23.នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ

📅 ចុះផ្សាយថ្ងៃ August 28, 2011 ·

នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ

ភាគទី២៣៖ នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ




 បន្ទាប់ពីការចាកចេញរបស់ធីតាបានមិនយូរប៉ុន្មាន... វីរៈក៏បានរៀបការជាមួយរីយ៉ាតាមការរៀបចំរបស់ចាស់ទុំ។ ធីតាមិនសូវជាទូរសព្ទមកវីរៈឡើយ ព្រោះនាងមិនចង់ឱ្យរីយ៉ាមានការសង្ស័យ ឬមិនសប្បាយចិត្ត។

ប៉ុន្តែ វីរៈតែងតែចេញចូលផ្ទះរបស់នាងជាញឹកញាប់ ដើម្បីសួរសុខទុក្ខ និងមើលថែក្រុមគ្រួសាររបស់នាងជំនួសនាង... ហើយគេក៏បានឃើញរូបថតរបស់នាងដែលបានឡើងសម្តែងរបាំនៅលើឆាកយ៉ាងស្រស់ស្អាតនៅឯប្រទេសអូស្ត្រាលីផងដែរ។

រហូតដល់រយៈពេល ៣ ឆ្នាំកន្លងផុតទៅ... ធីតាបានធានាគ្រួសារទាំងមូលរបស់នាងទៅរស់នៅទីនោះយ៉ាងសុខសាន្ត។ ឯផ្ទះចាស់របស់ធីតា វីរៈបានសម្រេចចិត្តទិញយកទាំងអស់...។

ចាប់តាំងពីគ្រួសាររបស់ធីតាធ្វើអន្តោប្រវេសន៍ទៅបាត់... វីរៈក៏បានដាច់ទំនាក់ទំនងជាមួយធីតារហូតមក។ ផ្ទះទាំងមូលត្រូវ បានធ្វើការជួសជុលឡើងវិញ លើកលែងតែបន្ទប់របស់ធីតាមួយប៉ុណ្ណោះដែលគេមិនព្រមកែប្រែអ្វីទាំងអស់ ដោយគ្រាន់តែរៀបចំធ្វើជាបន្ទប់ធ្វើការរបស់គេប៉ុណ្ណោះ។

២៥ ឆ្នាំកន្លងផុតទៅ...

វិចិត្រ (កម្លោះវ័យ ២០ ឆ្នាំ ហុចសំបុត្រឱ្យឪពុក)៖ «លោកប៉ា... មានសំបុត្រផ្ញើមក គឺ តែមប្រែសណីយ៍របស់ប្រទេសអូស្ត្រាលីតើ!»

វីរៈប្រញាប់ប្រញាល់ហែកសំបុត្រមើលទាំងបេះដូងលោតញាប់... ប៉ុន្តែនៅក្នុងនោះ គ្មានសំបុត្រសរសេរអក្សរអ្វីជាពិសេសឡើយ គឺមានត្រឹមតែសំបុត្រអញ្ជើញទស្សនាការសម្តែងរបាំប៉ុន្មានសន្លឹកប៉ុណ្ណោះ។

សន្យា (សម្លឹងមើលឪពុក)៖ «មើលទៅ... លោកប៉ាហាក់ដូចជាខកចិត្តណាស់មែនទេ?»

វិចិត្រ៖ «តើអ្នកណាទៅ...? ផ្ញើមកខុសផ្ទះទេដឹង?»

វីរៈ (សម្រួលអារម្មណ៍)៖ «អត់ទេ... ត្រូវហើយ! អាទិត្យក្រោយ ប៉ាចង់ទៅមើលការសម្តែងនេះ... តើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ទៅដែរទេ?»

សន្យា និង វិចិត្រជាកូនរបស់វីរៈ និង រីយ៉ា តែអាពាពិពាហ៍នេះមានតែរូបរាងគ្មានវិញ្ញាណនៃក្តីស្រឡាញ់ឡើយ ។ គេមើលថែរីយ៉ា និងកូនៗបានយ៉ាងល្អ ត្រឹមតែជាតួនាទី និង ភារកិច្ចដែលជាទំនួលខុសត្រូវ។ ៥ឆ្នាំនៃ អាពាពិពាហ៍ រីយ៉ាបានសុំគេលែងលះ ព្រោះនាងបានជួបមនុស្សថ្មីដែលស្រឡាញ់នាងពិត។ មង្គលការរៀបចំនេះ បន្សល់ត្រឹមការសោកស្តាយសម្រាប់ក្រុមគ្រួសារទាំងសងខាង។ 

ថ្ងៃសម្តែងបានមកដល់... នេះជាកម្មវិធីសម្តែងសិល្បៈចំរុះជាតិសាសន៍ដ៏ធំមួយ។ ការសម្តែងបានប្រព្រឹត្តទៅពីម្នាក់ទៅម្នាក់ ធ្វើឱ្យវីរៈរង់ចាំមើលយ៉ាងងឿងឆ្ងល់ និងអន្ទះសារនៅក្នុងចិត្ត។

រហូតដល់វគ្គចុងក្រោយ... ជាការសម្តែងរបស់ក្រុមសិល្បករខ្មែរសញ្ជាតិអូស្ត្រាលី!

ក្រុមអ្នករាំបានដើរចេញមក... នៅក្នុងនោះ មាននារីម្នាក់ដែលមានផ្ទៃមុខ ក្រសែភ្នែក និងស្នាមញញឹមដូចជាធីតាបេះបិទ! នាងបានញញឹម និងរាំយ៉ាងទន់ភ្លន់ ល្វត់ល្វន់នៅលើឆាក...

សន្យា (ខ្សឹបប្រាប់ប្អូន)៖ «នារីម្នាក់នោះ... ស្អាតណាស់ចិត្រអើយ!»

វីរៈ (សម្លឹងមើលមិនព្រិចភ្នែក ស្រក់ទឹកភ្នែកក្នុងចិត្ត)៖ «ម៉េចក៏... ដានៅតែស្អាតដូចកាលពីមុនអញ្ចឹង...!»

បន្ទាប់ពីការសម្តែងបានបញ្ចប់... គ្រួសាររបស់វីរៈបានឈររង់ចាំនៅខាងក្រៅ។ ពេលដែលនារីម្នាក់នោះដើរចេញមក វីរៈស្ទុះទៅហៅទាំងរន្ធត់ចិត្ត៖

វីរៈ៖ «ធីតា...!»

នារីក្រមុំរូបនោះដើរចូលមកជិត រួចញញឹមយ៉ាងស្រស់៖

មនោរា៖ «ជម្រាបសួរលោកពូ... ខ្ញុំមិនមែនឈ្មោះធីតាទេ ខ្ញុំឈ្មោះ កែវ មនោរា ចាស!»

វីរៈស្រក់ទឹកភ្នែកមកភ្លាមៗ... ស្រមោលអតីតកាលកាលពី ២៥ ឆ្នាំមុន នៅពេលដែលគេ និងធីតាអង្គុយលេងនៅមាត់សមុទ្របានអណ្តែតត្រឡប់មកវិញយ៉ាងច្បាស់ៗ... ព្រោះកាលណោះ គេធ្លាប់ប្រាប់នាងថាយើងនឹងដាក់ឈ្មោះកូន៖
កូនទី១ ឈ្មោះ ហូរ សន្យា... កូនទី២ ឈ្មោះ ហូរ វិចិត្រ... ហើយបើបានកូនស្រី ឈ្មោះ ហូរ កែវមនោរា ឱ្យស្អាតដូចអូន និងពូកែរាំដូចជាអូន...!

បេះដូងរបស់វីរៈញាប់ញ័រស្ទើរផ្ទុះ៖ «ដា... អូនមិនដែលភ្លេចបងទេ! អូនមិនដែលភ្លេចសូម្បីតែមួយម៉ាត់...!»

មនោរា (ញញឹម)៖ «លោកពូ... ប្រាកដជាមិត្តភក្តិរបស់ម្តាយធម៍ខ្ញុំហើយត្រូវទេ?»

សន្យា (ស្ទុះទៅណែនាំខ្លួន)៖ «ជម្រាបសួរ... ខ្ញុំឈ្មោះ សន្យា! សុំណែនាំខ្លួនឯងចុះ ខ្ញុំជាកូនច្បង ហើយសព្វថ្ងៃកំពុងតែរៀនពេទ្យឆ្នាំទី ៣ ដែរ...»

មនោរា (ស្ទាបទ្រូង)៖ «អូ... ខ្ញុំដូចជាធ្វើទុក្ខជំងឺហឺតទៀតហើយ! តើអាចជួយនាំខ្ញុំទៅទិញថ្នាំបន្តិចបានទេ?»

សន្យា (ញញឹមយ៉ាងកក់ក្តៅ)៖ «ប្រាកដជាបាន...! តោះ ខ្ញុំនាំទៅ!»

វីរៈឈរសម្លឹងមើលកូនប្រុសរបស់គេ និងកូនស្រីរបស់ធីតាដើរទន្ទឹមគ្នាទាំងស្នាមញញឹម និងទឹកភ្នែកស្រក់ចុះមក៖

«មនោរា... ដូចជាអូនណាស់! ទាំងស្អាត ទាំងពូកែ និងទន់ភ្លន់...! បងនឹកអូនណាស់ដា... បងក៏ចង់បំភ្លេចរាល់ការចងចាំទាំងអស់នោះដែរ ប៉ុន្តែអ្វីៗគ្រប់យ៉ាង វាបានស្ថិតនៅក្នុងបេះដូងយ៉ាងជ្រៅ ដែលមិនអាចដកចេញបានឡើយ...!»

នៅឯប្រទេសអូស្ត្រាលី... ធីតាក៏កំពុងតែមើលបន្តោងខ្សែក ដែលមានរូបគេនិងនាងនៅពីក្មេង៖

«បងវីរៈ... បងបានឃើញមនោរាហើយឬនៅ? គេដូចជាអូនណាស់មែនទេ...? អូននឹកបង... ប៉ុន្តែសូមឱ្យវាជាការនឹកដ៏ស្ងប់ស្ងាត់ចុះ! ធីតាមិនដែលភ្លេចបងឡើយ... បងតែងតែស្ថិតនៅក្នុងបេះដូងយ៉ាងជ្រៅរបស់អូន ដែលមួយជីវិតនេះ គ្មានអ្នកណាមកជំនួស ឬដកចេញបានឡើយ...!»                                              

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។