18. នាងមិនចាំខ្ញុំ?
នៅក្នុងបេះដូងជ្រាលជ្រៅរបស់
ភាគទី១៨៖ នាងមិនចាំខ្ញុំ?
លោកគ្រូពេទ្យបានចូលទៅពិនិត្យអាការៈរបស់ធីតាយ៉ាងល្អិតល្អន់អស់រយៈពេលជាច្រើនម៉ោង។ ជាលទ្ធផល គ្រូពេទ្យបានរកឃើញថារូបនាងមានឈាមកកនៅក្នុងខួរក្បាល ដែលអាចធ្វើឱ្យនាងបាត់បង់ការចងចាំមួយផ្នែក។
លោកសុថា (សួរកូនដោយក្តីបារម្ភ)៖ «តើកូនមានអារម្មណ៍យ៉ាងម៉េចហើយ?»
ធីតា (លើកដៃស្ទាបក្បាល)៖ «ដូចជានៅឈឺត្រង់ក្បាលតុកៗនៅឡើយទេ...»
អ្នកស្រីម្លិះ៖ «តើកូនឃ្លានដែរឬទេ?»
ធីតា៖ «ចាស... ឃ្លាន!»
វីរៈ (ស្ទុះនិយាយទាំងញញឹម)៖ «អញ្ចឹងចាំបងទៅទិញបបរសាមចូកដែលអូនចូលចិត្តញ៉ាំមកឱ្យណា៎...!»
ធីតា (សម្លឹងមើលមុខវីរៈដោយភាពងឿងឆ្ងល់)៖ «ខ្ញុំខំប្រឹងចំណាំណាស់... ប៉ុន្តែខ្ញុំពិតជាមិនចាំថាតើបងជាអ្នកណាឡើយ។ តើបងជាអ្នកណាទៅ?»
វីរៈ (ស្លុតចិត្ត)៖ «ដា... កុំលេងសើចបែបនេះអី!»
ធីតា៖ «ខ្ញុំមិនបានលេងសើចទេ! បងជាមនុស្សម្នាក់ដែលទោះជាខ្ញុំខិតខំនឹកយ៉ាងណាក៏នៅតែមិនដឹងសោះ ថែមទាំងធ្វើឱ្យខ្ញុំឈឺក្បាលទៀតផង...»
អ្នកស្រីម្លិះ (ប្រញាប់ចូលទៅឃាត់)៖ «បើអញ្ចឹងកុំខំប្រឹងនឹកអី កូនឆាប់សម្រាកទៅ... វីរៈ គេគ្រាន់តែជាអ្នកជិតខាងយើងដែលស្គាល់គ្នាកាលពីក្មេងប៉ុណ្ណោះ!»
ធីតា (ងក់ក្បាល)៖ «អូ... អញ្ចឹងទេឬ!»
បន្តិចក្រោយមក ពេលធីតាគេងលក់ ពួកគេក៏បានដើរចេញមកនិយាយគ្នានៅខាងក្រៅបន្ទប់។
លោកសុថា (ដកដង្ហើមធំ)៖ «គ្រូពេទ្យនិយាយថា នាងបាត់បង់ការចងចាំមួយផ្នែក... អាចនឹងចងចាំវិញក្នុងពេលឆាប់ៗ ឬក៏អាចបាត់បង់មួយជីវិតតែម្តង!»
វីរៈ (ឈឺចាប់ពេញទ្រូង)៖ «តើនាងពិតជាភ្លេចរូបខ្ញុំជារៀងរហូតមែនទេលោកពូ...?»
អ្នកស្រីម្លិះ៖ «វីរៈ... ការដែលនាងភ្លេចរឿងរ៉ាវកន្លងមក អាចជារឿងល្អសម្រាប់នាងទៅវិញទេ... ចាត់ទុកថាក្មួយផ្តល់ការចងចាំក្នុងនាមជា "បងប្រុសល្អ" ដ៏ម្នាក់ឱ្យនាងទៅចុះ! ធ្វើបែបនេះ នាងប្រហែលជាមិនសូវសោកសៅនៅពេលដែលបាត់បង់ក្មួយនោះទេ...»
លោកសុថា៖ «បើអូនគិតឃើញបែបនេះទៅហើយ... ពូគិតថានឹងរៀបចំអតីតកាលថ្មីឱ្យនាង! វីរៈ... ជួយពូទៅបន្ទប់របស់នាង ប្រមូលយករូបថត និងអនុស្សាវរីយ៍មួយចំនួនដែលឯងទាំងពីរធ្លាប់ទិញជាមួយគ្នាចេញទៅ... សង្ឃឹមថានាងនឹងមិនឈឺក្បាល ដោយសារខំប្រឹងគិតពីអ្វីជុំវិញខ្លួនទៀត...»
វីរៈបានត្រឹមតែងក់ក្បាលយល់ព្រមទាំងសោកសៅជាពន់ពេក... គេគិតក្នុងចិត្តទាំងទឹកភ្នែក៖
«ហេតុអ្វីបានជាបងជាមនុស្សតែម្នាក់ដែលអូនមិនចាំ...? បងមិនចង់ឱ្យអូនឈឺចាប់ទេ ប៉ុន្តែបងក៏មិនចង់ក្លាយជាអ្នកដទៃនៅក្នុងបេះដូងរបស់អូនដែរ! ព្រះជាម្ចាស់អើយ... តើពេលណាទើបទ្រង់ឈប់លេងសើចនឹងជោគវាសនារបស់ទូលបង្គំបែបនេះ...?»
បន្ទាប់ពីត្រឡប់ទៅផ្ទះវិញបាន ២ ថ្ងៃ វីរៈបានឆ្លៀតពេលទៅមើលការងារនៅក្រុមហ៊ុន រួចគេក៏បានដើរចូលទៅក្នុងផ្ទះរបស់ធីតា ដើម្បីរើប្រមូលវត្ថុអនុស្សាវរីយ៍មួយចំនួនចេញ...
មានតុក្កតា Pooh ដែលគេជូននាងក្នុងខួបកំណើតអាយុ ១៥ ឆ្នាំ, តុក្កតា Tiger កាលខួបកំណើត ១៦ ឆ្នាំ, និងតុក្កតា Piglet កាលខួបកំណើត ១៧ ឆ្នាំ...
«ប្រមូលយ៉ាងម៉េចនឹងអស់ទៅលោកអើយ...» កាដូជាច្រើនហូរហែទាំងបុណ្យកំណើត បុណ្យសេចក្តីស្រឡាញ់ (Valentine) បុណ្យណូអែល... ទើបគេសម្រេចចិត្តប្រមូលយកតែតុក្កតាធំៗប៉ុណ្ណោះ។
ស្រាប់តែពេលគេបើកថតតុរបស់នាង គេបានប្រទះឃើញរូបថតរបស់នាង និងរូបគេ ដែលបានថតជាមួយគ្នាំងពីកុមារភាព...
វីរៈស្រក់ទឹកភ្នែករលីងរលោង ពោលខ្សឹបៗ៖ «ទុកនៅទីនេះបានទេធីតា...? សុំទុកជាផ្នែកតូចមួយនៃការចងចាំផងបានទេ...?»
ទីបំផុត វីរៈបានដកយករូបថតមួយចំនួនដែលបង្ហាញពីភាពស្និទ្ធស្នាលខ្លាំងពេកចេញតែប៉ុណ្ណោះ។
រៀបចំសុខៗ គេក៏បានឃើញសៀវភៅកំណត់ហេតុរបស់នាង... គេបើកមើលទំព័រចុងក្រោយ ដែលមានចុះកាលបរិច្ឆេទ ២៣.០៨.២០១០៖
«យប់នេះ មេឃងងឹតឈ្លប់... លោកខែ និងផ្កាយមិនដឹងជាទៅណាអស់ទេ... ដូចជារូបខ្ញុំ និងគេអញ្ចឹង! យើងគេចមុខគ្នា ២ សប្តាហ៍ហើយ... ខ្ញុំនឹកគេណាស់! តើបងមាននឹកខ្ញុំដែរឬទេ...? ល្ងង់ណាស់ធីតា! ថ្ងៃដែលឯងសុំបែកពីគាត់ ឯងគួរតែដឹងថាមានលទ្ធផលបែបនេះហើយ...។ បន្ទប់របស់គាត់ងងឹតទៀតហើយ... តើនៅក្រុមហ៊ុនកំពុងធ្វើការឬ?»
កំពុងតែអានសុខៗ ម្តាយរបស់ធីតាក៏បានដើរចូលមក៖
អ្នកស្រីម្លិះ៖ «នេះឡាំងសម្រាប់ទុកដាក់អីវ៉ាន់... ឆាប់ប្រមូលទៅ!»
វីរៈ៖ «តើពេលណានាងអាចចេញពីមន្ទីរពេទ្យបានអ្នកមីង?»
អ្នកស្រីម្លិះ៖ «មួយអាទិត្យទៀត!»
វីរៈ៖ «តើខ្ញុំអាចឧស្សាហ៍ទៅសួរសុខទុក្ខនាងបានទេ...?»
អ្នកស្រីម្លិះ៖ «បាន... ប៉ុន្តែសុំកុំព្យាយាមរំលឹករឿងចាស់ៗអីណា៎!»
វីរៈ (អោនមុខ)៖ «បាទ... ខ្ញុំដឹងហើយ!»
បន្ទាប់ពីរៀបចំអីវ៉ាន់មួយគំនូររួចរាល់ វីរៈបានត្រឡប់ទៅងូតទឹក រួចប្រញាប់ប្រញាល់ទៅឯមន្ទីរពេទ្យដើម្បីមើលធីតា។
ថ្ងៃនេះ បុរសដែលបើករថយន្តបុកធីតាក៏បានមកសួរសុខទុក្ខនាងដែរ... គេបានទិញផ្លែឈើមួយកន្ត្រកយ៉ាងធំមកជូននាង៖
Mentos៖ «សួស្តី...!»
ធីតា៖ «សួស្តី...! តើលោកជាអ្នកណា?»
Mentos៖ «ខ្ញុំជាបុរសដែលនាងដើរចូលរថយន្តរបស់ខ្ញុំហ្នឹងណា៎! នាងដឹងទេ... បើនាងកើតអីទៅ ប្រាកដជា...»
ធីតា (អោនមុខ)៖ «សុំទោសផងណា៎ ដែលខ្ញុំមិនបានប្រយ័ត្ន...»
Mentos (លើកដៃសំពះទៅលើ)៖ «អរគុណព្រះជាម្ចាស់ហើយ ដែលនាងមិនកើតអីធ្ងន់ធ្ងរ...!»
ធីតាសើចបន្តិច រួចសួរ៖
ធីតា៖ «តើលោកឈ្មោះអីដែរ?»
Mentos៖ «អ្នកគ្រប់គ្នាតែងតែហៅខ្ញុំថា Mentos!»
ធីតា៖ «Brand name របស់ស្ករគ្រាប់ហ្នឹងហ្ហេះ?»
Mentos ងក់ក្បាល រួចលាដៃចេញមក... ធីតាលាដៃទទួល គេក៏ចាក់ស្ករគ្រាប់ Mentos ឱ្យនាងជាច្រើនគ្រាប់។
ធីតា៖ «តើលោកចូលចិត្តវាណាស់មែនទេ?»
Mentos៖ «មិនជាប៉ុន្មានទេ... សាកទាយមើលទៅមើល៍ តើខ្ញុំធ្វើការងារអ្វី?»
ធីតា៖ «ពាក់វ៉ែនតា ហើយស្លៀកពាក់តឹកណុយបែបនេះ... ធ្វើការក្រុមហ៊ុនមែនទេ?»
Mentos (សើច)៖ «មិនមែនទេ! ខ្ញុំជាគ្រូពេទ្យកុមារ ទើបតែបញ្ចប់ការសិក្សាមកពីប្រទេសអូស្ត្រាលី... ខ្ញុំតែងតែមានស្ករគ្រាប់ Mentos តាមខ្លួន ទុកសម្រាប់លួងក្មេងៗ!»
ធីតា៖ «តែខ្ញុំមិនមែនជាក្មេងៗទាំងនោះទេណា៎... មិនមែនអាយុ ២ ឆ្នាំទេ គឺ ២០ ឆ្នាំហើយ!»
Mentos (សើចយ៉ាងស្រស់)៖ «តែនាងជាអ្នកជំងឺ...! ខ្ញុំភ័យខ្លាំងណាស់នៅពេលដែលបុកនាង... មិនដែលភ័យបែបនេះទេ! កំពុងតែគិតថាចប់ហើយ អនាគត Doctor របស់ខ្ញុំ... ថែមទាំងខ្លាចនាងស្លាប់ដោយសារខ្ញុំទៀត! ខ្ញុំខ្យល់ចាប់ជិត ២ អាទិត្យ ទើបតែហ៊ានអើតក្បាលមកមើលនាងហ្នឹង...»
ធីតាញញឹមស្ងួតៗ...
នៅជ្រុងម្ខាងនៃទ្វារបន្ទប់... អ្នកកំលោះវីរៈកំពុងឈរស្ទាក់ស្ទើរមិនហ៊ានចូល។ នៅក្នុងដៃរបស់គេមានកាន់បាច់ផ្កាកុលាបពណ៍ផ្កាឈូកយ៉ាងធំ... ពេលឃើញមានគេកំពុងនិយាយសើចលេងជាមួយនាងយ៉ាងស្និទ្ធស្នាល។
Mentos ក្រឡេកភ្នែកឃើញវីរៈ ក៏ញញឹមរាក់ទាក់... បានជាជ្រុលជាឃើញទៅហើយ វីរៈក៏សម្រេចចិត្តដើរចូលទៅខាងក្នុង។
វីរៈ៖ «នេះ... ផ្កាសម្រាប់អូន!»
ធីតាទទួលយកបាច់ផ្កានោះមកហិតដោយស្នាមញញឹម...
Mentos៖ «សង្សាររបស់នាង ស្រឡាញ់នាងខ្លាំងណាស់តើ!»
វីរៈ (ប្រកែកទាំងស្ទាក់ស្ទើរ)៖ «ខ្ញុំ... មិនមែនជាសង្សាររបស់នាងទេ!»
Mentos៖ «តែថ្ងៃនោះ លោកស្ទើរតែដាល់ខ្ញុំទៅហើយ... ហើយថែមទាំងអង្គុយយំទៀតផង!»
វីរៈ (លើកដៃទៅអង្អែលក្បាលធីតាដោយកែវភ្នែកស្រទន់)៖ «ព្រោះ... ខ្ញុំជាបងប្រុសល្អរបស់នាង!»
ធីតា៖ «តែសោកស្តាយណាស់... ខ្ញុំបែរជាភ្លេចគាត់ទៅវិញ! គួរឱ្យស្អប់ខ្លួនឯងមែន...»
Mentos៖ «មិនអីទេ! នាងនឹងចងចាំគេវិញក្នុងពេលឆាប់ៗនេះមិនខាន... អូ! និយាយគ្នាយ៉ាងយូរ តើនាងឈ្មោះអ្វីដែរ?»
ធីតា៖ «ខ្ញុំឈ្មោះ គុណ កែវទេពធីតា...!»
វីរៈលួចគិតក្នុងចិត្ត៖ «អូនមិនបានប្តូរចរិតសូម្បីតែបន្តិច... នៅតែចូលចិត្តប្រាប់គេទាំងឈ្មោះ និងត្រកូលដដែល...!»
Mentos៖ «ពេលទំនេរ ខ្ញុំនឹងឧស្សាហ៍មកលេងនាង... ព្រោះនៅទីនេះ ខ្ញុំមិនទាន់មានមិត្តភក្តិនៅឡើយទេ!»

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments