ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខ
២០២៥កន្លងទៅដោយលំបាក
សង្រ្គាមព្រំដែនរវាងកម្ពុជា និងថៃ គឺជាសុបិនអាក្រក់មួយដែលគ្មាននរណាម្នាក់ចង់ឃើញ។ យើងគ្រប់គ្នាសុទ្ធតែរងផលប៉ះពាល់ ទាំងដោយផ្ទាល់ និងដោយប្រយោល—ចាប់ពីការបាត់បង់ជីវិត ការបាត់បង់ទ្រព្យសម្បត្តិ រហូតដល់វិបត្តិផ្លូវចិត្តដែលមិនអាចមើលឃើញបានដោយភ្នែក។ សម្លេងយន្តហោះលើមេឃ បង្កើតភាពភ័យខ្លាចនៅក្នុងចិត្តមនុស្សគ្រប់រូប។ រូបភាពព្រៃផ្សៃនៃសង្គ្រាម ត្រូវបានចែកចាយពាសពេញ ដាក់ទុកតែស្នាមរបួស និងការឈឺចាប់នៅក្នុងចិត្តមនុស្ស។
នេះជាមេរៀនដ៏ឈឺចាប់សម្រាប់ប្រទេសទន់ខ្សោយ។ ទោះបីពិភពលោកដឹងច្បាស់ថា អ្នកណាជាអ្នកឈ្លានពាន និងអ្នកណាជាជនរងគ្រោះ ក៏នៅតែគ្មានប្រទេសណាឈរជើងជួយយើងដោយពេញលេញ។ ច្បាប់សង្គ្រាម មិនអាចអនុវត្តបានយ៉ាងយុត្តិធម៌ នៅពេលដែលអំណាចក្លាយជាអ្នកកំណត់ថា អ្នកណាត្រូវ និងអ្នកណាខុស។
ទឹកដីដែលយើងអាចនៅបានពេលនេះជាពលី សាច់ស្រល់ ឈាមស្រល់ របស់ទាហានដ៏ក្លាយហាន ។ សូមគោរពដឹងគុណដ៏ធំធេងនេះ ដ៏វិរះកងទ័ពគ្រប់រូប។
២០២៦ មកដល់
ជីវិតក្នុងឆ្នាំ ២០២៦ ប្រាកដណាស់មិនមែនជាផ្លូវងាយស្រួលទេ ប៉ុន្តែយើងបានរៀនមេរៀនសំខាន់មួយគឺ យើងត្រូវតែរៀនក្លាយជាមនុស្សរឹងមាំជាងមុន រៀងរាល់ឆ្នាំ រៀងរាល់ថ្ងៃ។
សង្ឃឹមថាឆ្នាំថ្មី នឹងនាំមកនូវពន្លឺនៃសន្តិភាព ពន្លឺនៃយុត្តិធម៌ និងពន្លឺនៃសេចក្តីសង្ឃឹម សម្រាប់កម្ពុជា។ ជូតទឹកភ្នែក ហើយបន្តដំណើរទៅមុខ— ដោយកម្លាំងចិត្ត ដោយសេចក្តីសង្ឃឹម និងដោយជំនឿលើថ្ងៃស្អែក។
30 Dec 2025

0 Reviews