11. គេជាអ្នកណា?
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី១០៖ គេជាអ្នកណា?
នៅក្នុងក្រុមហ៊ុន... បរិយាកាសប្រែជាអាប់អួរ និងស្ងប់ស្ងាត់មិនប្រក្រតី ព្រោះតែដំណឹងអាក្រក់បានលេចលឺទៅដល់ថ្នាក់ក្រោម។ រយៈពេលជិត ២ អាទិត្យមកហើយ ការដ្ឋានត្រូវគាំងដំណើរការទាំងស្រុង ដោយសារក្រុមហ៊ុនដទៃទៀតមិនព្រមជួយជ្រោមជ្រែង ឬទម្លាក់កិច្ចសន្យាឡើយ។
លោករាមន និងវីរៈ បានខិតខំរៀបចំសំណុំឯកសារយ៉ាងប្រញាប់ប្រញាល់ ដើម្បីស្នើសុំខ្ចីប្រាក់ពីធនាគារ។ ប៉ុន្តែដោយសារតែ អចលនទ្រព្យ ដែលយកទៅបញ្ចាំនោះ មានតម្លៃតិចជាងចំនួនទឹកប្រាក់ដែលត្រូវខ្ចី ផ្សំជាមួយនឹងគម្រោងការដែលកំពុងប្រឈមមុខនឹងការខាតបង់ធ្ងន់ធ្ងរដោយសារយឺតយ៉ាវទាន់ពេលវេលា ធនាគារជាច្រើនបានបដិសេធជាបន្តបន្ទាប់...!
លោកវីរ៉ាអង្គុយនៅក្នុងបន្ទប់ធ្វើការតែម្នាក់ឯងទាំងអស់សង្ឃឹម និងល្ហិតល្ហៃ។ ភ្លាមៗនោះ សំឡេងទូរស័ព្ទតុបានបន្លឺឡើង... គាត់ទាញកាសទូរស័ព្ទមកនិយាយទាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួន៖
លោកវីរ៉ា៖ «អាឡូ! ជម្រាបសួរ... ខ្ញុំវីរ៉ា និយាយ...»
ដាកន (សំឡេងម៉ត់ចត់ពីចុងខ្សែ)៖ «អាឡូ! ខ្ញុំទូរស័ព្ទមកពី ធនាគារ វឌ្ឍនៈ...»
លោកវីរ៉ាសម្រួលឥរិយាបថ ស្ទុះអង្គុយត្រង់ខ្លួន រួចតបដោយយកចិត្តទុកដាក់បំផុត។
ដាកន៖ «ខ្ញុំជាជំនួយការផ្ទាល់របស់ លោកឧកញ៉ាវឌ្ឍនៈ... លោកម្ចាស់របស់ខ្ញុំចង់ពិនិត្យមើលគម្រោងរបស់ក្រុមហ៊ុនលោក!»
លោកវីរ៉ា (អរប្រព្រឹស)៖ «បាទ... បាទ! តើពេលណាទើបយើងអាចជួបនិយាយគ្នាបានបាទ?»
ដាកន៖ «កាន់តែឆាប់ កាន់តែល្អ! អាហារល្ងាចយប់នេះចុះ នៅសណ្ឋាគារ Le Royal... ហើយសូមអញ្ជើញកូនប្រុសរបស់លោក ដែលជាម្ចាស់គម្រោងមកជាមួយផង!»
លោកវីរ៉ា៖ «បាទ... បាទ! ខ្ញុំនឹងទៅឱ្យទាន់ពេលវេលា!»
នៅល្ងាចនោះ... លោកវីរ៉ាអង្គុយមើលនាឡិកាទន្ទឹងរង់ចាំយ៉ាងអន្ទះសា។ គាត់បាននាំវីរៈទៅដល់សណ្ឋាគារមុនពេលណាត់ជួបដល់ទៅកន្លះម៉ោង។
វីរៈ (ងាកមើលលោកប៉ា)៖ «លោកប៉ា... ខ្ញុំប្រាប់ហើយថាកុំប្រញាប់មកពេក! ឃើញទេ... មកអង្គុយចាំគេបែបនេះ!»
លោកវីរ៉ា៖ «នេះជាការគួរសមណាទី! កូនដឹងទេ... បើឱ្យគេមកចាំយើង វាមិនល្អទាល់តែសោះ!»
មួយសន្ទុះក្រោយមក តាចាស់ម្នាក់អាយុប្រមាណ ៧០ ប្លាយ ក្នុងសម្លៀកបំពាក់យ៉ាងសាមញ្ញ ប៉ុន្តែមានអំណាច និងអភិជន ជាមួយនឹងបុរសវ័យកណ្តាលម្នាក់ បានដើរសំដៅមកតុរបស់ពួកគេ។
អ្នកទាំងអស់គ្នាបានសម្តែងការគួរសម តាមការចាប់ដៃរបៀបអ្នកជំនួញ។
ដាកន៖ «នេះជាលោកម្ចាស់វឌ្ឍនៈ...!»
លោកវីរ៉ា និងវីរៈ អោនក្បាលជម្រាបសួរដោយក្តីគោរព។
លោកម្ចាស់វឌ្ឍនៈ (ញញឹមស្រទន់)៖ «ខ្ញុំគិតថាយើងគួរតែនិយាយសាច់ការសិន ចាំទទួលទានអាហារតាមក្រោយ... អ្នកកំលោះ! ជួយបកស្រាយគម្រោងឱ្យខ្ញុំស្តាប់មើល៍?»
វីរៈទាញសៀវភៅផែនការមកចែកជូនអ្នកទាំងពីរ រួចចាប់ផ្តើមពន្យល់យ៉ាងក្បោះក្បាយ ច្បាស់ៗ និងបង្ហាញពីភាពជឿជាក់លើផែនការសងប្រាក់ត្រឡប់មកវិញក្នុងរយៈពេល ៥ ឆ្នាំ។
ក្រោយពេលស្តាប់ចប់ លោកម្ចាស់វឌ្ឍនៈនៅស្ងៀមមួយសន្ទុះ ដោយមិនទាន់បញ្ចេញមតិអ្វីឡើយ។
ដាកន (និយាយជំនួស)៖ «រឿងនេះ ចាំពួកយើងយកទៅគិតគូរឱ្យល្អិតល្អន់សិន... ស្អែកព្រឹកយើងនឹងផ្តល់ចម្លើយ! ឥឡូវល្មមដល់ពេលទទួលទានអាហារហើយ...»
រយៈពេលមួយយប់... ថាយូរក៏យូរ ថាឆាប់ក៏ឆាប់! វាជាយប់ដ៏វែងឆ្ងាយដែលធ្វើឱ្យគ្រួសាររបស់វីរៈអុជធូបសំពះព្រះ និងដុតទៀនបួងសួងសុំឱ្យការងារនេះបានសម្រេច។
នៅរ៉ង់ដាខាងក្រៅ វីរៈបានឈរជជែកលេងជាមួយធីតា...
ធីតា (សម្លឹងមើលមុខគេដោយក្តីបារម្ភ)៖ «លោកពូប្រាកដជាសម្រាកមិនលក់ទេយប់នេះ... សូមព្រះជាម្ចាស់ជួយអន្ទងចិត្តគាត់ឱ្យយល់ព្រមចុះ!»
វីរៈ (ដកដង្ហើមធំ)៖ «បងក៏ឆ្ងល់ណាស់ដែរដា... ធនាគារមួយនេះ បងមិនដែលបានដាក់ពាក្យស្នើសុំខ្ចីប្រាក់ផង! តែហេតុអ្វីបានជាគេទូរស័ព្ទមកចង់ជួយទៅវិញ?»
ធីតា (ញញឹមលើកទឹកចិត្ត)៖ «អ្នកធ្វើជំនួញ គេមិនដែលចាំទាល់តែគេមករកនោះទេ! ឱ្យតែឃើញក្រឡាចំណេញ គេនឹងមករកខ្លួនឯងហើយ... ប្រហែលជាចឹង!»
វីរៈ (ញញឹមស្រស់)៖ «ប្រហែលជាអ៊ីចឹងហើយ! បងគិតថាឱ្យតែមានប្រាក់ចូលមកក្នុងខែនេះ គម្រោងនោះនឹងមិនសងការខូចខាតឱ្យគេទេ... ហើយក្រុមហ៊ុនយើងក៏មិនបាច់ភ័យខ្លាចរឿងក្ស័យធនដែរ!» (គេក្រឡេកមើលទៅលើមេឃ)
ធីតា៖ «អព្ភូតហេតុ... ប្រាកដជាកើតមានលើបង!»
វីរៈ (ទាញដៃធីតាមកក្រសោប)៖ «អរគុណណាអូន... ដែលតែងតែនៅក្បែរបង!»
ធីតា (និយាយទាំងអៀន)៖ «តែអូនសង្ឃឹមថា អូនអាចជួយបងបានច្រើនជាងនេះ...»
វីរៈ (សើចកខិករខុច អង្អែលក្បាលនាង)៖ «ក្មេងល្ងង់... ប៉ុណ្ណឹង ពិតជាលើសលប់សម្រាប់បងទៅហើយ!»

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments