15.ស្នេហានេះមិនអាចអាត្នានិយម
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី១៥៖ ស្នេហានេះមិនអាចអាត្នានិយម
វីរៈបានចេញពីផ្ទះតាំងពីព្រលឹម ដើម្បីទៅហៅជជាងមកតបណ្តាញអគ្គិសនី។ ចំណែក ធីតា ដែលនៅក្នុងផ្ទះតែម្នាក់ឯង ដោយក្តីព្រួយបារម្ភមិនស្រាកស្រាន្ត នាងក៏ដាច់ចិត្តបើកទូរស័ព្ទចុចលេងទៅកាន់ម្តាយ។ សំឡេងរបស់នាងនិយាយឡើងញ័ររន្ធត់ ព្រោះខ្លាចត្រូវម្តាយស្តីបន្ទោស៖
ធីតា (សំឡេងញ័រៗ)៖ «ម៉ាក់... ខ្ញុំ... សុំទោស...»
អ្នកស្រីម្លិះឮសំឡេងកូនស្រីភ្លាម ក៏ពោលឡើងដោយក្តីរំភើបត្រេកអរជាពន់ពេក៖
អ្នកស្រីម្លិះ៖ «កូន... កូនសុខសប្បាយជាទេ?»
ធីតា៖ «ចាស ខ្ញុំមិនអីទេម៉ាក់...! ចុះម៉ាក់ ប៉ា និងគ្រួសារបងវីរៈ?»
អ្នកស្រីម្លិះ (ស្ងាត់មួយសន្ទុះ)៖ «គ្រួសារយើងសុខទុក្ខធម្មតាទេ... តែខាងគ្រួសារវីរៈ... ប៉ារបស់គេចូលមន្ទីរពេទ្យហើយកូន...»
ធីតា (ភ្ញាក់ព្រើត)៖ «គាត់កើតអីម៉ាក់? ជំងឺលើសឈាមគាត់រើឡើងព្រោះខឹងនឹងពួកយើងមែនទេ...?»
អ្នកស្រីម្លិះ (ដកដង្ហើមធំ)៖ «ធីតា... កូនគួរតែដឹងថានឹងអាចមានរឿងនេះកើតឡើង នៅពេលដែលកូនសម្រេចចិត្តចាកចេញទៅ... ម៉ាក់មិនបន្ទោសកូនទេ... តែប្រាប់ខ្លួនឯងឱ្យក្លាហាន និងរឹងមាំណា៎! ពុះពាររឿងហេតុគ្រប់យ៉ាងដែលនឹងអាចកើតមានឡើងដោយយើងស្មានមិនដល់... តើកូននៅផ្ទះចាស់របស់យើងមែនទេ?»
ធីតា៖ «ចាស... ម៉ាក់!»
អ្នកស្រីម្លិះ៖ «ល្អយ៉ាងដែរ... ថែរក្សាខ្លួនណាកូន! ប៉ារបស់កូនក៏តែងតែឈៀងចូលទៅមើលលោកវីរ៉ាដែរ... អូ! គាត់មកដល់វិញហើយ ម៉ាក់ឈប់និយាយហើយណា៎ ក្រែងលោគាត់ដឹង...»
អ្នកស្រីម្លិះក៏ប្រញាប់ប្រញាល់ចុចផ្តាច់ទូរស័ព្ទទៅ...។
ធីតាដាក់ទូរស័ព្ទចុះទាំងអារម្មណ៍ខ្វល់ខ្វាយពីជំងឺរបស់ឪពុកវីរៈជាខ្លាំង។ នាងលួចរអ៊ូតែម្នាក់ឯង៖ «តើគាត់យ៉ាងម៉េចទៅហើយ...? ចុះក្រុមហ៊ុន បានអ្នកណាជួយមើលថែ...?» រឿងរ៉ាវសព្វសារពើបានបក់បោកចូលមកក្នុងខួរក្បាលរបស់នាងស្ទើរតែប្រេះធ្លាយ។
ថ្ងៃត្រង់បន្តិច វីរៈបាននាំជជាងអគ្គិសនីមកតភ្លើងចូលផ្ទះ... ឯធីតានៅដាំបាយធ្វើម្ហូបជាធម្មតា។
នៅក្នុងអាហារថ្ងៃត្រង់ នាងអង្គុយស្ងាត់ស្ងៀមមិនមាត់ក៖
វីរៈ (ឆ្ងល់ សម្លឹងមុខនាង)៖ «ជំងឺដារើទៀតហើយឬ?»
នាងប្រញាប់គ្រវីក្បាល៖
ធីតា៖ «មិនអីទេ! បងឆាប់ញ៉ាំបាយទៅ... តើល្ងាចនេះ យើងអាចទៅលេងសមុទ្រទៀតបានទេ?»
វីរៈ (ញញឹម)៖ «ប្រាកដជាបាន! យើងដើរកម្សាន្តឱ្យហើយទៅ ព្រោះស្អែក បងត្រូវទៅស្វែងរកការងារធ្វើហើយ...»
លុះរសៀលឡើង ពួកគេក៏នាំគ្នាទៅលេងសមុទ្រម្តងទៀត...
ថ្ងៃនេះ ធីតាពាក់រ៉ូបផ្កាវែងផាត់ខ្យល់រំភើយៗ ទម្លាក់សក់វែងខ្មៅរលោងស្រស់ស្អាត... ពេលត្រូវខ្យល់សមុទ្របក់បោកមក នាងមើលទៅគួរឱ្យស្រឡាញ់ខ្លាំងណាស់។ វីរៈដើរបែរខ្នងទៅមុខ បណ្តើរក្រឡេកមើលធីតាបណ្តើរ៖
វីរៈ (សើច)៖ «ថ្ងៃនេះធីតាស្អាតណាស់! នៅតាមផ្លូវ អ្នកណាក៏សម្លឹងមើលដែរ... តិចធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទៅ??»
ធីតាលួចគិតក្នុងចិត្តទាំងស្រពោន៖ «ថ្ងៃមុខ... តើនៅតែអាចសើចបែបនេះបានទៀតដែរទេ...?»
ធីតា៖ «បងចូលចិត្តនិយាយបំផ្លើសការពិតណាស់!»
ទីបំផុត ពួកគេក៏ដើរមកដល់ឆ្នេរខ្សាច់...
ធីតា៖ «អូនហត់ណាស់! បងអាចអៀវអូនដល់ចុងឆ្នេរនោះបានអត់?»
វីរៈ (ញញឹម)៖ «ឡើងមក...!»
ធីតាស្ទុះទៅឱបករបស់គេ រួចផ្អែកក្បាលលើខ្នងដ៏កក់ក្តៅរបស់វីរៈ។
វីរៈ (សើច)៖ «ដាស្រាលណាស់! ប្រឹងញ៉ាំបន្ថែមទៀតទៅណា៎...»
ធីតា (ខ្សឹបសួរ)៖ «បើសិនជា... យើងមិនអាចស្រឡាញ់គ្នាបាន តើបងគិតបែបណាទៅ?»
វីរៈ៖ «បងមិនដឹងទេ! ព្រោះបងមិនធ្លាប់គិត ហើយក៏មិនចង់គិតពីវាដែរ... ចុះអូន?»
ធីតា៖ «អូននឹងរៀបការជាមួយអ្នកផ្សេង... ហើយសង្ឃឹមថាបងនឹងមានក្តីសុខ! តើបងអាចធ្វើដូចអូនដែរបានអត់?»
វីរៈ (ទម្លាក់ទឹកមុខ)៖ «តើមានរឿងអីមែនទេ?»
ធីតា៖ «អត់អីទេ... គ្រាន់តែគិតលេងៗ! ទោះយ៉ាងណាក៏ដោយ ក៏អូនចង់ឱ្យបងមានក្តីសុខ ទោះបីជានារីម្នាក់នោះមិនមែនជារូបអូនក៏ដោយ...»
វីរៈ (ញញឹមលួង)៖ «កុំល្ងង់អី...! យ៉ាងយូរ ៣ ឆ្នាំទៀត យើងនឹងរៀបការជាមួយគ្នា... បងចង់បានកូន ៣ នាក់! ប្រុស ២ ស្រី ១... មិនចង់បានកូនតែម្នាក់ដូចជាពួកយើងចឹងទេ ឯកោណាស់! អ្វីៗគ្រប់យ៉ាងត្រូវរ៉ាប់រងតែម្នាក់ឯងព្រោះជាកូនទោល... សូម្បីតែរៀនពេទ្យដែលជាសុបិនរបស់បង ក៏បងមិនអាចរៀនបាន ហើយពេលនេះ សូម្បីតែមនុស្សស្រីដែលបងស្រឡាញ់ ក៏ត្រូវតែធ្វើតាមចិត្តពួកគាត់ទៀត...»
ធីតា (ប្រឹងសើច)៖ «បងឯងគិតវែងឆ្ងាយម្ល៉េះ?»
វីរៈ៖ «កូនទី១ ឈ្មោះ ហូរ វិសាល... ទី២ ឈ្មោះ ហូរ វិចិត្រ... ហើយកូនស្រីឈ្មោះ ហូរ កែវមនោ... ឱ្យស្អាតដូចអូន ហើយឱ្យចេះរាំដូចជាអូនចឹង!»
ធីតាមានត្រឹមតែទឹកភ្នែកដែលដក់រលីងរលោងនៅក្នុងកែវភ្នែក ប៉ុន្តែមិនអាចឱ្យហូរមកបានឡើយ។ នាងនៅស្ងៀមស្ងាត់ សម្រួលអារម្មណ៍ និងបេះដូងដែលកំពុងតែប្រៀបដូចជាចង់លោតចេញពីទ្រូង... នាងប្រឹងនិយាយលេងតបតទៅគេវិញ៖
ធីតា៖ «បងឯងនេះ សូម្បីតែឈ្មោះកូនក៏រកនឹកឃើញអស់ដែរ... ដូចចៅចាក់ស្មុកចឹង! ទម្លាក់អូនចុះមក... អូនមានរឿងចង់និយាយជាមួយបង!»
វីរៈទម្លាក់នាងចុះស្រាលៗ... ធីតាសម្រួលអារម្មណ៍ ដកដង្ហើមធំៗ រួចពោល៖
ធីតា៖ «បងចាំស្តាប់អូនណា... យើងត្រឡប់ទៅវិញ! ត្រឡប់ទៅភ្នំពេញវិញ...!»
វីរៈ (ប្រែទឹកមុខ ស្ទុះមកបង្វែរខ្លួននាងមកខាងមុខ)៖ «អូននិយាយលេងទេ មែនទេ?»
ទឹកភ្នែកដែលប្រឹងទប់ទល់តាំងពីដំបូង បានហូរស្រក់មកដូចទឹកបាក់ទំនប់៖
ធីតា (យំខ្សឹកខ្សួល)៖ «អូនមិនបាននិយាយលេងទេ! លោកពូឈឺហើយ... ជំងឺលើសឈាមគាត់រើឡើង កំពុងតែសម្រាកនៅមន្ទីរពេទ្យ ហើយក្រុមហ៊ុនក៏កំពុងតែវឹកវរដែរ...»
កែវភ្នែករបស់វីរៈរលីងរលោង ទឹកភ្នែករៀបនឹងស្រក់ចុះមក ប៉ុន្តែធីតាបានលូកដៃទៅជូតទឹកភ្នែកឱ្យគេស្រាលៗ៖
ធីតា៖ «បងត្រូវតែរឹងមាំ...! មួយជីវិតនេះ មានរឿងមួយដែលអូនមិនស្តាយក្រោយ គឺបានស្រឡាញ់គ្នាជាមួយបង... យើងត្រឡប់ទៅផ្ទះវិញទៅ! បងត្រូវតែរៀបការជាមួយចៅស្រីម្ចាស់ធនាគារ ដោយមានសុភមង្គល... ពួកយើងមិនអាចអាត្មានិយមបានទេ...!»
វីរៈ (សម្លឹងមើលនាងទាំងឈឺចាប់)៖ «តើដាប្រាកដចិត្តហើយថា ដារឹងមាំ... មិនឈឺចាប់?»
ធីតា៖ «អ្វីដែលអូនប្រាកដជាងគេ គឺអូនស្រឡាញ់បង...! អូនមិនអាចទ្រាំមើលគ្រួសារមានវិបត្តិ និងលំបាកចិត្តបានទេ... ហើយបងក៏មិនស្រណុកចិត្តដែរ! បើការចាកចេញរបស់អូន អាចធ្វើឱ្យអ្វីៗគ្រប់យ៉ាងបានប្រសើរឡើង... អូនរីករាយនឹងធ្វើ! បងទទួលយកទៅ...!»
វីរៈស្ទុះទៅឱបធីតាយ៉ាងណែន រួចនិយាយទាំងស្រងូតស្រងាត់ និងឈឺចាប់ជាពន់ពេក...។
ពេលត្រឡប់មកដល់ផ្ទះវិញ ពួកគេបាននាំគ្នារៀបចំអីវ៉ាន់ ដើម្បីត្រឡប់ទៅរាជធានីភ្នំពេញវិញ។
យប់នេះ ដោយសារតែមានបណ្តាញអគ្គិសនីប្រើប្រាស់ ពួកគេក៏ចូលទៅគេងនៅក្នុងបន្ទប់រៀងៗខ្លួន...។ ស្រាប់តែ ធីតា បានដើរទៅគោះទ្វារបន្ទប់វីរៈ នាងទាញដៃគេឱ្យដើរមកកណ្តាលផ្ទះ... គឺនាងបានរៀបចំកន្ទេល និងភួយដូចជាយប់មិញអញ្ចឹងដែរ។
ធីតា (សម្លឹងមើលមុខគេ)៖ «នេះប្រហែលជាពេលចុងក្រោយហើយក៏មិនដឹង... គេងកំដរអូនទៅ!»
វីរៈ (ញញឹមស្រទន់)៖ «អូខេ... ប្រពន្ធសំឡាញ់!»
ពួកគេបានទម្រេតខ្លួនគេងកាន់ដៃគ្នាយ៉ាងណែន... ប្រឹងធ្វើជាគេងលក់ ដើម្បីលាក់បាំងនូវអារម្មណ៍ខូចចិត្ត និងការឈឺចាប់រៀងៗខ្លួន នៅក្នុងរាត្រីចុងក្រោយមួយនេះ...។

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments