ៖ «តែ... ត្រឡប់មកវិញយប់ហើយ!»
លោករាមន (ដកដង្ហើមធំ)៖ «គ្មានអ្នកណាទិញអស់ទេ! ការងារសំខាន់ជាង... នេះជាគម្រោងលើកទីមួយរបស់លោកណា សូមលោកដឹងក្តីបន្តិចបានទេ?»
វីរៈ (ស្ងាត់មួយសន្ទុះ រួចសម្រួលអារម្មណ៍)៖ «សុំទោស...! អូខេ តោះទៅទៀត!»
វីរៈបើកឡានបន្ត ទាំងរអ៊ូក្នុងចិត្ត៖ “ហេតុអីបានជាលោកតែងតែចូលចិត្តជិះឡានជាមួយខ្ញុំចឹង? ហើយម៉េចក៏គម្រោងហ្នឹងមកធ្វើពេលល្ងាចទៅវិញ? ប្រមូលអារម្មណ៍អាវីរៈ... បន្តិចទៀតត្រូវឡើងធ្វើបទបង្ហាញហើយ!”
នៅឯផ្សារទំនើប... មានការរៀបចំខុសប្លែកពីសព្វដង។ គ្រប់ទីកន្លែងពោរពេញទៅដោយពណ៌ក្រហម និងរូបបេះដូងលម្អយ៉ាងស្អាត។ នៅក្នុងហាងភីហ្សាក៏មានការរៀបចំជាបរិយាកាសសម្រាប់គូស្នេហ៍ផងដែរ។
សីហា៖ «គេរៀបចំស្អាតមែន! ធីតាចង់ញ៉ាំអីដែរ?»
ធីតា៖ «អីក៏បានដែរ...»
អ្នកបម្រើដើរមកដល់ រួចញញឹមណែនាំ៖ «ជម្រាបសួរ! ថ្ងៃនេះហាងយើងខ្ញុំមាន ឈុតភីហ្សារូបបេះដូង សម្រាប់គូស្នេហ៍... តើអ្នកទាំងពីរចាប់អារម្មណ៍ទេ?»
សីហា (សើច)៖ «តើយើងមើលទៅសមជាគូស្នេហ៍ទេ?»
អ្នកបម្រើ៖ «ប្រាកដជាសមហើយបាទ!»
ធីតាសើចទាំងអៀន រួចក្រវីក្បាលបដិសេធស្រាលៗ។
សីហា៖ «យកឈុតហ្នឹងមក! ខ្ញុំចង់ដឹងថាវាយ៉ាងម៉េចដែរ...»
ក្រោយពីញ៉ាំអាហាររួច ពួកគេក៏បន្តទៅមើលកុនជាមួយគ្នា។ នៅក្នុងរោងកុន ធីតានិងសីហាសើចកកើកយ៉ាងសប្បាយរីករាយ។
ធីតា៖ «រឿងនេះកំប្លែងដល់ហើយ!»
សីហា៖ «មែនហើយ! ធីតា... ខ្ញុំទៅបន្ទប់ទឹកមួយភ្លែតណា! បើរឿងចប់មុន ចេញទៅចាំខ្ញុំនៅខាងក្រៅ!»
មួយសន្ទុះក្រោយមក រឿងកុនក៏បានបញ្ចប់។ ធីតាដើរចេញពីរោងកុនមកអង្គុយចាំសីហានៅបង់ខាងក្រៅ។ មិនយូរប៉ុន្មាន សីហាបានដើរសំដៅមកនាង ដោយដៃទាំងពីរពទ្ធទៅខាងក្រោយដូចជាទប់របស់អ្វីម្យ៉ាង។ គេដើរមកឈរចំពីមុខធីតា រួចហុច បាច់ផ្កាកុលាបពណ៌លឿង មួយបាច់ធំដែលមានចងបូយ៉ាងប្រណីតមកឱ្យនាង។
ធីតា (សួរទាំងទឹកមុខឆ្ងល់)៖ «ឱ្យខ្ញុំ...?»
សីហា (ញញឹម)៖ «បាទ! រីករាយថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់!»
ធីតា (ទទួលយកទាំងទញាក់ទញើ)៖ «ត្រឹមជាមិត្តភក្តិ មិនបាច់ទិញថ្លៃៗពេកទេ... តែស្អាតណាស់! អរគុណណា...» (នាងលូតក្បាលទៅហិតក្លិនផ្កា)
សីហា (សម្លឹងមើលភ្នែកនាង)៖ «តើកុលាបមួយបាច់នេះ... អាចចងចិត្តធីតាបានទេ?»
ធីតាភាំង បេះដូងលោតខុសចង្វាក់ ថ្ពាល់ប្រែជាក្រហម នាងមិនដឹងជាត្រូវតបបែបណា ក៏ធ្វើជានិយាយបន្លំ៖
ធីតា៖ «អូ... ម៉ោង ៨:០០ យប់ហើយ! តោះប្រញាប់ទៅផ្ទះវិញ!»
នៅក្នុងឡានរបស់សីហា បរិយាកាសស្ងប់ស្ងាត់យ៉ាងខ្លាំង។ ទីបំផុត សីហាក៏ដាច់ចិត្តពោលឡើង៖
សីហា៖ «តើយើងអាចធ្វើជាមិត្តភក្តិដែលល្អជាងពេលនេះបានទេ?»
ធីតា (សម្លឹងមើលមុខគេ រួចឆ្លើយដោយទន់ភ្លន់)៖ «ខ្ញុំគិតថា... ទំនាក់ទំនងត្រឹមជាមិត្តភក្តិដូចពេលនេះ គឺល្អបំផុតហើយ!»
សីហា (ដកដង្ហើមធំ ញញឹមស្ងួត)៖ «ធ្វើឱ្យនាងភ័យហើយ... បំភ្លេចវាចោលចុះណា!»
និយាយពីវីរៈ... បន្ទាប់ពីដេញថ្លៃគម្រោងបានជោគជ័យយ៉ាងត្រចះត្រចង់ គេក៏ប្រញាប់បើកឡានត្រឡប់មកវិញ។ តាមផ្លូវ គេចង់ទិញផ្កា ប៉ុន្តែគ្រប់ហាងទាំងអស់សុទ្ធតែអស់ផ្កាស្តុក។ គេបើកជិះរហូតដល់ហាងទីប្រាំ ដែលគេកំពុងរៀបចំសារតូប។
វីរៈ (ស្ទុះចុះពីឡាន)៖ «សុំទោស! អស់ផ្កាហើយឬ?»
អ្នកលក់៖ «នៅសល់តែ កុលាបក្រហម ៣ ទង នេះទេ... តែលោកខាងនេះទើបតែទិញមិញហ្នឹង!»
វីរៈ (ងាកទៅនិយាយជាមួយបុរសនោះ)៖ «លោក... តើលោកអាចលក់ផ្កានេះបន្តឱ្យខ្ញុំបានទេ?»
បុរសនោះ៖ «មិនបានទេ! សង្សារខ្ញុំនាងក៏ចង់បានដែរ...»
សង្សារបុរសនោះ (សម្លឹងមើលវីរៈ រួចនិយាយ)៖ «១៥ ដុល្លារ! តើលោកហ៊ានយកទេ?»
វីរៈ (មិនស្ទាក់ស្ទើរ)៖ «មិនអីទេ! នេះ ១៥ ដុល្លារ... អរគុណច្រើន!»
វីរៈទាញផ្កាកុលាប ៣ ទង រួចប្រញាប់ឡើងឡានបើកសំដៅទៅផ្ទះយ៉ាងលឿន។ គេជិះមកដល់ផ្ទះដំណាលគ្នានឹងឡានរបស់សីហាដែរ...។
ពេលដែលធីតាចុះពីលើឡាន ដោយមានកាន់បាច់ផ្កាកុលាបពណ៌លឿងយ៉ាងធំនៅក្នុងដៃ វីរៈឈរសម្លឹងមើលផ្កាកុលាប ៣ ទងគ្មានទាំងការវិចខ្ចប់ត្រឹមត្រូវនៅក្នុងដៃខ្លួនឯងទាំងអស់សង្ឃឹម៖ “យឺតទៀតហើយអញ... យឺតរហូត!”
ធីតាដើរចូលផ្ទះ ឯវីរៈក៏បើកឡានចូលផ្ទះដូចគ្នា។ គេរត់ឡើងទៅបន្ទប់ ប្រញាប់ផ្លាស់ខោអាវ រួចដើរចេញមកក្បែររានហាល ទាញបាល់តូចមកគប់សំដៅទៅបង្អួចបន្ទប់ធីតាជាសញ្ញាដូចសព្វដង...។
តុប... តុប...!
ធីតាបើកទ្វាររានហាលដើរចេញមក...
វីរៈ៖ «ថ្ងៃនេះដើរលេងសប្បាយទេ?»
ធីតា៖ «គួរសម...! មួយរយៈនេះបាត់មុខបងឈឹង រវល់ណាស់ឬ?»
វីរៈ (ញញឹម)៖ «មែនហើយ! តែទីបំផុត បងដេញថ្លៃបានគម្រោងនោះហើយ!»
ធីតា (ញញឹមស្រស់)៖ «អបអរសាទរផងណា!»
វីរៈ (ធ្វើមុខមាំ សំឡេងប្រែជាធ្ងន់)៖ «ធីតា... បងមានពាក្យចង់និយាយ!»
ធីតា៖ «និយាយមក...!»
វីរៈលីជណ្តើរឈើមកដាក់តភ្ជាប់រវាងរានហាលផ្ទះទាំងពីរ ដើម្បីឆ្លងទៅរកនាង... ដូចទម្លាប់ដែលគេធ្លាប់ធ្វើកាលពីក្មេង។ គេស៊កផ្កាកុលាបក្រហម ៣ ទងនៅក្នុងហោប៉ៅអាវ រួចដើរឆ្លងយ៉ាងជំនាញ។
លុះទៅដល់មុខនាង គេទាញផ្កាកុលាបក្រហម ៣ ទងនោះហុចឱ្យនាង៖
វីរៈ៖ «សុំទោស... បងចង់ទិញផ្កា ១០០ ទងឱ្យដាដែរ តែដោយសាររវល់ពេក រកបានតែ ៣ ទងហ្នឹង...»
ធីតា (ទទួលយក ញញឹមទាំងក្ដីរំភើប)៖ «បើរវល់ មិនបាច់ទិញក៏បានដែរ... បងល្ងង់អើយ!»
វីរៈសម្លឹងចំប្រកែវភ្នែកនាង និយាយដោយសំឡេងញ័រៗទាំងភ័យអ៊អែនៅក្នុងទ្រូង៖
«ធីតា... កុំទុកបងត្រឹមជាបងប្រុសបានទេ? បងមិនដែលចាត់ទុកដាជាប្អូនស្រីឡើយ... តែជានារីតែម្នាក់គត់នៅក្នុងបេះដូងបង!!»
ធីតាភាំង... ថ្ពាល់ឡើងក្រហមព្រឿងៗ ឈរស្ងៀមធ្មឹង។
វីរៈចាប់ដៃនាងជាប់ រួចបន្តទាំងអាក់អួល៖
វីរៈ៖ «កាលនៅថ្នាក់ទី ១០... ពេលដាដង្ហក់ដល់សន្លប់ ហើយប្រធានថ្នាក់ឆាយជាអ្នកបីដាទៅពេទ្យ... បងស្អប់ខ្លួនឯងណាស់ដែលគ្មានសមត្ថភាពរត់លឿនដូចគេ! ប៉ុន្តែរយៈពេលមួយឆ្នាំក្រោយមក បងខិតខំហាត់ប្រាណរហូតក្លាយជាកីឡាកររត់ប្រណាំងតំណាងសាលា... ក៏ព្រោះតែដា! បងមិនសប្បាយចិត្តទេពេលដានិយាយល្អពីសីហា... ហើយរឹតតែខូចចិត្តខ្លាំង ពេលឃើញដាកាន់បាច់ផ្ការបស់គេ...!»
តំណក់ទឹកភ្នែកនៃក្តីរំភើបបានស្រក់ចុះមកលើថ្ពាល់របស់ធីតា... នាងស្ទុះទៅអោបចង្កេះវីរៈយ៉ាងណែន រួចខ្សឹបប្រាប់គេទាំងទឹកភ្នែក៖
ធីតា៖ «អរគុណណា... ដែលមិនបានចាត់ទុកខ្ញុំជាប្អូនស្រី! ចម្លើយរបស់ខ្ញុំ... គឺដូចគ្នា!»
ពាក្យសម្តី និងរង្វង់ដៃដ៏កក់ក្តៅមួយនេះ ជាចម្លើយដ៏មានន័យបំផុតដែលធ្វើឱ្យវីរៈសប្បាយចិត្ត រំភើបញាប់ញ័រ រហូតគេកើនកាលដេកមិនលក់ពេញមួយយប់...!!
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments