4. ជីវិតគ្មានជម្រើស
នៅក្នុងបេះដូជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី៤៖ ជីវិតគ្មានជម្រើស
បន្ទាប់ពីអាហារល្ងាចបានបញ្ចប់ ពួកគេក៏បានលាគ្នាត្រឡប់ទៅផ្ទះរៀងៗខ្លួន...។
ធីតា៖ «បានហើយ... ឈប់ត្រឹមហ្នឹងហើយ! បងប្រញាប់ចូលផ្ទះទៅ ប្រហែលជាអ្នកមីងកំពុងរង់ចាំផ្លូវហើយ...»
វីរៈ៖ «បាទ... បន្តិចទៀតចាំចេញមករានហាលនិយាយគ្នាណា! ដា... កុំភ្លេច!»
ធីតា (ញញឹម រួចលើកដៃលា)៖ «ញ៉ាំថ្នាំ... ដឹងហើយ! បាយបាយ... បងវីរៈ!»
វីរៈបត់ម៉ូតូចូលទៅក្នុងរបងផ្ទះដ៏ធំទូលាយរបស់គេ...។ គ្រាន់តែជើងឈានចូលដល់ក្នុងផ្ទះភ្លាម បរិយាកាសស្ងប់ស្ងាត់ និងស្ទើរតែត្រជាក់ស្រេព បានស្វាគមន៍រូបគេ។ ក្រុមគ្រួសាររបស់គេកំពុងអង្គុយជុំគ្នានៅសាឡុងធំក្នុងផ្ទះភ្ញៀវ រង់ចាំគេយ៉ាងស្ងៀមស្ងាត់។
លោកយាយ (និយាយដោយសំឡេងស្រទន់)៖ «យ៉ាងម៉េចហើយចៅ? ទៅមើលលទ្ធផល ហើយក៏បាត់ឈឹង...»
វីរៈ (ដើរចូលទៅអោបលោកយាយ)៖ «ចៅយាយតើ... ម៉េចនឹងអាចធ្លាក់ទៅ!»
អ្នកស្រីភួង (ម្ដាយ)៖ «បាននិទ្ទេសអីដែរផ្នែកកូន?»
វីរៈ (ញញឹម)៖ «បាទម៉ាក់... បាននិទ្ទេស B!»
លោកវីរ៉ា (ឪពុក)៖ «ចុះធីតា?»
វីរៈ៖ «នាងបាននិទ្ទេស C ប៉ា...»
លោកយាយ៖ «ចុះចៅគិតចង់រៀនជំនាញអីដែរ?»
វីរៈ (ឆ្លើយដោយភាពជឿជាក់ និងមានស្នាមញញឹម)៖ «ខ្ញុំចង់រៀនខាងពេទ្យណាយាយ... ចង់ព្យាបាលអ្នកផ្ទះយើង និងជួយដល់សង្គម...»
គ្រាន់តែឮពាក្យថា “រៀនពេទ្យ” ភ្លាម ស្នាមញញឹមនៅលើមុខលោកវីរ៉ាក៏រលាយបាត់អស់។ គាត់ដាក់ពែងតែចុះលើតុលាន់សូរ ក្អែក ធ្វើឱ្យបរិយាកាសនៅក្នុងផ្ទះប្រែជាស្ងាត់ជ្រងំភ្លាមៗ។
លោកវីរ៉ា (សម្លឹងមើលមុខវីរៈដោយខ្សែភ្នែកធ្ងន់ធ្ងរ)៖ «រៀនពេទ្យ? វីរៈ... ឯងភ្លេចខ្លួន ឬក៏ឯងធ្វើជាភ្លេច? ឯងជា កូនប្រុសតែម្នាក់គត់ នៅក្នុងគ្រួសារយើង!»
វីរៈ (ទម្លាក់ដៃចុះ)៖ «ប៉ា... តែខ្ញុំចូលចិត្តខាងហ្នឹង...»
លោកវីរ៉ា (ឈរឡើង និយាយដោយសំឡេងធ្ងន់ និងមានអំណាច)៖ «ចូលចិត្ត? អាជីវកម្ម និងក្រុមហ៊ុនដែលតាយាយឯងបង្កើតមកដោយញើសឈាម រហូតមកដល់ជំនាន់ប៉ានេះ តើឱ្យប៉ាយកទៅឱ្យអ្នកណា? ប្អូនៗរបស់ប៉ាសុទ្ធតែជាស្រី ហើយពួកនាងមានគ្រួសាររៀងៗខ្លួនអស់ហើយ! ទ្រព្យសម្បត្តិ និងកិត្តិយសអម្បាលម៉ានរបស់គ្រួសារយើងទាំងមូល គឺនៅលើស្មារបស់ឯងតែម្នាក់គត់! ឯងគ្មានសិទ្ធិជ្រើសរើសធ្វើអ្វីតាមតែចិត្តចង់នោះទេ!»
អ្នកស្រីភួង (ស្ទុះទៅកាន់ដៃប្ដី រួចងាកមកនិយាយស្ងប់ស្ងាត់ទៅកាន់កូន)៖ «វីរៈ... ស្តាប់ប៉ាគេទៅកូន។ មនុស្សយើងកើតមកក្នុងគ្រួសារធំ មានទ្រព្យធន គឺត្រូវមានការទទួលខុសត្រូវធំដូចគ្នា។ ម៉ាក់ដឹងថាកូនចង់ធ្វើពេទ្យ... តែក្រុមហ៊ុនយើងត្រូវការកូនទៅគ្រប់គ្រង។»
វីរៈឈរស្ងៀម ហាក់ដូចជាមានថ្មដាដ៏ធំមួយមកសង្កត់លើទ្រូង។ គេមើលទៅមុខប៉ា ម៉ាក់ និងលោកយាយ ដែលកំពុងសម្លឹងមកគេដោយរំពឹងទុកយ៉ាងមុតមាំ...។
វីរៈ (សម្រួលដង្ហើម ដកដង្ហើមធំទាំងលំបាក)៖ «បាទ...! ខ្ញុំដឹងពីកាតព្វកិច្ចរបស់ខ្ញុំហើយ...។ ថ្ងៃនេះកូនហត់ណាស់ សុំទោសប៉ាម៉ាក់ ខ្ញុំសុំទៅសម្រាកហើយ...»
វីរៈឱនក្បាល រួចដើរឡើងទៅជាន់លើទាំងល្វើយ និងស្ងាត់ស្ងៀម...។
លោកយាយ (សម្លឹងមើលតាមពីក្រោយទាំងទឹកភ្នែករលីងរឡោង)៖ «អាណិតគេណាស់... នេះជាក្តីស្រម៉ៃតាំងតែពីក្មេងរបស់គេ!...»
លោកវីរ៉ា (ដកដង្ហើមធំ ងាកមកនិយាយ)៖ «អ្នកម៉ាក់... នេះជាការពិតដែលគេត្រូវតែទទួលយក! ខ្ញុំមិនដែលហាមឃាត់សេរីភាពគេទេ... គេចង់ជិះម៉ូតូ គេចង់ទៅណាមកណាជាមួយធីតា ខ្ញុំមិនដែលថាមួយម៉ាត់... ប៉ុន្តែរឿងវាសនានិងអនាគតរបស់គ្រួសារយើង គឺគេគ្មានជម្រើសផ្សេងឡើយ!»
នៅជាន់លើ... ក្នុងបន្ទប់ដ៏ងងឹតស្លុប។ វីរៈដើរសំដៅទៅរានហាល បើកទ្វារកញ្ចក់ រួចទាញកូនបាល់តូចមួយចេញពីហោប៉ៅ គប់តម្រង់ទៅទ្វាររានហាលផ្ទះធីតា ប៉ុក... ប៉ុក... តាមទម្លាប់ចាស់ដែលធ្លាប់ធ្វើតាំងពីក្មេង។
បន្តិចក្រោយមក ទ្វាររានហាលផ្ទះធីតាក៏បើកឡើង។ ពន្លឺភ្លើងស្រទន់ពីបន្ទប់របស់នាងបានចែងចាំងមកលើផ្ទៃមុខរបស់វីរៈ។ ធីតាដើរចេញមកទាំងស្នាមញញឹម តែពេលឃើញទឹកមុខស្ងួត និងខ្សែភ្នែកអស់សង្ឃឹមរបស់វីរៈ នាងក៏បាត់ស្នាមញញឹមភ្លាម។
ធីតា (បោះជំហានមកជិតបង្កាន់ដៃរានហាល សួរដោយសំឡេងទន់ភ្លន់)៖ «មានរឿងអីមែនទេបង...??»
វីរៈ (ផ្អែកខ្នងនឹងបង្កាន់ដៃ ងើយមើលមេឃ សើចស្ងួត)៖ «បងដូចជា... ទើបតែភ្ញាក់ពីសុបិនដ៏ស្រស់ស្អាតមួយចឹងដា...! បងភ្លេចគិតពីរឿងទាំងអស់នោះ... ប៉ាចង់ឱ្យបងរៀនគ្រប់គ្រងអាជីវកម្ម ហើយទៅធ្វើការនៅក្រុមហ៊ុន... ក្តីស្រមៃចង់ធ្វើពេទ្យរបស់បង ត្រូវចប់ត្រឹមហ្នឹងហើយ។»
ធីតាសម្លឹងមើលវីរៈដោយក្តីអាណិត និងយល់ពីសម្ពាធដ៏ធ្ងន់ធ្ងរដែលគេកំពុងលីកែកទល់នឹងគ្រួសារ។ នាងទប់អារម្មណ៍ រួចធ្វើមុខក្រមិចក្រមើមដើម្បីកាត់បន្ថយភាពតានតឹង៖
ធីតា (ពេបមាត់ ធ្វើមុខកំប្លែង)៖ «អូហូ...! ធ្វើមុខក្រញ៉ូវចឹង មិនសង្ហារទាល់តែសោះ! មើលចុះ មុខដូចកូនឆ្កែត្រូវគេទម្លាក់ទឹកចឹង!»
វីរៈ (ងាកមកសម្លឹងធីតា ញញឹមបន្តិច)៖ «ដា... បងនិយាយមែនតើ!»
ធីតា (ញញឹមស្រទន់ ខ្សែភ្នែកពោរពេញដោយការលើកទឹកចិត្ត)៖ «ខ្ញុំក៏និយាយមែនដែរ! លោកពូគាត់ពិបាកចិត្តណាស់ណា ព្រោះបងជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ... គាត់ត្រូវពឹងលើបង។ ម្យ៉ាងទៀត... ទោះបីជាបងមិនបានធ្វើជាគ្រូពេទ្យសម្រាប់មនុស្សទូទាំងពិភពលោក... ក៏បងនៅតែជា “លោកគ្រូពេទ្យផ្ទាល់ខ្លួន” របស់ខ្ញុំដដែលតើ! មែនទេ?»
ពាក្យសម្តីយ៉ាងផ្អែមល្ហែម និងស្នាមញញឹមដ៏បរិសុទ្ធរបស់ធីតា បានធ្វើឱ្យបេះដូងដែលកំពុងប្រេះឆារបស់វីរៈ ត្រឡប់មកមានកម្លាំងឡើងវិញ។ គេសម្លឹងមើលមុខនាងមិនព្រិចភ្នែក ខ្សែភ្នែករបស់គេពោរពេញដោយក្តីលួចស្រឡាញ់ និងក្តីអាឡោះអាឡ័យយ៉ាងជ្រាលជ្រៅ។
វីរៈ (សម្លឹងចំភ្នែកធីតា និយាយដោយសំឡេងទន់ភ្លន់)៖ «ពេទ្យផ្ទាល់ខ្លួនរបស់ដាម្នាក់គត់...? ហ៊ឹម... ប្រហែលជាត្រូវតែចឹងហើយ! ឈប់និយាយពីរឿងពិបាកចិត្តនេះទៅ... តើដាដឹងទេ ហេតុអីយប់នេះដូចជាងងឹតម៉្លេះ?»
ធីតា (ងើយមើលទៅលើមេឃ)៖ «ព្រោះលោកខែមានតែមួយចំណិត...!»
វីរៈ (សើចតិចៗ គ្រវីក្បាល)៖ «ក្មេងល្ងង់! មកពីផ្ទះដាភ្លេចបើកភ្លើងរបងសោះហ្នឹង! ចាំមើល... បន្តិចទៀតអ្នកមីងនឹងស្រែកហៅដាឱ្យទៅបើកមិនខាន...»
មិនទាន់ទាំងនិយាយផុតពីមាត់ផង សំឡេងអ្នកស្រីម្លះស្រែកឡើងពីជាន់ក្រោម៖
អ្នកស្រីម្លះ៖ «ធីតា! កូនភ្លេចបើកភ្លើងរបងទៀតហើយ...!»
វីរៈ (សើចកកើក អាការៈតានតឹងមុននេះរលាយបាត់អស់)៖ «ហាស ហា...! មើលចុះ! បងទាយខុសឯណា!»
ធីតា (ធ្វើមុខក្រញ៉ូវគ្រវីដៃ)៖ «បងឯងនេះ...! ចំមែនហើយ! ឈប់និយាយជាមួយហើយ ខ្ញុំទៅខាងក្រោមវិញហើយ... នែ! មុននឹងទៅ ញញឹមបែប cute មួយមើល!»
វីរៈលើកដៃទាំងពីរ យកម្រាមដៃទាញកែមាត់ខ្លួនឯងឡើងលើ ធ្វើមុខញញឹមបែបក្រមិចក្រមើមដាក់នាង...។
ធីតា (សើចកកើក)៖ «បងរៈលប់...! សមមុខណាស់!»
ថាហើយ នាងក៏រត់ចូលក្នុងបន្ទប់បាត់ ទុកឱ្យវីរៈឈរនៅលើរានហាលតែម្នាក់ឯង។
ខ្យល់ត្រជាក់រាត្រីបានបក់មកប៉ះផ្ទៃមុខ... វីរៈងើយមើលទៅព្រះច័ន្ទរៀបរលត់នៅលើមេឃ។ ស្នាមញញឹមនៅលើរង្វង់មុខរបស់គេសឹមៗប្រែជាស្រពោន ជំនួសមកវិញនូវខ្សែភ្នែកពោរពេញដោយការបារម្ភ និងសំណួរដែលលាក់ទុកក្នុងចិត្ត៖
“តើដាចាត់ទុកបងត្រឹមជាបងប្រុសម្នាក់ ឬជាអ្វីឱ្យប្រាកដ...? ថ្ងៃក្រោយពេលត្រូវរៀនខុសសាលា... មិនបាននៅក្បែរមើលថែដាដូចរាល់ថ្ងៃ... តើនឹងមានអ្នកផ្សេងមកនៅក្បែរដាទេ...?”
គេដកដង្ហើមធំវែងមួយ រួចលួចសម្លឹងមើលទៅបង្អួចបន្ទប់របស់ធីតាជាលើកចុងក្រោយ ដោយក្តីស្រឡាញ់ និងការបារម្ភដែលមិនអាចទម្លាយចេញមកបាន...។
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments