13. ទោះស្នេហាគឺល្ងង់ខ្លៅ

📅 ចុះផ្សាយថ្ងៃ August 09, 2011 ·

នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ

ភាគទី១៣​៖ ទោះស្នេហាគឺល្ងង់ខ្លៅ



 ពេញមួយថ្ងៃ ធីតាមានអារម្មណ៍វិលវល់ ព្រលឹងមិននៅក្នុងខ្លួនឡើយ... នាងខ្លាចក្នុងការជ្រើសរើសរវាង គ្រួសារ និង មនុស្សដែលនាងស្រឡាញ់។ គ្រាន់តែមួយពព្រិចភ្នែកសោះ រាត្រីដ៏សែនត្រជាក់ក៏បានឈានចូលមកដល់។ ពេលវេលាហាក់ដូចជាដើរលឿនសែនលឿនសម្រាប់មនុស្សដែលមិនទាន់ដឹងថាត្រូវសម្រេចចិត្តបែបណាដូចជារូបនាង។


វីរៈ បានដើរចេញពីបន្ទប់ សំដៅមកកាន់រានហាលខាងក្រៅ ដើម្បីស្វែងរកចម្លើយពីមាត់នាង៖


វីរៈ៖ «អូនសម្រេចចិត្តរួចហើយឬនៅ?»


ធីតា (ឈ្ងោកមុខចុះ និយាយទាំងត្រដាបត្រដួស)៖ «ខ្ញុំ... ខ្ញុំ... វល់អស់ហើយបងរៈ! បងដឹងទេ? យើងទាំងពីរសុទ្ធតែជាកូនទោលក្នុងគ្រួសារ... តើយើងសមធ្វើរឿងឆោតល្ងង់បែបនេះឬ?»


វីរៈ៖ «យើងមិនមែនទៅហើយមិនត្រឡប់មកវិញឯណា? យ៉ាងច្រើនត្រឹមតែបីឆ្នាំប៉ុណ្ណោះ! នៅពេលរឿងគ្រប់យ៉ាងស្ងប់ស្ងាត់ បងជឿថាពួកគាត់នឹងឈប់គិតពីរឿងកន្លង...»


ធីតា៖ «ចុះក្រុមហ៊ុន? ចុះបើពួកគាត់តាមរកយើងឃើញ? បងក៏ដឹងថាពួកគាត់មានឥទ្ធិពលប៉ុនណា!»


វីរៈ (សម្លឹងមើលកែវភ្នែកនាង)៖ «ចុះ... អូនស្រឡាញ់បងឬអត់?»


ធីតា៖ «ស្រឡាញ់...! ស្រឡាញ់ខ្លាំងណាស់... ប៉ុន្តែតើយើងមិនអាចមានដំណោះស្រាយណាដែលល្អជាងការរត់គេចខ្លួនបែបនេះទេឬ? បើធ្វើបែបនេះ វាប្រៀបដូចជាការពង្រាត់គ្នាចឹង បងដឹងទេ?»


វីរៈ៖ «មែនហើយ! គឺបងចង់ពង្រាត់កូនក្រមុំគេពិតមែន! បងមិនប្រកែកឡើយ... ហើយបងក៏ដឹងថាគំនិតនេះវាមើលទៅក្មេងខ្ចីណាស់ដែរ។ ប៉ុន្តែបើលោកប៉ាអ្នកម៉ាក់មកនិយាយអង្វរអូន បងច្បាស់ណាស់ថាអូននឹងព្រមបែកពីបង... មិនមែនមកពីអូនមិនស្រឡាញ់បងទេ តែគឺមកពីអូនសុខចិត្តលះបង់ដើម្បីគ្រួសារបង ទោះបីជាអ្នកត្រូវឈឺចាប់គឺជាអូនក៏ដោយ!»


វីរៈលូកដៃទៅកាន់ប្រអប់ដៃដ៏ត្រជាក់របស់នាងយ៉ាងណែន រួចពោលបន្តដោយទឹកមុខស្រពោន៖


វីរៈ៖ «ស្អែកឡើង ម៉ោង ៥:០០ ព្រឹក... បងនឹងចាំអូននៅដើមច្រកផ្លូវ។ មិនជួប... មិនបែក! ណា៎ដា... ព្រមទៅជាមួយបងទៅ! បងមិនអាចបាត់បង់អូនបានទេ...»


ធីតានៅស្ងៀមត្រឹង នាងសម្លឹងមើលទឹកមុខអង្វរកររបស់គេ រួចពោលទាំងស្ទាក់ស្ទើរ៖


ធីតា៖ «អូន... អូនសូមគិតមើលយប់នេះមួយយប់ទៀតសិន...»


និយាយរួច នាងក៏ដើរត្រឡប់ចូលទៅក្នុងបន្ទប់វិញទាំងចិត្តស្រពោន។


ចៃដន្យអាក្រក់ អំឡុងពេលដែលធីតាកំពុងអង្គុយស្ពឹកស្រពន់ អ្នកស្រីម្លិះ ដែលជាម្តាយបង្កើតបានដើរចូលមកក្នុងបន្ទប់នាង។


អ្នកស្រីម្លិះ៖ «នេះកូន... មានរឿងអីកើតឡើងមែនទេ?»


ឃើញមុខម្តាយភ្លាម ធីតាក៏ស្ទុះទៅយំឱបចង្កេះគាត់យ៉ាងខ្លាំង។


ធីតា (យំខ្សឹកខ្សួល)៖ «គ្រួសារបងវីរៈ... ចង់ឱ្យគាត់រៀបការជាមួយចៅស្រីម្ចាស់ធនាគារ... តើឱ្យខ្ញុំធ្វើបែបណាទៅម៉ាក់?»


អ្នកស្រីម្លិះដកដង្ហើមធំ យកដៃអង្អែលក្បាលកូនស្រីដោយក្តីអាណិត៖


អ្នកស្រីម្លិះ៖ «រឿងនេះ... ប្រហែលជាមកពីកំហុសម៉ាក់ដែរហើយ។ ហេតុអ្វីបានជាម៉ាក់តែងតែបណ្តោយឱ្យកូនទាំងពីរស្និទ្ធស្នាលគ្នាយ៉ាងនេះ? បើម៉ាក់ហាមឃាត់តាំងពីដំបូង ម៉្លេះកូនមិនបាច់ឈឺចាប់បែបនេះទេ... ម៉ាក់ពិតជាមិនដឹងថាត្រូវជួយកូនដោយរបៀបណាទេកូនស្រី មានតែ... កាត់ចិត្តទៅណា៎!»


ធីតា (សម្លឹងមុខម្តាយទាំងទឹកភ្នែក)៖ «ចុះបើយើងទាំងពីរពិតជាមិនអាចបែកគ្នាបាន...?»


អ្នកស្រីម្លិះ៖ «បញ្ហាគឺស្ថិតនៅលើគ្រួសារខាងវីរៈ... ចំពោះម៉ាក់ ម៉ាក់មិនប្រកាន់អ្វីទាំងអស់ ឱ្យតែជាសេចក្តីសុខរបស់កូន។»


ធីតា៖ «ម៉ាក់... កូនសុំទោស...! ខ្ញុំសុំទោស...»


អ្នកស្រីម្លិះ៖ «កូនល្ងង់... ឆាប់គេងទៅ! ថ្ងៃស្អែក... ប្រហែលជានឹងមានអព្ភូតហេតុសម្រាប់កូនទាំងពីរមិនខានទេ...»


អរុណរះស្រាងៗ... អមដោយតំណក់ភ្លៀងរលឹមតក់ៗនៃដើមរដូវវស្សា។

វីរៈឈរបាំងឆត្រខ្មៅ រង់ចាំគូស្នេហ៍ដោយអារម្មណ៍អន្ទះសា។ ស្រមោលមនុស្សប៉ុន្មាននាក់បានឆ្លងកាត់តែងធ្វើអោយគេមានសង្ឃឹមតែក៏កែវភ្នែកក៏ចង់រលីងរលោងពេលដឹងថាមិនមែនជាមនុស្សដែលខ្លួនរង់ចាំម្នាក់ហើយម្នាក់ទៀត....ទីបំផុត... វត្តមានរបស់នារីដែលគេរង់ចាំពេញមួយយប់ក៏បានលេចរូបរាងឡើង! វីរៈញញឹមទាំងរំភើប ស្ទុះទៅទទួលយកកាបូបពីដៃនាង។


ធីតា៖ «តើយើងនឹងទៅទីណាទៅបង?»


វីរៈ៖ «ទៅប៉ោយប៉ែតល្អទេ? ហើយចាំយើងបន្តទៅប្រទេសថៃ...»


ធីតា៖ «យើងគ្មានប្រាក់ច្រើនឯណាទៅជួលផ្ទះ ឬរស់នៅទីនោះទេបង...»


វីរៈ (និយាយបណ្តើរ សើចបណ្តើរ)៖ «បងបានវាយកូនជ្រូកយកលុយដែលសន្សំទុកដណ្តឹងប្រពន្ធមកអស់ហើយ! ឯសញ្ញាបត្រ ឬឯកសារស្អីៗ ក៏បងប្រមូលមកទាំងអស់ដែរ!»


ធីតា (សម្លឹងមើលគេទាំងហួសចិត្ត)៖ «ម៉េចក៏បងមានអារម្មណ៍សើចកើត? យ៉ាប់មែនបងនេះ... មើលទៅដូចជាកំពុងធ្វើរឿងត្រឹមត្រូវចឹង!»


វីរៈ៖ «បងគ្រាន់តែសប្បាយចិត្ត... នៅពេលដែលអូនសម្រេចចិត្តមកតាមបង!»


ធីតា (គិតមួយសន្ទុះ)៖ «ទៅ កំពង់សោម វិញទៅបង... លោកពូអ្នកមីងមិនធ្លាប់ដឹងទេថាអូនមានផ្ទះចាស់មួយនៅទីនោះ! អូនបានយករកសោមកជាមួយដែរ... យើងទៅនៅទីនោះបណ្តោះអាសន្នសិនទៅ។»


ពួកគេក៏សម្រេចចិត្តជិះតាក់ស៊ីចាកចេញពីក្រុងភ្នំពេញ តាំងពីព្រលឹមស្រាងៗ...។ នៅតាមផ្លូវ ធីតាតែងតែសម្លឹងមើលទេសភាពតាមបង្អួចរថយន្ត។ វីរៈសម្លឹងឃើញកែវភ្នែកដែលពោរពេញដោយភាពភ័យព្រួយរបស់នាង គេក៏ទាញក្បាលធីតាឱ្យមកផ្អែកលើស្មារបស់គេ រួចនិយាយដោយសំឡេងស្មើស្រទន់៖


វីរៈ៖ «បងសុំទោស... សុំទោសដែលត្រូវឱ្យអូនមកលំបាកជាមួយបង... សុំទោសដែលធ្វើឱ្យអូនមានឈ្មោះមិនល្អ ដែលត្រូវមករត់គេចជាមួយបងបែបនេះ...»


ធីតាសម្លឹងមើលមុខវីរៈ រួចលូកដៃទៅអង្អែលថ្ពាល់គេស្រាលៗ៖


ធីតា៖ «អូនជាអ្នកស្ម័គ្រចិត្តមកតាមបងតើ... ព្រោះតែអូន...»


វីរៈឱនទៅថើបថ្ងាសនាងយ៉ាងកក់ក្តៅ រួចពោល៖


វីរៈ៖ «អូនជាអ្វីៗគ្រប់យ៉ាងរបស់បង! អូនជាប្អូនស្រីកាលពីយើងនៅក្មេង... ជាមិត្តភក្តិពេលនៅរៀន... និងជាមនុស្សស្រីតែម្នាក់គត់ដែលបងចង់រួមដំណើរជីវិតគូជាមួយ។ បងមិនដឹងថាតើត្រូវរស់នៅបែបណាទេ បើគ្មានអូន...»


ថ្ងៃកាន់តែជ្រះ ម៉ោងប្រហែល ៩:០០ នាទីព្រឹក... អ្នកស្រីម្លិះបានឡើងទៅមើលធីតានៅក្នុងបន្ទប់ ក្រែងលើនាងមិនស្រួលខ្លួន ព្រោះវាខុសប្លែកពីសព្វដងដែលនាងភ្ញាក់ពីព្រលឹម។ គាត់បានឈរគោះទ្វារបន្ទប់ជាច្រើនដង ប៉ុន្តែគ្មានសំឡេងឆ្លើយតបឡើយ។ គាត់ក៏សម្រេចចិត្តបើកទ្វារចូល... នៅក្នុងបន្ទប់គ្មានមនុស្សទេ គឺឃើញតែក្រដាសសំបុត្រសុំទោសមួយសន្លឹកដែលបន្សល់ទុកលើតុ។


អ្នកស្រីម្លិះ និង លោកសុថា (ឪពុកធីតា) ភ័យស្លន់ស្លោជាខ្លាំង រួចក៏ប្រញាប់ប្រញាល់ទៅកាន់ផ្ទះវីរៈ ដើម្បីឱ្យគេជួយតាមរក...!


ពេលទៅដល់ផ្ទះវីរៈ ពួកគាត់បានរៀបរាប់ប្រាប់ អ្នកស្រីភួង (ម្តាយវីរៈ)។ ភ្លាមៗនោះ លោកវីរ៉ា (ឪពុកវីរៈ) មានអារម្មណ៍មិនស្រួលក្នុងចិត្ត ក៏បានប្រាប់ឱ្យ មីងចាន់ (អ្នកបម្រើ) ឡើងទៅមើលវីរៈនៅក្នុងបន្ទប់។


មួយសន្ទុះក្រោយមក មីងចាន់បានរត់ត្រឡប់មកវិញជាមួយនឹងសំបុត្រមួយច្បាប់។ លោកវីរ៉ាទាញមកអាន៖


«សុំទោសអ្នកមានគុណទាំងពីរ... សុំទោសលោកយាយ អ្នកមីងម្លិះ និងលោកពូសុថា! ខ្ញុំដឹងថាវាមិនមែនជាទង្វើដែលត្រឹមត្រូវទេ ប៉ុន្តែយើងទាំងពីរពិតជាស្រឡាញ់គ្នាខ្លាំងណាស់...! លោកប៉ា... អ្វីៗក៏កូនអាចធ្វើតាមលោកប៉ាបានដែរ ប៉ុន្តែការបែកពីនាង ជារឿងមួយដែលមួយជីវិតនេះកូនមិនអាចធ្វើបានដាច់ខាត...! កូនសុំទោស!»


លោកវីរ៉ាអានចប់ ក៏ក្តាប់សំបុត្រនោះនៅក្នុងដៃទាំងកំហឹង៖


លោកវីរ៉ា៖ «អា ក្មេងល្ងង់! ហេតុអ្វីក៏ឯងបបួលគ្នារត់បែបនេះ...?!»


អ្នកស្រីភួង៖ «បានហើយបង... កុំខឹងខ្លាំងពេក ប្រយ័ត្នជំងឺលើសឈាមរើឡើងណា៎!»


មិនទាន់និយាយផុតពីមាត់ផង លោកវីរ៉ាស្រាប់តែស្រមោលភ្នែក ងងឹតមុខឈឹង... លោកសុថឃើញដូច្នោះក៏ម្នីម្នាជួយមើលថែ ចាក់ថ្នាំ និងព្យួរស្រូមជូនលោកវីរ៉ាភ្លាមៗ។


លុះត្រឡប់មកដល់ផ្ទះវិញ លោកសុថា និងអ្នកស្រីម្លិះបានអង្គុយជជែកគ្នា៖


លោកសុថា៖ «ម៉ាក់វា... ក្រែងលោធីតាទៅផ្ទះចាស់របស់យើងទេដឹង?»


អ្នកស្រីម្លិះ (អង្វរ)៖ «អូនសុំអង្វរបង! កុំលូកដៃក្នុងរឿងនេះអី... យប់មិញធីតានាងយំ ស្ទើរតែប្រេះទ្រូងទៅហើយ បងដឹងទេថាអូនអាណិតនាងខ្លាំងណាស់? នាងមានជំងឺឈឺតាំងពីក្មេង បងក៏ដឹង... អូនពិតជាមិនដឹងថានាងត្រូវឈឺចាប់បែបណាទេ ប្រសិនបើត្រូវបាត់បង់វីរៈ។ បងដឹងស្រាប់ហើយ វីរៈពិតជាអាចមើលថែនាងបានយ៉ាងល្អ...»


លោកសុថា៖ «តែ...»


អ្នកស្រីម្លិះ៖ «គ្រប់យ៉ាង សុំបណ្តោយតាមព្រេងវាសនាចុះបង... យើងមាននាងតែម្នាក់គត់ សេចក្តីសុខរបស់នាង គឺជាសេចក្តីសុខរបស់យើងហើយ។»


លោកសុថាបានត្រឹមតែនៅស្ងៀម ដកដង្ហើមធំដោយក្តីអាណិតអាសូរ និងស្រឡាញ់កូនស្រីស្ទើរស្មើជីវិត...។

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។