19.កែវភ្នែក

📅 ចុះផ្សាយថ្ងៃ August 26, 2011 ·

នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ

ភាគទី១៨៖ កែវភ្នែក


ក្រោយពីធីតានៅទើបតែចេញពីមន្ទីរពេទ្យបានរយៈពេលជិត ២ ខែ... វីរៈមិនសូវបានជួបមុខធីតាឡើយ។ ទោះបីជាផ្ទះនៅជិតគ្នាបង្កើយក៏ដោយ ប៉ុន្តែសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅរបស់គេចំពោះនាង ហាក់ដូចជាស្ថិតនៅឆ្ងាយដាច់កន្ទុយភ្នែក ពិបាកនឹងផ្ញើឱ្យនាងបានដឹងណាស់។ ពួកគេបានត្រឹមតែញញឹម និងសើចដាក់គ្នានៅពេលជួបមុខគ្នាម្តងម្កាលប៉ុណ្ណោះ...។ ផ្ទុយទៅវិញ Mentos បែរជាឧស្សាហ៍មកលេងនាង និងនាំនាងចេញទៅក្រៅជារឿយៗ។

ថ្ងៃទី ២៨ ខែសីហា... ត្រូវជាថ្ងៃកំណើតរបស់វីរៈ។ សម្រាប់គេ ថ្ងៃនេះហាក់ដូចជាគ្មានន័យអ្វីទាំងអស់ ព្រោះធីតាគឺជាមនុស្សតែម្នាក់គត់ដែលតែងតែចាំ និងរំលឹកថ្ងៃកើតរបស់គេជាប្រចាំរៀងរាល់ឆ្នាំ...។

លុះដល់ពេលល្ងាច...
តុច! តុច! សំឡេងគោះទ្វារបានបន្លឺឡើង។ មីងចាន់ដើរទៅបើកទ្វារ ក៏ប្រទះឃើញធីតាកំពុងឈរនៅទីនោះ! នាងបានកាន់ចានមីមួយចានយ៉ាងក្តៅគគុកចូលមកក្នុងផ្ទះ។

ធីតា (ញញឹមស្រស់)៖ «លោកយាយ... ភ្លក្សមើលទៅមើល៍! ស្នាដៃខ្ញុំទើបតែរៀនធ្វើក្តៅៗណា៎!»

លោកយាយ៖ «អូ... ទំនងណាស់ចៅ!»

វីរៈ (ប្រញាប់ទាញកៅអីឱ្យនាង)៖ «ធីតា... អញ្ជើញញ៉ាំបាយជាមួយគ្នាទៅ!»

ធីតា៖ «ល្អតើ! ការពិតប៉ាម៉ាក់របស់ខ្ញុំ ក៏ទៅរៀបការគេបាត់អស់ដែរ...»

វីរៈសម្លឹងមើលផ្ទៃមុខញញឹមញញែមរបស់នាង រួចលួចគិតក្នុងចិត្តទាំងអំណរ៖ «នាងច្រមក់... ទីបំផុត អូននៅតែកំដរបងក្នុងថ្ងៃកំណើតដដែល!»

បន្ទាប់ពីអាហារល្ងាចបានបញ្ចប់ វីរៈបានជួយរៀបចំតុអាហារ រួចធីតាក៏ជម្រាបលាលោកយាយ លោកវីរ៉ា និងអ្នកស្រីភួង ដើម្បីត្រឡប់ទៅផ្ទះវិញ។

វីរៈ៖ «ចាំបងជូនទៅផ្ទះ...»
ធីតាញញឹម រួចងក់ក្បាលយល់ព្រម។

កំពុងដើរតាមផ្លូវ...

វីរៈ (សួរដោយក្តីបារម្ភ)៖ «ដា... តើនៅឈឺក្បាលទៀតទេ?»

ធីតា៖ «មិនសូវទេ... ប៉ុន្តែនៅតែមិនចាំរឿងរ៉ាវរវាងបង និងខ្ញុំសោះ!»

វីរៈ (ញញឹមស្ងួត)៖ «មិនអីទេ... តាមសម្រួលចុះ!»

ធីតា៖ «ដល់ផ្ទះហើយ... អរគុណណា៎!»

វីរៈ៖ «ធីតា... បងអរគុណចំពោះមីមួយចាននោះណា៎! បងប្រាកដជាមានអាយុវែងដូចសរសៃមីរបស់ដាអញ្ចឹង... ព្រោះថ្ងៃនេះ ជាថ្ងៃកំណើតរបស់បង!»

ធីតា (ធ្វើជាភ្ញាក់ផ្អើល)៖ «អូ... ហេតុអ្វីបានជាខ្ញុំមិនចាំអញ្ចឹង?! រីករាយថ្ងៃកំណើតណា៎! សំណាងល្អ និងជោគជ័យច្រើនៗណា៎បងរះ... ខ្ញុំចូលក្នុងផ្ទះហើយ!»

វីរៈដើរត្រឡប់មកផ្ទះវិញដោយស្នាមញញឹម និងសប្បាយចិត្តជាពន់ពេក... គេគិតក្នុងចិត្ត៖ «ដារបស់ខ្ញុំ... ម៉េចក៏ភ្លេចថ្ងៃកំណើតខ្ញុំកើតទៅ...!»

ជិត ៣ ខែប្រព្រឹត្តទៅ... ក្រុមហ៊ុនរបស់លោកវីរ៉ាហាក់ដូចជាចាប់ផ្តើមរជាង និងវិលត្រឡប់មកសភាពដើមវិញបន្តិចម្តងៗហើយ។ ទន្ទឹមនឹងនោះ វាគ្មិនដល់ពេលដែលត្រូវគោរពតាមពាក្យសន្យា... លោកវឌ្ឍនៈបានផ្ញើសារសួរនាំលោកវីរ៉ា ដោយប្រាថ្នាចង់រៀបចំពិធីភ្ជាប់ពាក្យរវាងវីរៈ និងរីយ៉ាក្នុងពេលឆាប់ៗនេះ។

វីរៈពិតជាមិនសប្បាយចិត្តទាល់តែសោះ ប៉ុន្តែរឿងរ៉ាវគ្រប់យ៉ាងមិនមែនឱ្យតែគេបដិសេធគឺអាចបញ្ចប់បាននោះឡើយ។ អ្នកស្រីភួងបានបង្ខំឱ្យវីរៈណាត់រីយ៉ាចេញទៅក្រៅ ដើម្បីជ្រើសរើសចិញ្ចៀនភ្ជាប់ពាក្យជាមួយគ្នា...។

នៅម្ខាងទៀត... Mentos បានណាត់ធីតាចេញទៅក្រៅ ដោយតែងតែយកលេសថារូបគេជិតត្រូវត្រឡប់ទៅប្រទេសអូស្ត្រាលីវិញហើយ។

នៅក្នុងរថយន្ត ពេលដែលចរាចរណ៍កំពុងស្ទះផ្លូវយ៉ាងខ្លាំង... ធីតាក៏បានក្រឡេកមើលតាមបង្អួច ហើយបានឃើញវីរៈកំពុងកាន់ចិញ្ចៀនអាពាហ៍ពិពាហ៍ពាក់ និងបង្ហាញទៅកាន់រីយ៉ាដោយចៃដន្យ! បេះដូងរបស់នាងស្រុតចុះភ្លាមៗ... នាងខិតខំទប់ទឹកភ្នែកដែលហៀបនឹងហូរស្រក់មកយ៉ាងវេទនា ដើម្បីលាក់បាំងចំពោះមុខ Mentos។

ប៉ុន្តែ Mentos ក៏បានក្រឡេកឃើញសកម្មភាពរបស់វីរៈដូចគ្នា... គេដកក្រដាសជូតមាត់ហុចឱ្យនាងដោយក្តីអាណិត៖

Mentos៖ «បើចង់យំ... យំចេញមក! ខ្ញុំពិតជាសរសើរនាងខ្លាំងណាស់ ដែលខំប្រឹងកុហកធ្វើជាភ្លេចគេយ៉ាងនេះ... ប៉ុន្តែ កែវភ្នែករបស់ធីតាក្បត់នាងហើយ វាស្មោះត្រង់ណាស់!»

ធីតា (ស្លុតចិត្ត ស្រក់ទឹកភ្នែកមក)៖ «ម៉េច... ម៉េចក៏លោកដឹង?!»

Mentos (ញញឹមស្រទន់)៖ «ខ្ញុំក៏ធ្លាប់ស្រឡាញ់គេដែរ... កែវភ្នែកដែលនាងសម្លឹងមើលទៅវីរៈ គឺខុសប្លែកពីការសម្លឹងមើលអ្នកដទៃទាំងស្រុង!»

ធីតា (ដកដង្ហើមធំ បន្ធូរអារម្មណ៍)៖ «អញ្ចឹង... មានន័យថាខ្ញុំសម្តែងអន់ណាស់មែនទេ?»

Mentos៖ «មិនដឹងដែរ... តោះ! ខ្ញុំនាំនាងទៅស្រែកឱ្យធូរចិត្ត!»

ធីតា៖ «ទៅណា...?»

Mentos៖ «ទៅ Dreamland! ជិះទូកអាកាស ហើយស្រែកឱ្យអស់ពីពោះម្តង!»

ធីតា (សើចបន្តិច)៖ «នេះលោកជាគ្រូពេទ្យមែនទេហ្នឹង...? ម៉េចក៏ក្មេងខ្ចីម្ល៉េះ?»

Mentos៖ «ហាសហា! ហេតុអ្វីទៅ? ខ្ញុំជាគ្រូពេទ្យកុមារណា៎... បន្តិចបន្តួចប្រាកដជាឆ្លងពីពួកក្មេងៗអញ្ចឹងហើយ! នៅសល់តែ ១ ខែទៀតទេ ខ្ញុំត្រូវត្រឡប់ទៅវិញហើយ... ខ្ញុំប្រាកដជានឹកនាងស្លាប់មិនខាន!»

ធីតា៖ «នៅសល់១ ខែទៀតឯណោះ! ពេលនិយាយទូរស័ព្ទតែងតែប្រាប់ថាជិតទៅៗ... មកជួបមុនបែក! ពូកែកុហកមែន...»

Mentos (សើច)៖ «មិនមែនកុហកទេ... ជាពាក្យពិត! គ្រាន់តែបំផ្លើសបន្តិចបន្តួចប៉ុណ្ណោះ...! ចុះ... តើនាងនឹងលាក់បាំងវីរៈបែបនេះដល់ពេលណាទៀត?»

ធីតា (ឆ្លើយដោយសម្លេងស្ងាត់)៖ «លាក់... រហូត!»

Mentos៖ «ហត់នឿយ... ហើយថែមទាំងឈឺចាប់ទៀតផង!»

ធីតា៖ «ខ្ញុំ... គ្មានជម្រើសទេ!»

Mentos (សម្លឹងមើលមុខនាង រួចនិយាយសម្លេងមួយៗ)៖ «ពិចារណាទៅអូស្ត្រាលីជាមួយខ្ញុំទៅ...!»

ធីតា៖ «ទៅធ្វើអី...? ទៅលេង រួចត្រឡប់មកវិញ? ឬទៅរៀនរបាំបន្ត...?»

Mentos (ខ្សឹបជិតត្រចៀកនាង)៖ «ទៅ... ធ្វើជាប្រពន្ធខ្ញុំ!»

ធីតា (ប្រញាប់រុញគេចេញ)៖ «កុំមកនិយាយលេងសើចជាមួយខ្ញុំណា៎!»

Mentos (ញញឹមយ៉ាងប្រាកដប្រជា)៖ «បើធីតាព្រមពិចារណា... វានឹងក្លាយជាការពិត! តោះ... ដល់កន្លែងហើយ! ស្រែកឱ្យខ្លាំងៗណា៎... ឮទេ?!»

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។