5. កីឡាកររបស់ខ្ញុំ
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី៥. កីឡាកររបស់ខ្ញុំ
វិស្សមកាលបានកន្លងផុតទៅ... ជីវិតជានិស្សិតមហាវិទ្យាល័យក៏បានមកដល់។
ម្នាក់ៗមមាញឹកនឹងការសិក្សា រហូតពុំសូវមានពេលជួបជុំគ្នាញឹកញាប់ដូចកាលនៅរៀនវិទ្យាល័យឡើយ។ ពួកគេគ្រប់គ្នាកំពុងខិតខំព្យាយាមកសាងជីវិត និងអនាគតខ្លួនឯងឱ្យមានភាពចាស់ទុំជាងមុន...។
ថ្ងៃមួយ វីរៈបានជិះម៉ូតូមកលេងផ្ទះធីតា។
វីរៈ៖ «ធីតា! ថ្ងៃអាទិត្យនេះ បងមានការប្រកួតកីឡាបាល់ទាត់... តើដាទំនេរអត់?»
ធីតា (ធ្វើមុខគិតបន្តិច រួចធ្វើចិញ្ចើមចេះ)៖ «គិតមើលសិន...!»
វីរៈ (លូកដៃទៅចាប់ញីក្បាលនាងស្រាលៗ)៖ «មិនឱ្យគិតមើលទេ! កាលដាទៅសម្តែង ឱ្យតែបងទំនេរ គឺបងទៅឈរស្រែកគាំទ្ររហូត...»
ធីតា (សើចកកើក គេចក្បាលចេញ)៖ «អូហូ...! បងចង់សើររើបញ្ជីចាស់ផងហេ៎? និយាយលេងតើ! ចុះមានអ្នកដែលខ្ញុំស្គាល់ទៅដែរអត់?»
វីរៈ៖ «កុំភ័យ! បងហៅអស់ហើយ... សំណាង និងបងម៉ាប់ក៏ទៅដែរ។ ចំណែកអ្នកផ្សេងទៀតជាប់ប្រឡងបញ្ចប់។»
ធីតា៖ «អូខេ! ចាំខ្ញុំទៅជាមួយបងម៉ាប់ក៏បាន...»
វីរៈ (ដើរមកឈរពីមុខ រួចធ្វើកាយវិការ)៖ «អ៊ីចឹងកុំភ្លេចទៅរាំធ្វើជាអ្នកគាំទ្រ (Cheerleader) ស៊ូ... សារ៉ាហេ... ផងណា!»
វីរៈនិយាយបណ្តើរ ធ្វើកាយវិការបត់ចង្កេះលើកដៃបង់បោយបែបក្រមិចក្រមើមបណ្តើរ ធ្វើឱ្យធីតាសើចឡើងស្ទើរលេចនោម។
ធីតា៖ «បងឯងនេះ...! ចំមែនហើយ!»
រសៀលថ្ងៃអាទិត្យបានមកដល់...
នៅស្តាតអូឡាំពិកមានសភាពអ៊ូអរ និងកញ្រ្ជោលយ៉ាងខ្លាំង។ មនុស្សជាច្រើនបានមកស្រែកហោរកញ្ជ្រៀវគាំទ្រមិត្តភក្តិរបស់ពួកគេ ព្រមទាំងមានតូបលក់នំចំណី និងភេសជ្ជៈជួរតាមផ្លូវយ៉ាងច្រើនកកកុញ។
សំណាង (ជិះក្នុងឡាន ងាកមកសួរទាំងភ័យៗ)៖ «បងម៉ាប់! រៀនបើកឡានយូរហើយនៅ?»
បងម៉ាប់ (សើចញឹមៗ)៖ «ហេ... ហេ... ទើបបានមួយសប្តាហ៍ថ្ងៃនេះឯង!»
ធីតា (ទាញខ្សែក្រវ៉ាត់មកពាក់យ៉ាងលឿន)៖ «ហើយចុះបើកលឿនម្ល៉េះបង?!»
សំណាង៖ «បើដឹងអ៊ីចឹង សុខចិត្តជិះម៉ូតូឌុបវិញប្រសើរជាង...!!»
ពេលមកដល់ស្តាត សំឡេងស្រែកហៅពីចម្ងាយបានបន្លឺឡើង៖
វីរៈ៖ «ធីតា! នៅកន្លែងនេះ...!»
អ្នកទាំងបីឈប់ប្រកែកគ្នា រួចដើរសំដៅទៅរកវីរៈ។ វីរៈស្ថិតក្នុងសម្លៀកបំពាក់កីឡាបាល់ទាត់ អាវលេខ ៧ មើលទៅសង្ហារ និងមានអំណាចយ៉ាងខ្លាំង។
សំណាង (ដើរមើលមួយជុំ)៖ «អូហូ...! លូយមែនវីវ៉ើយ!»
វីរៈ (សើច)៖ «មក... ខ្ញុំណែនាំឱ្យស្គាល់មិត្តរួមថ្នាក់ខ្ញុំ! នេះនីតា តារា វុទ្ធី និងចិន្តា... ហើយនេះគឺធីតា បងម៉ាប់ និងសំណាង។»
ពេលណែនាំដល់ធីតា នីតាបានសម្លឹងមើលធីតាតាំងពីក្បាលដល់ចុងជើង ដោយខ្សែភ្នែកចម្លែកមួយ រួចងាកទៅញញឹមយ៉ាងផ្អែមល្ហែមដាក់វីរៈ។
វីរៈលើកនាឡិកាមើល៖
វីរៈ៖ «ជិតដល់ម៉ោងប្រកួតហើយ នៅយូរមិនបានទេ... ធីតា! នេះផ្លិត និងមួក... លាហើយទាំងអស់គ្នា!»
ធីតា៖ «ស៊ូៗណា!»
ពួកគេនាំគ្នារកកន្លែងអង្គុយនៅលើកន្លែងអង្គុយទស្សនា ដើម្បីរង់ចាំមើលការប្រកួត។
តារា (ងាកមកសួរ)៖ «អ្នកទាំងបីរៀនជាមួយគ្នាយូរហើយមែនទេ?»
បងម៉ាប់៖ «ខ្ញុំរៀនជាមួយគេតែ ៣ ឆ្នាំទេ... សំណាង ៥ ឆ្នាំ... ចំណែកធីតាវិញ ពួកគេស្គាល់គ្នាតាំងពីក្មេងមកម៉្លេះ!»
ចិន្តា៖ «បងរៈពូកែណាស់... ហើយថែមទាំងចិត្តល្អទៀត!»
សំណាង៖ «មនុស្សគេមធ្យមភាគ ៩.៥០ ទៅហើយ... ប្រាកដជាមានមនុស្សស្រីជាច្រើនតាមស្រឡាញ់ហើយ!»
នីតា (ទាញកែវភេសជ្ជៈមកក្រូក រួចសួរដោយខ្សែភ្នែកចង់ដឹង)៖ «នៅសាលា... មានមនុស្សស្រីសារភាពស្នេហ៍ជាមួយគាត់ច្រើនណាស់! ប៉ុន្តែគាត់តែងតែបដិសេធ ហើយមើលទៅគាត់ដូចជាមិនចាប់អារម្មណ៍នរណាសោះ... ធីតា! តើដឹងអត់ថាគាត់មានលួចស្រឡាញ់អ្នកណាទេ?»
ធីតាញញឹមស្រទន់ ប៉ុន្តែក្នុងទ្រូងស្រាប់តែមានអារម្មណ៍ប្រៀបដូចជាមានអ្វីមកខ្ទប់ដង្ហើម៖
ធីតា៖ «គាត់មិនដែលនិយាយរឿងចឹងៗប្រាប់ខ្ញុំទេ... ប្រហែលជាគាត់ចូលចិត្តរៀនច្រើនជាង!»
(តែក្នុងចិត្តនាងលួចគិត និងចង់ដឹងយ៉ាងខ្លាំង៖ “ការពិត... ខ្ញុំក៏ចង់ដឹងដូចគ្នាដែរ! តើបងរៈធ្លាប់មានមនុស្សស្រីក្នុងចិត្តដែរឬទេ...? ហើយតើនីតាម្នាក់នេះ គិតយ៉ាងណាចំពោះបងរៈ?”)
មិនយូរប៉ុន្មាន សំឡេងអ្នកអត្ថាធិប្បាយក៏បានបន្លឺឡើងតាមបាស៖
អ្នកអត្ថាធិប្បាយ (មករា)៖ «ជម្រាបសួរប្រិយមិត្ត! នេះជាការប្រកួតបាល់ទាត់មិត្តភាពដែលរៀបចំឡើងដោយសកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ!»
អ្នកអត្ថាធិប្បាយ (ចន្ថា)៖ «លោកមករា! ក្រុមដែលត្រូវប្រកួតបន្ត តើមានឈ្មោះអីដែរ?»
មករា៖ «គឺក្រុម “ខ្លារខិន” និងក្រុម “តោខាងត្បូង”!»
ចន្ថា៖ «យី! មានទាំងខ្លា មានទាំងតោ... តើខាងណាជាអ្នកឈ្នះ? មើលទៅកីឡាករមាឌមិនចាញ់គ្នាប៉ុន្មានទេ... នេះជាជុំផ្តាច់ព្រ័ត្រហើយ ចាប់ផ្តើមបាន!»
សំណាង៖ «ខាងណាក្រុមវីរៈ? សួរឱ្យហើយ ខ្លាចស្រែកហ៊ោខុសទិសដៅ! ហាហា...»
តារា៖ «គឺក្រុម តោខាងត្បូង! ឯក្រុមខ្លារខិនវិញ ធ្លាប់មានទំនាស់ជាមួយក្រុមបងរៈម្តងដែរពេលទាត់បាល់លេង... សង្ឃឹមថាពួកគេមិនយករឿងចាស់មកទុកក្នុងចិត្តទេ... ជាពិសេសគឺលេខ ១១ ពូកែទាត់គួរសម តែនៅចាញ់បងរៈ!»
បងម៉ាប់៖ «មើលទៅ អាលេខ ១១ ហឹងដូចជាគុំវីរៈរហូតចឹង...!»
មករា៖ «អីយ៉ា! ខ្សែប្រយុទ្ធលេខ ៧ វីរៈ... ស៊ុតហើយៗ! តែគួរឱ្យសោកស្តាយ លេខ ១១ ហេង ពិទូរ ទប់បាល់ទាន់... អ្នកទាំងពីរប្រកៀកស្មាគ្នាយ៉ាងស្កាត់!»
ចន្ថា៖ «ប្រយ័ត្នប្រយែង... ចំហើយៗ! តែគឺចំជើង មិនមែនចំបាល់ទេ! ហេង ពិទូរ ទាត់ចំកំភួនជើងវីរៈពេញទំហឹង! យ៉ាងម៉េចទៅហើយ...? អាជ្ញាកណ្តាលពិន័យកាតក្រហម! ដេញចេញពីការប្រកួត!»
មករា៖ «ដល់ម៉ោងល្មម! ចប់តង់ទី ១ សម្រាក ២០ នាទី...»
គ្រាន់តែឃើញវីរៈដួលភ្លាម មិត្តភក្តិទាំងអស់បាននាំគ្នាចុះទៅខាងក្រោមយ៉ាងលឿន។ ធីតាកាន់កាបូបតូចមួយដែលពោរពេញដោយប្រេងកូឡា និងថ្នាំបាញ់រត់ទៅរកវីរៈ ប៉ុន្តែស្រាប់តែ នីតា បានស្ទុះរត់ទៅដល់មុន រួចហុចដបទឹកស្អាត និងកន្សែងជូតមុខឱ្យវីរៈទាំងទឹកមុខបារម្ភលេចធ្លោ៖
នីតា (និយាយដោយសំឡេងទន់ភ្លន់ខ្លាំង)៖ «បងរៈ! ជើងយ៉ាងម៉េចទៅហើយ? ឈឺខ្លាំងទេ? ឱ្យខ្ញុំជួយជូតញើសឱ្យណា...!»
វីរៈ (គេចមុខចេញបន្តិច ដោយគួរសម)៖ «អូ... មិនអីទេ! អរគុណនីតា បងធ្វើខ្លួនឯងបាន...»
ធីតាឈរមើលសកម្មភាពនោះពីក្រោយ ដោយអារម្មណ៍អន់ចិត្តបន្តិច ប៉ុន្តែនាងដើរចូលទៅជិត រួចទាញដបថ្នាំបាញ់ និងប្រេងកូឡាចេញពីកាបូបហុចឱ្យគេ៖
ធីតា (ធ្វើមុខក្រញ៉ូវបន្តិច)៖ «ថ្នាំសរសៃ និងប្រេងកូឡានេះ... មនុស្សស្អី មិនចេះប្រយ័ត្នសោះ!»
វីរៈ (គ្រាន់តែឃើញធីតាភ្លាម ខ្សែភ្នែកដែលត្រជាក់ស្រេពមុននេះ ក៏ប្រែជាភ្លឺថ្លា និងពេញដោយស្នាមញញឹម)៖ «អូហូ...! មកដល់ហើយ! កុំធ្វើមុខយក្សមើល... ក្មេងល្ងង់!»
វីរៈលូកដៃទៅទាញចង្កាធីតាលេង រួចលូកដៃទៅ ញីសក់ក្បាលនាងចុះឡើងៗ រហូតរញ៉េរញ៉ៃអស់ ធ្វើឱ្យធីតាវាយដៃគេមួយផូង៖
ធីតា៖ «អូយ! បងរៈ! សក់គេរញ៉េរញ៉ៃអស់ហើយ!»
វីរៈ (សើចកកើក រួចបង្វិលខ្លួនមួយជុំឱ្យនាងមើល)៖ «មើលនែ៎... នៅរត់បានតើ! គ្មានបញ្ហាទេ!»
ធីតា (ញញឹមស្រស់)៖ «ឱ្យតែពូកែចឹង... ស៊ូៗ!!»
វីរៈទាញថ្នាំពីដៃធីតា យកមកជូត និងរឹតកំភួនជើងដែលកំពុងមានស្នាមជាំ ដោយមានធីតានៅឈរមើលថែជិតៗ។ នីតាដែលឈរនៅក្បែរនោះ សម្លឹងមើលកាយវិការជិតស្និទ្ធខុសពីរ៉ាឌីកាល់រវាងវីរៈ និងធីតា ដោយអារម្មណ៍ច្រែណែន និងមិនសុខចិត្តឡើយ។
ចិន្តា (លួចខ្សឹប)៖ «សំណាងហើយដែលធីតាមានយកថ្នាំមកតាម...»
សំណាង (សើច)៖ «ពួកគេចម្លែកចឹង! ធីតាមានទម្លាប់កាន់ថ្នាំតាមខ្លួនឱ្យវីរៈរហូតចឹង... ព្រោះអាម្សៀរៈចូលចិត្តលេងកីឡា អាសារដួល តិចថ្លោះ តិចគ្រិច... អ៊ីចឹងនាងមានថ្នាំតាមខ្លួន មិនមែនជារឿងចៃដន្យទេ!»
ចន្ថា៖ «ដល់ម៉ោងហើយ! ចូលតង់ទី ២...!»
ការប្រកួតតង់ទី ២ កាន់តែមានសភាពតានតឹងឡើងៗ។
មករា៖ «នៅសល់តែ ២០ នាទីចុងក្រោយប៉ុណ្ណោះ! តើក្រុមទាំងពីរស្មើគ្នារហូត ឬយ៉ាងណា? កីឡាករលេខ ៧ វីរៈ... ទទួលបាល់បានហើយ! គេរត់លឿនដូចខ្យល់... ស៊ុត... ចូល ឬមិនចូល...??»
ចន្ថា៖ «ចូលហើយ...!! គោលដៅដ៏អស្ចារ្យ!»
មិត្តភក្តិនៅលើកន្លែងទស្សនាស្រែកហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង! ឯមិត្តរួមក្រុមនៅលើទីលានបានរត់មកចាប់លើកវីរៈបោះឡើងលើអាកាសអបអរសាទរយ៉ាងសប្បាយរីករាយ។ ពេលចុះមកដីវិញ ខ្សែភ្នែកដំបូងបង្អស់ដែលវីរៈសម្លឹងមើលទៅ គឺចង្អុលតម្រង់មកកាន់ ធីតា រួចធ្វើដៃជារូបបេះដូងដាក់នាង ធ្វើឱ្យធីតាក្រហមថ្ពាល់ទាំងសងខាង!
ក្រោយពិធីប្រគល់រង្វាន់ចប់សព្វគ្រប់ ពួកគេបានចុះទៅជួបវីរៈម្តងទៀត។
នីតា (ស្ទុះមកឈរក្បែរវីរៈភ្លាម)៖ «បងរៈពូកែដល់ហើយ! យប់នេះក្រុមយើងជប់លៀង ខ្ញុំសុំអង្គុយក្បែរបងរៈណា!»
វីរៈ (ញញឹមគួរសម)៖ «បាទ អរគុណនីតា! អេ... ធីតា! ការពិតមកពីថ្នាំដាតើ ទើបជើងបងឆាប់ជា រត់បានលឿនចឹង!»
សំណាង៖ «ខ្ពើមណាស់អាម្សៀរៈ! តើអ្នកណាមិនដឹងថាឯងពូកែរត់ស្រាប់នោះ... តែយ៉ាងណាក៏អបអរសាទរដែរវ៉ើយ! ចំជាពួកម៉ាកខ្ញុំមែន!»
ឆាយា (មិត្តរួមក្រុម)៖ «វីរៈ! លោកគ្រូឱ្យហៅទៅជប់លៀងតោះ!»
វីរៈ៖ «បាទ រៀបទៅហើយ!»
តារា៖ «ល្ងាចណាស់ហើយ ពួកខ្ញុំទៅមុនហើយណា! ជប់លៀងឱ្យសប្បាយចុះ!» (តារា វុទ្ធី នីតា និងចិន្តាក៏លាត្រឡប់ទៅមុន ដោយនីតានៅតែលួចសម្លឹងមើលធីតាដោយខ្សែភ្នែកមិនពេញចិត្ត)
វីរៈ (ងាកមកមើលបងម៉ាប់)៖ «បងម៉ាប់...»
បងម៉ាប់ (សើច)៖ «ពឹងឱ្យជួយជូនធីតាទៅផ្ទះផង... មែនទេ?»
វីរៈ (សើចស្អក)៖ «ហាសហា! នេះបានចំជាបងប្រុសខ្ញុំ!»
ធីតា (ញញឹម)៖ «ជប់លៀងឱ្យសប្បាយណា បងរៈ!»
វីរៈ (ទាញដៃធីតាមកខ្សឹបជិតត្រចៀក)៖ «ទៅដល់ផ្ទះភ្លាម... ផ្ញើសារប្រាប់បងផងណា! កុំឱ្យបងបារម្ភ...»
ធីតា (អៀនប្រៀន ងក់ក្បាល)៖ «ចាស... ដឹងហើយ! ប្រញាប់ទៅប្តូរខោអាវទៅ!»
ពេលវីរៈដើរចេញទៅ បងម៉ាប់ក៏ងាកមកសួរ៖
បងម៉ាប់៖ «តើមានអ្នកណាចង់ជិះឡានជាមួយបង ឬចង់ជិះម៉ូតូឌុបទៅវិញ?»
សំណាង (សើចស្ងួត)៖ «និយាយលេងតើបងម៉ាប់! ទៅឡានបងវិញចុះ... ចាំខ្ញុំចេញថ្លៃសាំងឱ្យ! ហាហា...»
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments