9. ចង់កាន់ដៃអ្នករហូត

📅 ចុះផ្សាយថ្ងៃ July 19, 2011 ·


ព្រឹកឡើងនៃថ្ងៃទី ១៥ ព្រះអាទិត្យរះយ៉ាងស្រឡះបាញ់ពន្លឺចែងចាំងមកលើដី...។

វីរៈដើរចុះពីលើផ្ទះដោយទឹកមុខញញឹមញញែម ព្រមទាំងស្លៀកពាក់យ៉ាងរៀបរយ មានភ្លីអាវ និងខោត្រង់ជើងជាងរាល់ដង។ មិនតែប៉ុណ្ណោះ គេថែមទាំងដើរច្រៀងទាំងព្រឹកទៀតផង៖ «ឡា... ឡា... ឡា...!»

វីរៈដើរចុះមកដល់តុអាហារ ឃើញលោកយាយអង្គុយនៅទីនោះ គេក៏ស្ទុះទៅអោបថើបថ្ពាល់យាយមួយខ្សឺត៖ «អារុណសួស្តី លោកយាយ!»

យាយ (ភ្ញាក់ខ្លួន ងាកមកមើលមុខចៅ)៖ «យី! អាចៅ... អារម្មណ៍ល្អម្ល៉េះ?! មកថើបស្អីវាហ្នឹង?»

វីរៈញញឹម មិនតបអ្វីឡើយ រួចស្ទុះទៅលើកចានមីមកស្រូបញ៉ាំយ៉ាងឆ្ងាញ់មាត់។

យាយ (សម្លឹងមើលទាំងចម្លែកចិត្ត)៖ «នេះជាមីចៅមែនទេ?!»

មិនចាំទាន់ឱ្យយាយតបច្បាស់លាស់ផង គេក៏បន្តញ៉ាំធ្វើព្រងើយ។ មីងចាន់ដែលដើរចេញពីផ្ទះបាយមកដល់ក៏ស្រែកឃាត់៖
មីងចាន់៖ «ក្មួយវីរៈ...!»
វីរៈ (ងើបមុខឡើង)៖ «បាទមីង! មានការអី?»
មីងចាន់៖ «មីហ្នឹង... មីសល់តាំងពីយប់មិញតើ!»
វីរៈ (ធ្វើមុខហួសចិត្ត តែនៅតែញញឹម)៖ «មែនហែ?! តែខ្ញុំឃើញថាឆ្ងាញ់សឹងអីហ្នឹង...!»

ពោលរួច គេក៏បន្តញ៉ាំមីសល់នោះរហូតអស់ពីចាន។ លោកយាយ និងមីងចាន់បានត្រឹមតែឈរមើលមុខគ្នាទាំងងឿងឆ្ងល់។

លោកយាយក្រវីក្បាលដកដង្ហើមធំ៖ «ចៅអញ... ប្រហែលជាកាន់តែមែនទែនហើយ! មីផ្អូមហើយនៅថាឆ្ងាញ់ទៀត... មិនដឹងជាវាកើតរោគស្អីវាទេ?!»

បន្ទាប់ពីញ៉ាំអាហារព្រឹក រួច វីរៈក៏បើកឡានទៅឈប់ចាំនៅមុខផ្ទះធីតាដូចសព្វដង។ ធីតាលាម្តាយរបស់នាង ដើរចេញពីផ្ទះរួចឡើងជិះឡានអមជាមួយគេ។

វីរៈ (ងាកមកមើលនាងទាំងញញឹមបិទមាត់មិនជិត)៖ «អារុណសួស្តី! ថ្ងៃនេះធីតាស្អាតណាស់...!»
ធីតា (ញញឹម អើតមើលសម្លៀកបំពាក់ខ្លួនឯង)៖ «ធម្មតាតើ...!»
វីរៈ៖ «ល្ងាចនេះ... ពួកយើងទៅញ៉ាំបាយជាមួយគ្នាល្អទេ?»
ធីតា (សួរទាំងឆ្ងល់)៖ «ហេតុអីទៅ?»
វីរៈ (ធ្វើមុខរ៉ូមែនទិក)៖ «គឺ... អបអរសាទរដែលពួកយើងស្រឡាញ់គ្នាបាន ១ ថ្ងៃ!»
ធីតា (អស់សំណើចកខិករខុច)៖ «ហាស... ហាស! តើមានអ្នកណាមកលប់ដូចជាបងយ៉ាងហ្នឹង?!»
វីរៈ៖ «ព្រមទៅអត់?»
ធីតា (ញញឹមផ្អែម)៖ «បាន...!»

លុះទៅដល់សាលារៀន... ធីតាដើរចូលក្នុងថ្នាក់ដោយអារម្មណ៍រីករាយស្រស់ស្រាយ។ នាងប្រញាប់ទៅផ្លាស់សម្លៀកបំពាក់ ដើម្បីហាត់សមរបាំ។ ថ្ងៃនេះ ធីតារាំបានយ៉ាងស្អាត និងល្វត់ល្វន់ ខុសប្លែកពីរាល់ដង ធ្វើឱ្យមិត្តភក្តិគ្រប់គ្នាសរសើរមិនដាច់ពីមាត់... ជាពិសេស សីហា ដែលតែងតែសម្លឹងមើលមកនាងមិនដាក់ភ្នែកឡើយ។

នៅឯក្រុមហ៊ុន...

លោករាមន (ឈរអោបដៃសម្លឹងមើលវីរៈ)៖ «នែ! ខ្ញុំឃើញឯងមើលនាឡិកាហៀបនឹងជិត ១០ ដងហើយណា! មិនបាច់មានណាត់អីទេ... ល្ងាចនេះខ្ញុំត្រូវទៅញ៉ាំបាយជាមួយក្រុមហ៊ុនផ្គត់ផ្គង់ ឯងគួរតែទៅជាមួយខ្ញុំ! ស្គាល់គេស្គាល់ឯងឱ្យបានច្រើនទៅ...!»
វីរៈ (ទាញកាបូបមកស្ពាយ រួចញញឹម)៖ «សុំទោសផងលោករាមន! ខ្ញុំមិនទៅទេ... ៣... ២... ១! ដល់ម៉ោងចេញធ្វើការហើយ... លាហើយលោករាមនអើយ!»

និយាយចប់ភ្លាម វីរៈស្ទុះរត់ចេញពីការិយាល័យលឿនដូចផ្លេកបន្ទោរ ដូចជាមនុស្សមានវិជ្ជាបំបាំងកាយ និងសប្បាយចិត្តដូចកូនក្មេងអ៊ីចឹង!

គេបើកឡានយ៉ាងប្រញាប់ប្រញាល់ទៅចាំទទួលធីតានៅឯសាលា។ លុះធីតាឡើងជិះឡាន...

ធីតា៖ «តើយើងនឹងទៅណាដែរបង?»
វីរៈ៖ «ទៅផ្សារទំនើបសិនបានទេ? បន្ទាប់មកចាំពួកយើងទៅញ៉ាំបាយជាមួយគ្នា...»

ពេលទៅដល់ផ្សារទំនើប... អ្នកទាំងពីរដើរអមគ្នាយ៉ាងស្និទ្ធស្នាល។

វីរៈ (ងាកមកមើលមុខនាង និយាយដោយអៀនៗ)៖ «ធីតា... បងអាចកាន់ដៃដាបានអត់?»

ធីតាមិនបានតបជាពាក្យសម្តីឡើយ នាងគ្រាន់តែញញឹមយ៉ាងផ្អែមល្ហែម រួចហុចដៃទៅឱ្យវីរៈចាប់កាន់។ វីរៈក្រសោបដៃតូចស្រឡូនរបស់នាងជាប់នៅក្នុងបាតដៃរបស់គេយ៉ាងកក់ក្តៅ។

ធីតា (និយាយទាំងញញឹម)៖ «កាលពីមុន... បងក៏ធ្លាប់កាន់ដៃខ្ញុំបែបហ្នឹងដែរ!»
វីរៈ (សម្លឹងមើលដៃដែលកំពុងកាន់គ្នានោះ)៖ «មិនដូចគ្នាទេ! កាលពីមុន គឺកាលពី ១២ ឆ្នាំមុន... ឥឡូវពួកយើងអាយុ ២២ ឆ្នាំហើយ! អារម្មណ៍ ចិត្តគំនិត គឺខុសគ្នាទាំងស្រុង... ហើយឋានៈរឹតតែខុសគ្នា!»
ធីតា (សួរទាំងលេងសើច)៖ «អ៊ីចឹង... បងអាចកាន់ដៃខ្ញុំបានយូរប៉ុណ្ណាដែរ?»
វីរៈ (សើច)៖ «កាន់រហូតហ្នឹង! រហូតដល់ពេលដែលដានិយាយថា “ធុញ... ឈប់មកប៉ះ!” អ៊ីចឹង!»
ធីតា (សម្លឹងចំភ្នែកគេ)៖ «ប្រហែលជា... គ្មានថ្ងៃហ្នឹងទេ!»
វីរៈ (ញញឹមយ៉ាងមានក្ដីសុខ)៖ «បងក៏សង្ឃឹមថាអ៊ីចឹងដែរ... បងចង់កាន់ដៃដា បងចង់ឱ្យមនុស្សគ្រប់គ្នានៅលើពិភពលោកបានដឹងថា... ពួកយើងស្រឡាញ់គ្នា! Wouldn't you?»

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។