3. អាហារល្ងាចចុងក្រោយនៅថ្នាក់វិទ្យាល័យ

📅 ចុះផ្សាយថ្ងៃ July 09, 2011 ·

នៅក្នុងបេះដូចជ្រាលជ្រៅរបស់ខ្ញុំ

ភាគទី៣៖ អាហារល្ងាចចុងក្រោយនៅថ្នាក់វិទ្យាល័យ



ចេញពីមើលលទ្ធផល ក្រុមមិត្តរបស់វីរៈ បបួលគ្នាទៅញុំាអារហារលា្ងចជុំគ្នាដើម្បីជាអបអរសារទរនៃការខិតខំប្រឹងប្រែងរបស់ពួកគេ។ 

បងម៉ាប់ (ងាកមកសួរទាំងញញឹម)៖ «តើយើងនឹងគិតទៅញ៉ាំអី? នៅឯណាដែរ?»
សត្យា៖ «ញ៉ាំស៊ុបយ៉ាងម៉េចដែរ?»
វីរៈ៖ «មានអី! កន្លែងចាស់របស់យើងហ្នឹងតើ...»

ពួកគេក៏រៀបចំចេញដំណើរទៅ...។ តាមផ្លូវ ធីតានិងវីរៈជិះម៉ូតូជាមួយគ្នាតែពីរនាក់ រួចក៏ផ្ដើមជជែកគ្នា៖

ធីតា៖ «បង! គួរតែបង្រៀនខ្ញុំឱ្យចេះបើកម៉ូតូហើយ...!»
វីរៈ (សើចតិចៗ)៖ «ហេតុអី? ដឹងទេថាបងខ្លាច...»
ធីតា (ធ្វើមុខឆ្ងល់)៖ «ខ្លាចអី?»
វីរៈ៖ «ខ្លាចអូនជិះបុកគេ! បែបនេះមិនល្អទេឬ? មានអ្នកបើកបរស្រាប់...»
ធីតា៖ «យើងរៀបនឹងបែកគ្នាទៅរៀនមហាវិទ្យាល័យហើយ ខ្ញុំមិនចង់ឱ្យបងលំបាកឌុបទៀតទេ...»
វីរៈ (ដកដង្ហើមធំធ្វើមុខក្រញ៉ូវ)៖ «លំបាក? ដឹក ៧-៨ ឆ្នាំទៅហើយ... សុខៗក៏គ្មានអ្នកជិះជាមួយ បងដូចមិនទម្លាប់សោះ! -_-
ធីតា (គិតក្នុងចិត្ត)៖ “តើបងគ្មានហេតុផលណាដែលល្អជាងហ្នឹងទេឬ...?”
ធីតា (និយាយទាំងពេបមាត់)៖ «ចឹងបានជាបងអត់សង្សារនឹងគេ! តែដល់ពេលចូលរៀន យើងប្រាកដជាមានម៉ោងរៀនខុសគ្នាមិនខាន...»
វីរៈ៖ «គិតច្រើនម៉្លេះ! បើបងទំនេរ ចាំបងទៅយក... បើអត់ទេ ធីតាជិះម៉ូតូឌុបទៅ! បើឱ្យជិះម៉ូតូខ្លួនឯង បងជឿថាអ្នកមីងក៏មិនទុកចិត្តដែរ បើឆាប់ភ័យយ៉ាងហ្នឹង...»
ធីតា (ក្រវីក្បាល)៖ «ចឹង... ចាំដល់ពេលចាំគិតចុះ! ចុះពួកគេជិះយឺតម្ល៉េះ?»
ធីតាជិះអោបចង្កះផ្អែកក្បាលទៅខ្នងរបស់វីរៈដូចសព្វដងយ៉ាងកក់ក្តៅ។ គ្មានខ្នងអ្នករឹងមួយស្មើនឹងខ្នងមួយនេះឡើយ។ 

មកដល់ហាងស៊ុប អ្នកទាំងអស់គ្នាក៏អង្គុយជុំវិញតុ ហូបបណ្ដើរ ជជែកគ្នាលេងបណ្ដើរយ៉ាងសប្បាយរីករាយ។

បងម៉ាប់ (សម្លឹងមើលសំណាងកំពុងហូបយ៉ាងសស្រាក់សស្រាំ)៖ «អាណាង! ឯងនេះមាឌដូចឈើចាក់ធ្មេញសោះ ហូបច្រើនជាងបងទៀត!»
សំណាង (ទំពារបណ្ដើរនិយាយបណ្ដើរ)៖ «ស្លាប់ហើយ! មកពីមាឌតូចហ្នឹងហើយបានជាខំហូប! ចុះបងវិញ... មិនគិតបន្ថយខ្លះទេ?»
បងម៉ាប់៖ «ប្រាកដហើយ... តែមិនមែនពេលនេះទេ! ហាស ហា! អើ ថាចាស់... តើអ្នកទាំងអស់គ្នាសម្រេចចិត្តជ្រើសរើសជំនាញរៀនហើយឬនៅ?»
ពិសី៖ «ខ្ញុំចង់រៀនខាងច្បាប់ ព្រោះខ្ញុំរៀនពូកែអក្សរសាស្ត្រខ្មែរគួរសម...»
សំណាង (ធ្វើមុខជឿជាក់)៖ «ខ្ញុំចង់រៀនខាងទីផ្សារ (Marketing)!»
សត្យា៖ «ខ្ញុំចង់រៀនខាងវិស្វកម្ម នៅសាលាតិចណូ (ITC) សង្ឃឹមថាប្រឡងជាប់ចុះ...»
បងម៉ាប់៖ «សត្យាប្រាកដជាជាប់! តែបើសំណាង... បងមិនហ៊ានធានាទេ! ហាហា»
សំណាង៖ «យី! បងម៉ាប់នេះ...!» (ដើរធ្វើមុខសម្លក់បងម៉ាប់ទាំងខ្នាញ់)
វីរៈ៖ «ចំណែកខ្ញុំ...»
បងម៉ាប់ និងសំណាង (ស្រែកឡើងព្រមគ្នា)៖ «ចង់រៀនខាងវេជ្ជសាស្ត្រ!»
វីរៈ (បើកភ្នែកធំៗ)៖ «ហេតុអីអ្នកទាំងអស់គ្នាដឹង?»
សត្យា៖ «អ្នកណា... អ្នកណាក៏គេដឹងពីរឿងហ្នឹងដែរ!»

អ្នកទាំងអស់គ្នាក៏ផ្ទុះសំណើចឡើងព្រមៗគ្នា ធ្វើឱ្យវីរៈធ្វើមុខឆ្ងល់មិនយល់ការណ៍...។

ចំនែកធីតាកំពុងលូកដៃទៅទាញចានម្ទេសដើម្បីថែមគ្រឿង ប៉ុន្តែវីរៈស្ទុះទៅទាញដៃនាងទប់ជាប់ភ្លាម៖

វីរៈ (ធ្វើមុខម៉ឺងម៉ាត់)៖ «នែ! លោកគ្រូពេទ្យមិនឱ្យញ៉ាំម្ទេសទេ...!»
សត្យា (សើចកកើក)៖ «នែ៎! នេះជាហេតុផលដែលពួកយើងដឹងហ្នឹងណា... លោកដុកទ័រវីរៈ! ហាហា»

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។