10. បញ្ហា ហិរិញ្ញវត្ថុ
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
១០. បញ្ហា ហិរិញ្ញវត្ថុ
នៅឯក្រុមហ៊ុន...
លោករាមនកំពុងរត់យ៉ាងឆ្លេឆ្លារហែករហុយ សំដៅទៅបន្ទប់លោកវីរ៉ា ដោយមិនទាំងបានគោះទ្វារតាមទម្លាប់ត្រឹមត្រូវឡើយ។
លោកវីរ៉ា (ងើបមុខឡើងធ្វើចិញ្ចើមជ្រួញ)៖ «លោករាមន! នេះមានរឿងអ្វី... បានជាស្លន់ស្លោដល់ថ្នាក់ហ្នឹង?» លោករាមន (ឈរដកដង្ហើមញាប់ស្មេរ និយាយទាំងស្ទើរមិនទាន់ដកដង្ហើម)៖ «លោក... លោកប្រធាន! លោកមុន្នី... គាត់ស្លាប់ហើយ!»
លោកមុន្នី គឺជាឈ្មួញផ្គត់ផ្គង់សម្ភារៈ និងវត្ថុធាតុដើម ដែលក្រុមហ៊ុនលោកវីរ៉ាសហការអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
លោកវីរ៉ា (ភ្ញាក់ព្រើត ស្ទុះឈរឡើង)៖ «ថាថាម៉េច?! ហេតុអ្វីបានជាគាត់ស្លាប់?!»
លោករាមន៖ «គឺ... សម្លាប់ខ្លួន! គាត់ជំពាក់បំណុលល្បែងគេនៅបាវិតយ៉ាងសន្ធឹកសន្ធាប់...!»
លោកវីរ៉ា (ប្រែមុខជានស្លេក និយាយញ័រមាត់)៖ «តើ... តើលោកឱ្យចិត្រាបង្វិលប្រាក់កក់ឱ្យគាត់ហើយឬនៅ?»
លោករាមន (ដកដង្ហើមធំទាំងបារម្ភ)៖ «ហេតុនេះហើយទើបខ្ញុំបារម្ភខ្លាំងនោះ! គាត់បានទារប្រាក់កក់លើសពីថ្លៃពាក់កណ្តាលទៀតផង... រឿងនេះខ្ញុំធ្លាប់បានរំលឹកលោកម្តងរួចមកហើយ តែលោកថែមទាំងនិយាយថា “ឱ្យគាត់ទៅ... ព្រោះធ្លាប់សហការគ្នាយូរមកហើយ ជួយគ្នាក្នុងគ្រាអាសន្ន!”»
លោកវីរ៉ាស្តាប់ហើយបានត្រឹមតែឈរស្ងៀមធ្មឹង និយាយអ្វីមិនរួច... បេះដូងធ្លាក់ដល់បាតជើង។ នេះជាគម្រោងធំសម្បើមមួយ ដែលគាត់បានបង្វិលលុយក្រុមហ៊ុនជាងពាក់កណ្តាលមកប្រើប្រាស់ ដោយមួយចំនួនធំទៀតត្រូវយកទៅកក់វត្ថុធាតុដើមពីលោកមុន្នីនេះឯង។
លោកវីរ៉ា (សម្រួលអារម្មណ៍ និយាយដោយសំឡេងស្អកៗ)៖ «លោក... លោកទៅសួរនាំក្រុមគ្រួសារលោកមុន្នីសិនមើល៍ តើមានអ្វីដែលពួកយើងអាចជួយបានទេ...» លោករាមន៖ «បាទ លោកប្រធាន!»
លោករាមនបានចាកចេញពីក្រុមហ៊ុន ដោយហៅវីរៈឱ្យទៅជាមួយផង។ តាមផ្លូវ ពួកគេបានឈៀងចូលទិញកម្រងផ្កា ដើម្បីយកទៅចូលរួមរំលែកទុក្ខ។
លុះទៅដល់ពិធីបុណ្យសព... បរិយាកាសនៅទីនោះមានសភាពស្ងប់ស្ងាត់ជ្រងំ។ ក្រុមគ្រួសារនៃសពមានទឹកមុខក្រៀមក្រំ និងទោសោម្នេញ ជាពិសេសអ្នកស្រីនារី ដែលជាភរិយារបស់លោកមុន្នី។
វីរៈ (អោនក្បាលដោយគោរព)៖ «ពួកយើងតំណាងឱ្យក្រុមហ៊ុនលោកវីរ៉ា មកចូលរួមរំលែកទុក្ខ... សូមអ្នកស្រីកាត់ចិត្ត និងខន្តីភ័យផង!» អ្នកស្រីនារី (ទឹកភ្នែករ៉ាមៗ)៖ «សូមអរគុណនូវទឹកចិត្តរបស់អ្នកទាំងពីរ...» លោករាមន៖ «លោកវីរ៉ាផ្តាំផ្ញើសុំទោសជាខ្លាំង ដែលគាត់មិនបានអញ្ជើញមកដោយផ្ទាល់...» អ្នកស្រីនារី៖ «ចាស... ខ្ញុំអរគុណសន្តានចិត្តរបស់គាត់ខ្លាំងណាស់!»
អ្នកស្រីនារីហុចធូបទៅឱ្យអ្នកទាំងពីរ រួចពោលបន្ត៖ អ្នកស្រីនារី៖ «អូ... មែនហើយ! ប្តីរបស់ខ្ញុំបានសន្សល់សំបុត្រមួយច្បាប់ទុកឱ្យលោកវីរ៉ា... ចាំខ្ញុំទៅយកជូន។ អ្នកទាំងពីរអញ្ជើញអង្គុយនៅទីនេះសិនចុះ!»
អ្នកស្រីនារីដើរឡើងទៅលើផ្ទះដើម្បីយកសំបុត្រ។
ក្រោយពីលាក្រុមគ្រួសារនៃសពរួច លោករាមន និងវីរៈបាននាំយកសំបុត្រនោះមកប្រគល់ជូនលោកវីរ៉ានៅការិយាល័យ។ លោកវីរ៉ាទាញសំបុត្រមកលាតអានទាំងដៃញ័រៗ...
«មកដល់សម្លាញ់វីរ៉ា...!
ពេលដែលសម្លាញ់អានសំបុត្រមួយច្បាប់នេះ ខ្ញុំបានលាចាកលោកនេះទៅហើយ...។ គ្មានពាក្យអ្វីក្រៅពីពាក្យ “សុំទោស” នោះទេ។
ខ្ញុំបានយកដើមទុនដែលឯងប្រគល់ឱ្យ ទៅលេងល្បែងស៊ីសងអស់រលីង... នេះជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរមួយ ដែលមួយជីវិតនេះមិនអាចលើកលែងទោសឱ្យបានឡើយ។ ខ្ញុំមិនហ៊ានសុំឱ្យឯងអត់ទោសឱ្យខ្ញុំទេ... តែសូមឯងយោគយល់ និងនឹកដល់មនោសញ្ចេតនាកាលពីមុន ដែលខ្ញុំធ្លាប់បានជួយឯងពេលក្រុមហ៊ុនឯងជួបវិបត្តិផង។ ខ្ញុំសុំអង្វរ... សូមឯងកុំរករឿង ឬប៉ះពាល់ដល់ក្រុមគ្រួសាររបស់ខ្ញុំអី!
បើមានជាតិក្រោយ... ខ្ញុំមុន្នី សុខចិត្តធ្វើគោ ធ្វើក្របី ដើម្បីសងគុណមិត្ត... សុំទោស!
ពីខ្ញុំ... មុន្នី»
លោកវីរ៉ាអានចប់ ទម្លាក់សំបុត្រចុះ រួចបិទភ្នែកទាំងលំបាក...។

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments