14.ក្តីសុខបណ្តោះអាសន្ន
នៅក្នុងបេះដូងជ្រាលជ្រៅរបស់
ខ្ញុំភាគទី១៤៖ ក្តីសុខ
ពួកគេបានបន្តដំណើរទៅដល់ផ្ទះចាស់របស់ធីតា ដែលមានទីតាំងយ៉ាងល្អ ដោយគ្រាន់តែដើរឆ្លងផ្លូវពីរបីខ្សែ ប៉ុណ្ណោះ គឺអាចទៅដល់ឆ្នេរខ្សាច់បានភ្លាមៗ។ វាជា វីឡាតឿពណ៌ស មានរចនាបថបែបបារាំង ប៉ុន្តែនៅជុំវិញផ្ទះមានដើមឈើ និងស្មៅដុះរុំព័ទ្ធពេញទីធ្លា ព្រោះជាផ្ទះដែលចោលទំនេរ គ្មានមនុស្សនៅមើលថែរក្សាយូរមកហើយ។
វីរៈ (សម្លឹងមើលផ្ទះទាំងញញឹម)៖ «ផ្ទះនេះ... ទោះជាចាស់បន្តិច តែស្អាតណាស់!»
ធីតា៖ «ប្រាកដហើយ! តែគ្មានបណ្តាញទឹក និងអគ្គិសនីប្រើប្រាស់ភ្លាមៗទេ... យើងអាចប្រើទឹកអណ្តូងនៅក្រោយផ្ទះបាន។ អូនគិតថា យើងគួរតែទៅផ្សារទិញអីវ៉ាន់មកប្រើប្រាស់សិនទើបបាន។»
វីរៈ៖ «បងក៏គិតចឹងដែរ! ចាំស្អែកបងទៅហៅគេមកតភ្លើង... ងងឹតមួយយប់សិនចុះណា៎។ តោះ! ដាក់វ៉ាលីចុះ យើងទៅផ្សារទាំងអស់គ្នា។»
បន្ទាប់ពីព្រមព្រៀងគ្នារួច ពួកគេបាននាំគ្នាទៅ ផ្សារលើ ដែលជាផ្សារធំជាងគេនៅទីរួមខេត្ត ដើម្បីទិញធុងទឹក កន្ទេល ខ្នើយ ភួយ ចាន និងឆ្នាំង...។ ពេលត្រឡប់មកដល់ផ្ទះវិញ ពួកគេក៏ចាប់ដៃគ្នាសម្អាតផ្ទះយ៉ាងសកម្ម ដោយវីរៈទទួលបន្ទុកទៅដងទឹកអណ្តូងមកចាក់ពេញពាងក្នុងផ្ទះ ឯធីតាវិញខិតខំបោសសម្អាតគ្រប់ច្រកល្ហក។
ស្រាប់តែដៃដ៏កក់ក្តៅមួយបានទាញកន្សែងមកជូតញើសលើថ្ងាសនាងយ៉ាងស្រទន់ ពេលនាងកំពុងឱនជូតឥដ្ឋ...
វីរៈ (ពោលដោយស្នាមញញឹម)៖ «អូនហត់ហើយ... សម្រាកសិនទៅ អ្នកស្រីហូរ!»
ធីតា (សម្លឹងមើលមុខគេ រួចសើច)៖ «អ្នកណាព្រមធ្វើជាអ្នកស្រីហូរ?»
វីរៈ (ទឹកមុខពោរពេញដោយសុភមង្គល)៖ «បងមានអារម្មណ៍ថា ពួកយើងទើបតែរៀបការហើយ រើរមកនៅផ្ទះថ្មីចឹង!»
កំលោះសង្ហារទាញក្រណាត់ជូតផ្ទះចេញពីដៃនាងក្រមុំ រួចពោលបន្ត៖
វីរៈ៖ «ទុកទីនេះឱ្យបងជូតបន្តចុះ... អូនទៅរៀបចំបាយទឹកទៅ ប្រពន្ធសំឡាញ់!»
ធីតាហាក់អៀនឡើងមុខក្រហមព្រឿងៗ ពេលឮពាក្យវីរៈពោលហៅនាងថា “ប្រពន្ធសំឡាញ់”។ នាងមិនបានបដិសេធឡើយ ព្រោះនៅក្នុងចិត្តរបស់នាង និងវីរៈ បានដៅរួមគ្នារួចស្រេចទៅហើយថានឹងធ្វើជាគូស្វាមីភរិយានឹងគ្នា។
បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ពួកគេបានបន្តសម្អាត និងរៀបចំខោអាវចូលក្នុងបន្ទប់រៀងៗខ្លួន។ វីរៈពត់ខ្លួនបន្ធូរភាពល្វើយ រួចពោល៖
វីរៈ៖ «ទីបំផុត... ចប់សព្វគ្រប់ហើយ! ល្ងាចនេះ យើងទៅញ៉ាំបាយនៅខាងក្រៅល្អទេអូន?»
ធីតា៖ «ចំណាយច្រើនពេកទេដឹងបង?»
វីរៈលូកដៃទៅវាយក្បាលនាងស្រាលៗ ដោយក្តីខ្នាញ់៖
វីរៈ៖ «ពីមុន មិនដឹងថាអូនជាមនុស្សកំណាញ់បែបនេះសោះ! កុំបារម្ភអី... លុយដែលបងយកមកនេះ ទោះបីបងមិនធ្វើការមួយខែក៏មិនអត់ស្លាប់ដែរ!»
ធីតា (ញញឹម)៖ «ចឹងស្រេចតែលើបងចុះ... យើងទៅញ៉ាំបាយនៅមាត់សមុទ្រទៅ!»
វីរៈ៖ «គំនិតល្អ...!»
រសៀលបន្តិច ពួកគេបាននាំគ្នាទៅដើរកម្សាន្តតាមមាត់ឆ្នេរ និងលេងដីខ្សាច់យ៉ាងសប្បាយរីករាយ រហូតដល់វេលាព្រលប់...
ឆ្នេរសមុទ្រសក្បុសលាតសន្ធឹងដាច់កន្ទុយភ្នែក ផ្ទៃមេឃបញ្ចេញពន្លឺពណ៌ទឹកមាសនៃព្រះអាទិត្យដែលរៀបនឹងរលត់បាត់ទៅក្នុងផ្ទៃទឹក អមដោយសំឡេងរលកបោកបកទៅមក ប្រៀបដូចជាសម្លេងតន្ត្រីធម្មជាតិកំពុងបំពេរគូស្នេហ៍មួយគូនេះ។ វីរៈ និង ធីតា បានអង្គុយនៅមាត់ឆ្នេរ ពួកគេបិទភ្នែកស្រូបយកខ្យល់អាកាស និងកម្ដៅភាយៗនាពេលរសៀល។
ធីតាផ្អែកក្បាលលើស្មារបស់វីរៈ រួចពោលដោយសំឡេងស្រាល៖
ធីតា៖ «អូនភ័យណាស់... ខ្លាចថាសុភមង្គលពេលនេះ គ្រាន់តែជាសុបិនសម្រាប់ពួកយើង...»
វីរៈ៖ «បងមិនហ៊ានគិតទេ... បើក្រោមមេឃនេះគ្មានអូនជាគូ តើបងនឹងទៅជាយ៉ាងណា?»
ធីតា៖ «បើគ្មានអូន... បងក៏ត្រូវតែរស់នៅធម្មតាដូចពីមុន ជា ហូរ វីរៈ ដែលពោរពេញដោយថាមពល!»
វីរៈ៖ «ចុះបើគ្មានបង?»
ធីតា៖ «អូនក៏នឹងព្យាយាមធ្វើជាខ្លួនឯងឱ្យល្អបំផុត...»
វីរៈទាញដៃសង្សារមកកាន់យ៉ាងណែន រួចពោលយ៉ាងម៉ឺងម៉ាត់៖
វីរៈ៖ «គ្មានរឿងបែបនោះកើតឡើងទេ! បងមិនចង់សូម្បីតែគិត...»
និយាយរួច ពួកគេក៏ក្រោកឈរឡើង ហើយដើរចុះទៅលេងទឹកសមុទ្រជាមួយគ្នាយ៉ាងរីករាយ។
លុះយប់បន្តិច គូស្នេហ៍មួយគូនេះបានដើរត្រឡប់មកផ្ទះវិញ។ នៅក្នុងផ្ទះមានសភាពងងឹតស្លុប វីរៈបានអុជទៀនជាច្រើនដើមបំភ្លឺពេញផ្ទះ ព្រោះគេដឹងច្បាស់ថាធីតាជាមនុស្សខ្លាចងងឹត។
ឯធីតាក៏បានឡើងទៅងូតទឹកជម្រះកាយ។ មួយសន្ទុះក្រោយមក វីរៈបានទៅគោះទ្វារបន្ទប់នាង៖
វីរៈ៖ «ហើយឬនៅអូន?»
ធីតា៖ «ហើយៗ...!»
ពេលនាងបើកទ្វារដើរចេញមក វីរៈបានស្ទុះទៅយកដៃបិទភ្នែកនាងភ្លាម។
ធីតា៖ «បងលេងអីទៀតហើយហ្នឹង?»
គេសឹមៗលាដៃចេញ... រូបភាពនៅចំពោះមុខនាង គឺទៀនជាច្រើនដើមដែលត្រូវបានរៀបចំជារូបបេះដូង រួចគេបានដឹកដៃនាងឱ្យទៅឈរចំកណ្តាល។ វីរៈទាញប្រអប់តូចមួយចេញពីហោប៉ៅ... នៅក្នុងនោះ គឺជា ចិញ្ចៀនកងប្លាទីនធម្មតាមួយ ដែលមានចារឹកអក្សរ «4ever»។
ធីតានៅស្ងៀមត្រឹង ផ្ទៃមុខរបស់នាងប្រែជាក្រហមព្រឿងៗ។ វីរៈទាញដៃនាងមកបំពាក់ចិញ្ចៀនឱ្យយ៉ាងស្រទន់ រួចពោល៖
វីរៈ៖ «សុំទោសណាអូន... វាត្រឹមតែជាចិញ្ចៀនធម្មតាមួយប៉ុណ្ណោះ តែបងសន្យាថា ថ្ងៃមុខបងនឹងទិញអាល្អជាងនេះជូនអូន! ឥឡូវនេះ សុំអាមួយនេះភ្ជាប់ពាក្យសិន... ចាំថ្ងៃក្រោយ បងនឹងសុំភ្ជាប់ជីវិតជាមួយអូនមិនខាន!» (គេសើចដោយក្តីរំភើប)
ធីតា (ញញឹម)៖ «ចិញ្ចៀនអ្វីក៏បាន... សំខាន់គឺមនុស្សម្នាក់នេះជាអ្នកប្រគល់ឱ្យអូន!»
នាងស្ទុះទៅឱបវីរៈយ៉ាងណែនដោយក្តីរំភើប។
វីរៈ (ខ្សឹបលួងលោម)៖ «សុំទោសដែលនាំអូនមកលំបាក... សុំទោសដែលធ្វើឱ្យអូនត្រូវខូចកិត្តិយស... និងសុំទោស ព្រោះតែបងស្រឡាញ់អូន...»
ធីតាគ្រវីក្បាលបដិសេធ៖
ធីតា៖ «គឺអូនជាអ្នកចង់មកតាមបងតើ...»
នាងញញឹមស្រទន់ រួចលាដៃឱ្យវីរៈបំពាក់ចិញ្ចៀនឱ្យនាងយ៉ាងមានក្តីសុខ។
បន្ទាប់មក ពួកគេបាននាំគ្នាអង្គុយចុះជុំវិញពន្លឺភ្លើងទៀន រួចជជែកគ្នាលេងអំពីអនុស្សាវរីយ៍កាលពីវ័យកុមារយ៉ាងរីករាយ។ មួយសន្ទុះក្រោយមក ធីតាក៏រៀបចំទៅគេងនៅបន្ទប់ផ្សេង ចំណែកវីរៈគេងនៅបន្ទប់ទទួលភ្ញៀវ ព្រោះទីនោះមានបង្អួចច្រើន ត្រជាក់ស្រួល។
វីរៈ៖ «ដា! ចេញមកគេងខាងក្រៅជាមួយបងមក... កុំគេង ក្នុងបន្ទប់អី ប្រាកដជាស្អុះស្អាប់ខ្លាំងហើយ មកខាងក្រៅមានបង្អួចច្រើន...»
ធីតានៅស្ងៀម គិតស្ទាក់ស្ទើរមួយសន្ទុះ... វីរៈលួចគិតក្នុងចិត្តទាំងអស់សំណើច៖ «នាងបែបជាខ្លាចខ្ញុំធ្វើស្អីផ្តេសផ្តាសមិនខាន...» គិតហើយ គេក៏ស្រាប់តែផ្ទុះសំណើចចេញមក។
ធីតា៖ «បងសើចអីហ្នឹង?»
វីរៈ៖ «សើចលេងតើ... តើអូនមកអត់?»
ធីតា៖ «ខ្ញុំ... ខ្ញុំ...»
វីរៈ (និយាយកាត់)៖ «ឈប់ ខ្ញុំៗ ហើយ! ចាំបងទៅយកខ្នើយ និងភួយជូន...» និយាយរួច គេក៏ប្រញាប់ដើរទៅយកសម្ភារៈមកភ្លាម។
ធីតាអង្គុយគិតក្នុងចិត្ត៖ «គេកំពុងគិតស្អីហ្នឹង? ហេតុអ្វីបានជាសើច? ឬមួយក៏...!»
មួយសន្ទុះក្រោយមក វីរៈបានយកកន្ទេលមកក្រាល រៀបចំខ្នើយ ភួយ... ហើយដាក់ ខ្នើយឱបមួយនៅចំកណ្តាល រវាងកន្លែងគេងទាំងពីរ។
វីរៈ៖ «ប៉ុណ្ណឹង... អាចទទួលយកបាននៅអូន?»
ធីតាយល់ពីបំណង និងការផ្តល់កិត្តិយសរបស់គេភ្លាម... តែលើកនេះ នាងបានលូកដៃទៅ លើកខ្នើយឱបនោះចេញ ហើយថែមទាំងរំកិលខ្លួនទៅ គេងលើស្មារបស់វីរៈ ទៀតផង។ នេះជាលើកទីមួយហើយ ដែលពួកគេបានគេងនៅជិតគ្នាស្និទ្ធស្នាលដល់កម្រិតនេះ។
វីរៈឱនទៅថើបថ្ពាល់នាងស្រាលៗ ដោយក្តីស្រឡាញ់។ នៅក្នុងចិត្តរបស់គេ មិនហ៊ានគិតអ្វីឱ្យលើសលាស់ឡើយ ត្បិតគេដឹងថានាងជាមនុស្សដែលស្មោះត្រង់ និងឱ្យតម្លៃលើកិត្តិយស ហើយគ្រប់យ៉ាងត្រូវតែទាមទារពេលវេលាមួយដែលសមស្រប។
នាយឱនខ្សឹបដាក់ត្រចៀកធីតាដោយសំឡេងកក់ក្តៅ៖
វីរៈ៖ «បងស្រឡាញ់អូនណាស់... ធីតា! បងនឹងរង់ចាំរហូតដល់ថ្ងៃដែលពួកយើងរៀបការ...»
ចំណែកធីតាវិញ នាងមិនបានតបជាពាក្យសម្តីឡើយ តែនាងបានឱនទៅ ថើបថ្ពាល់របស់គេវិញ យ៉ាងស្រទន់ ដើម្បីបញ្ជាក់ឱ្យគេដឹងថា... នាងក៏ស្រឡាញ់ វីរៈ អស់ពីបេះដូងដូចគ្នា។

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments