គ្រូស្នេហ៍-2 ( ភាគបន្ត)

📅 ចុះផ្សាយថ្ងៃ September 15, 2026 ·

 គ្រូស្នេហ៍


ក្រោយពីត្រឡប់មកពីរកគ្រូទាយវិញ ដាលីនហាក់ស្វាហាប់ជាងមុន។ នាងងើបទៅហាត់ប្រាណជារៀងរាល់ព្រឹក តែងខ្លួនស្អាតៗទៅធ្វើការ និងញញឹមញញែមដាក់អ្នកគ្រប់គ្នា។ គ្រប់ពេលដែលនាងនឹកដល់បញ្ញារិទ្ធ នាងក៏ទូរស័ព្ទទៅនីតា និងម្ដាយនាងនៅឯស្រុក។

៦០ ថ្ងៃកន្លងផុតទៅ... ថ្លែងពីបញ្ញារិទ្ធវិញ បាត់ដំណឹងពីដាលីនឈឹង! លែងមានទូរស័ព្ទរំខាន លែងមានសារដែលលោតមិនឈប់។ នាយលួចចូលមើលបណ្ដាញសង្គមរបស់នាង ឃើញថានាងស្រកគីឡូជាងមុន ស្រស់ស្រាយជាងមុន ខុសប្លែកដាច់តែម្ដង។

«តើនាងម៉ាប់នោះឈប់ស្រឡាញ់ខ្ញុំហើយ?»

ទោះមានដានីជាស្រីស្អាតនៅក្បែរ តែចិត្តរបស់បញ្ញារិទ្ធក៏មិនអាចលុបស្រីម៉ាប់ចេញទាំងស្រុងនោះដែរ។ ដាលីនទោះជាមានរូបរាងមិនសូវស្អាតដូចដានី តែនាងចិត្តល្អ និងពូកែណាស់។ គេតាមញ៉ែនាងម៉ាប់ម្នាក់នេះយ៉ាងលំបាក ព្រោះនាងជាសិស្សពូកែប្រចាំសាកលវិទ្យាល័យ។ ក្រេឌីតសិក្សាល្អៗរបស់គេ ក៏បានមកពីការជួយធ្វើកិច្ចការពីសង្សារចាស់ម្នាក់នោះដែរ។

ពីមួយថ្ងៃទៅមួយថ្ងៃ ការងាររបស់ដាលីនកាន់តែល្អឡើង ព្រោះស្នាមញញឹមជាមួយនឹងក្រែមបបូរមាត់ពណ៌ក្រហម ហាក់ទាក់ទាញមនុស្សគ្រប់គ្នាចង់មកនិយាយជាមួយនាង។

ថ្ងៃមួយ មានក្រុមហ៊ុនមួយមកទិញគ្រឿងអេឡិចត្រូនិចដាក់ក្នុងការិយាល័យថ្មី។ កំលោះសង្ហា វឌ្ឍនៈ ជាថៅកែវ័យប្រហែល ៣៥ ឆ្នាំ បានមកទិញទំនិញដោយផ្ទាល់។

-    ជម្រាបសួរបង! តើត្រូវការមើលផលិតផលមួយណាដែរ? ដាលីនស្វាគមន៍ភ្ញៀវ។

-    ចង់មើលម៉ាស៊ីនត្រជាក់! តើនាងអាចណែនាំមួយណាដែលល្អបានទេ?
-    Panas គឺគុណភាពល្អជាងគេ តែបើប្រៀបធៀបតម្លៃគឺ SAM ល្អជាង។ Panas ថ្លៃបន្តិចមែន តែឆាប់ត្រជាក់ ពិសេសគឺស៊ីភ្លើងតិច!
ស្នាមញញឹមចេញពីបបូរមាត់ក្រហមពេញដោយថាមពល ហាក់កំពុងទាក់ទាញថៅកែម្នាក់នេះឱ្យចង់សន្ទនាមិនឈប់។

-    តែខ្ញុំយកដល់ទៅ ១០ គ្រឿង ម៉េចនឹងមានលុយច្រើនយ៉ាងនេះទៅ?
-    ខាងយើងខ្ញុំមានសេវាកម្មបង់រំលស់ប្រចាំខែជូន!
-    វិធីសាស្ត្រល្អ!
-    ពួកយើងតែងតែចង់ឱ្យអតិថិជនបានប្រើប្រាស់ផលិតផលល្អ។
-    ចុះបើយកអាធូរថ្លៃជាងនោះ?
-    ចាស! យកមួយណាក៏បានដែរលោក។ ខ្ញុំគ្រាន់តែរៀបរាប់ថាមួយណាចំណេញភ្លើងជាងប៉ុណ្ណោះ ចំណែកការសម្រេចចិត្តគឺលើលោកទាំងស្រុង។
-    តែតម្លៃខុសគ្នាចិត្ដពាក់កណ្ដាល នាងនឹងខាតភាគរយលក់ហើយ!

នាងនៅតែញញឹមឆ្លើយតបចំពោះអតិថិជនដែលឌឺដងនាង៖
-    នេះជាលទ្ធភាពរបស់អ្នកទិញ!
-    ចឹងនាងគិតថាខ្ញុំគ្មានលុយ?

ដាលីនប្រញាប់ប្រកែកដើម្បីចៀសវាងការយល់ច្រឡំ៖
-    មិនមែនបែបនេះទេលោក! ប្រហែលនេះជាខ្ទង់ចំណាយរបស់ក្រុមហ៊ុន... អ្នកលក់រស់ព្រោះអ្នកទិញ! ខ្ញុំឯណាថ្លើមធំទៅមើលងាយអតិថិជននោះ!
-    ខ្ញុំយក Panas ១ សេះ ចំនួន ១០ គ្រឿង! តើខាងក្រុមហ៊ុនមានថែមអ្វីជាពិសេសដែរទេ?
-    ប្រាកដណាស់លោក! ក្រុមហ៊ុននឹងរៀបចំដំឡើងជូនដោយមិនគិតថ្លៃ!
-    អស់ហើយ? ចុះអត់ថែមបេះដូងអ្នកលក់ទេ?

សម្តីព្រាននារីនេះធ្វើឱ្យអ្នកលក់មុខឡើងក្រហមដូចពណ៌ក្រែមទៅហើយ៖
-    ខ្ញុំទៅគិតលុយជូនសិន!
 មិនតបត ដាលីនដើរទៅបាត់។

ក្រោយមក បន្ទាប់ពីបានមកទិញម៉ាស៊ីនត្រជាក់លើកទី១ លើកទី២គេមកទិញទូទឹកកក ហើយក៏មានអតិថិជនចម្លែកៗជាបងប្អូនរបស់អ្នកកំលោះ ត្រូវបានណែនាំឱ្យមកទិញជាបន្តបន្ទាប់។

មិនយូរប៉ុន្មាន វឌ្ឍនៈ បានផ្ញើសារសុំរាប់អាននាងជាមិត្តក្នុងបណ្ដាញសង្គម។ ការបញ្ចេញមតិ (Comment) ជារឿយៗ ធ្វើឱ្យសង្សារចាស់របស់នាងស្មានដឹងថាកំពុងមានមនុស្សប្រុសចាប់អារម្មណ៍លើនាង។

ចម្លែកណាស់... វត្តមានរបស់វឌ្ឍនៈ បែរជាធ្វើឱ្យបញ្ញារិទ្ធមិនស្រណុកចិត្ត និងរសាប់រសល់ទៅវិញ។ គេចាប់ផ្តើមសួរចិត្តខ្លួនឯងថា តើគេពិតជាស្រឡាញ់ដានីពិតប្រាកដមែនទេ? ឬគ្រាន់តែត្រូវសម្រស់របស់នាងទាក់ទាញ?

ថ្ងៃមួយ ដាលីនបានផុសរូបផ្កាកុលាបក្រហមមួយបាច់នៅលើបណ្ដាញហ្វេសប៊ុករបស់នាង។ បេះដូងរបស់បញ្ញារិទ្ធចាប់ផ្ដើមឈឺ និងយល់កាន់តែច្បាស់ថាខ្លួនមិនបានឈប់ស្រឡាញ់ដាលីនឡើយ។ នាយបានលើកទូរស័ព្ទផ្ញើសារទៅសួរសុខទុក្ខនាង៖

-    តើអូនសុខសប្បាយទេ?

សារទូរស័ព្ទដែលនាងរង់ចាំជាយូរ... ប៉ុន្តែពេលនេះចិត្តរបស់នាងលែងជ្រួលជ្របល់ទៀតហើយ។ នាងសម្រេចចិត្តមិនឆ្លើយតប។

ពិធីសម្ពោធក្រុមហ៊ុនមេធាវី

ថ្ងៃនេះជាថ្ងៃដែលក្រុមហ៊ុនមេធាវីរបស់វឌ្ឍនៈសម្ពោធជាផ្លូវការ។ គេបានអញ្ជើញមិត្តភក្តិ និងសាច់ញាតិមកចូលរួមអបអរសាទរ។
នារីក្នុងសម្លៀកបំពាក់ការិយាល័យស៊ីវិល័យពណ៌ស ក្នុងដៃមានបាច់ផ្កាកុលាបក្រហមមួយបាច់ បានចុះពីលើរថយន្ត ដើរឆ្លងថ្នល់សំដៅទៅកាន់ការិយាល័យមេធាវីរបស់វឌ្ឍនៈ។ វឌ្ឍនៈបានដើរចេញមកទទួលនាងទាំងអារម្មណ៍ស្រស់ស្រាយ៖

-    អបអរសាទរ! សូមឱ្យជំនួញថ្មីជោគជ័យ!
ដាលីនហុចបាច់ផ្កាជូនទៅកាន់វឌ្ឍនៈ។
-    អរគុណដាលីន ដែលបានមកចូលរួម!

អ្នកកំលោះបាននាំដាលីនទៅកាន់តុដើម្បីទទួលទានអាហារថ្ងៃត្រង់៖
-    បងស្រី! នេះគឺដាលីន!

ដាលីនលើកដៃសំពះបងស្រីរបស់វឌ្ឍនៈ គឺអ្នកស្រីជម្ពូ៖
-    ជម្រាបសួរអ្នកបង!
អ្នកស្រីជម្ពូសម្លឹងមួយសន្ទុះ រួចជម្រាបសួរវិញ៖
-    អង្គុយចុះមកប្អូន!
-    ខ្ញុំរវល់បន្តិច សូមបងជួយទទួលអ្នកនាងដាលីនផង!
-    មិនអីទេលោក! លោកទៅទទួលភ្ញៀវចុះ!

នាយញញឹម រួចញាក់ភ្នែកទៅកាន់បងស្រី។ អ្នកស្រីជម្ពូយល់ពីទឹកចិត្តប្អូនប្រុស ក៏ជួយទទួលនាងជាពិសេស។ ចាប់ម្ហូបដាក់ចាននាងបណ្ដើរ អ្នកស្រីជម្ពូនិយាយលេងបណ្ដើរ៖

-    តើដាលីនមានសង្សារហើយឬនៅ?

សំណួរនេះធ្វើឱ្យដាលីនមុខក្រហម និងឆ្ងល់ក្នុងចិត្តថា តើអ្នកស្រីជម្ពូសួរជំនួសប្អូនប្រុស ឬក្នុងនាមជាមនុស្សស្រីដែលចង់ដឹងរឿងមនុស្សស្រីដូចគ្នា?
-    នៅទេអ្នកបង!
-    ចុះប្អូនប្រុសខ្ញុំ នាងយល់យ៉ាងណាដែរ?

សំណួរនេះហាក់សួរត្រង់ៗ... នាងនៅស្ងៀម រួចញញឹមបន្តិច សម្លឹងមើលវឌ្ឍនៈដែលរវល់ជជែកជាមួយភ្ញៀវ៖
-    គាត់ល្អណាស់! គាត់បានណែនាំអតិថិជនជាច្រើនមកទិញនៅហាងខ្ញុំ!

អ្នកស្រីជម្ពូសើចនឹងចម្លើយរបស់នាង។

ក្នុងចិត្តរបស់ដាលីនយល់ថា វឌ្ឍនៈល្អណាស់... គឺគេល្អពេករហូតដល់នាងមានអារម្មណ៍ថាមិនស័ក្តិសមនឹងគេទៅវិញ។

ចាប់តាំងពីថ្ងៃនោះមក អ្នកកំលោះហាក់សាកល្បងឈានមួយជំហានទៀត ដើម្បីបង្ហាញក្ដីស្រឡាញ់ចំពោះនាងដោយចំហ។ គេផ្ញើអាហារថ្ងៃត្រង់ និងកាហ្វេទៅកាន់ហាងនាងស្ទើរជារៀងរាល់ថ្ងៃ រហូតដល់អ្នកណាៗក៏ដឹងថា មេធាវីរូបនេះតាមស្រឡាញ់នាងដែរ។

ជំងឺក្រពះរបស់បញ្ញារិទ្ធបានរើឡើង។ គេព្យាយាមទាក់ទងទៅដានីដើម្បីឱ្យនាងជួយទិញថ្នាំបន្ទាន់ ព្រោះរូបគេចុកពោះខ្លាំងណាស់៖
-    ដានី! ជួយទិញថ្នាំក្រពះឱ្យបងបានទេ? បងចុកពោះណាស់!
-    ពេលនេះអូនរវល់ណាស់ បងក៉ម្មង់តាមអនឡាញទៅ!

សំឡេងទូរស័ព្ទត្រូវបានបិទ ទាំងមិនសួរសុខទុក្ខបញ្ញារិទ្ធសូម្បីមួយម៉ាត់។ នាយបិទភ្នែក រួចស្រមៃដល់សង្សារចាស់ ព្រោះកាលពីមុន មិនថារវល់យ៉ាងណាក៏នាងសុខចិត្តចោលការងារមកមើលគេភ្លាមដែរ។ គេសម្រេចចិត្តទម្លាក់សារមួយទៅកាន់ដាលីន៖

-    ជួយទិញថ្នាំក្រពះឱ្យខ្ញុំផងបានទេ? ពេលនេះខ្ញុំចុកពោះខ្លាំងណាស់...

ប្រភេទ: គ្រូស្នេហ៍ ·

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។