18. សុំទោសគ្រប់យ៉ាង

📅 ចុះផ្សាយថ្ងៃ August 19, 2011 ·

នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ

ភាគទី១៨៖ សុំទោសគ្រប់យ៉ាង


អ្វីដែលវីរៈខិតខំបន់ស្រន់ មិនបានក្លាយជាការពិតឡើយ... គេបានទទួលទូរស័ព្ទពីឪពុករបស់ធីតា ដោយប្រាប់ថានាងកំពុងតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។ គេបើករថយន្តលឿនដូចហោះ សំដៅទៅមន្ទីរពេទ្យភ្លាមៗ ដោយមិនបានខ្វល់ខ្វាយពី រីយ៉ា ឡើយ ធ្វើឱ្យនាងឈរឆ្ងល់យ៉ាងខ្លាំងថា តើ «ធីតា» ជាអ្នកណាឱ្យប្រាកដ?

លុះទៅដល់មន្ទីរពេទ្យ វីរៈស្ទុះរត់ទៅរកឪពុករបស់ធីតាទាំងអន្ទះសា៖

វីរៈ៖ «លោកពូ... តើធីតាយ៉ាងម៉េចទៅហើយ?»

លោកសុថា (ឆ្លើយទាំងទឹកមុខព្រួយបារម្ភ)៖ «ពេទ្យកំពុងតែសង្គ្រោះ...!»

វីរៈ៖ «តើអ្នកណាជាអ្នកបុកនាង?»

បុរសម្នាក់ដែលកំពុងអង្គុយលើកៅអីក្បែរនោះ ពាក់វ៉ែនតាស្តើង ពោលឡើង៖

បុរសបើកបរ៖ «គឺ... ខ្ញុំ!»

វីរៈមិនខ្វាយខ្វល់ពីអ្វីទាំងអស់ គេស្ទុះទៅចាប់ក្របួចកអាវបុរសនោះទាំងកំហឹង៖

វីរៈ (ស្រែកទាំងទឹកភ្នែក)៖ «ហេតុអ្វីក៏ឯងបើករថយន្តមិនប្រយ័ត្នបែបនេះ?!»

លោកសុថាឃើញដូច្នេះ ក៏ប្រញាប់ស្ទុះទៅទាញឃាត់វីរៈចេញ៖

បុរសបើកបរ (ពោលទាំងភ័យស្លន់ស្លោ)៖ «លោក... លោកដឹងទេថា ខ្ញុំបានចុចស៊ីផ្លេយ៉ាងខ្លាំង និងជាន់ហ្វ្រាំងរហូតហើយ ប៉ុន្តែសាម៉ីខ្លួននាងផ្ទាល់ទេដែលដើរចូលរថយន្តដោយមិនដឹងខ្លួន...!»

វីរៈដកដៃចេញសន្សឹមៗ គេស្រក់ទឹកភ្នែក រួចត្រឡប់ទៅអង្គុយរង់ចាំនៅមុខបន្ទប់សង្គ្រោះបន្ទាន់ ទាំងដួងចិត្តសោកសៅសឹងតែបែកបាក់។

មួយសន្ទុះក្រោយមក លោកគ្រូពេទ្យបានដើរចេញពីបន្ទប់សង្គ្រោះ... អ្នកទាំងអស់គ្នាស្ទុះទៅសួរទាំងក្តីសង្ឃឹម៖

លោកសុថា៖ «តើយ៉ាងម៉េចហើយ លោកគ្រូពេទ្យ?»

លោកគ្រូពេទ្យ (ដកដង្ហើមធំ)៖ «ស្ថានភាពរបស់នាងមិនទាន់នឹងនរនៅឡើយទេ... ជាពិសេសត្រង់ក្បាល មានការប៉ះទង្គិចខ្លាំង និងហូរឈាមច្រើនពេក។ យប់នេះ បើនាងអាចឆ្លងផុត និងដឹងខ្លួនបាន នោះឱកាសរស់មានច្រើន...!»

គ្រាន់តែបានឮសម្តីលោកគ្រូពេទ្យភ្លាម អ្នកស្រីម្លិះ (ម្តាយរបស់ធីតា) ទន់ជង្គង់ចង់សន្លប់បាត់ស្មារតី... លោកសុថាត្រូវប្រញាប់គ្រាប្រពន្ធទៅសម្រាកនៅបន្ទប់ផ្សេង ដោយទុកឱ្យវីរៈនៅមើលថែ និងកំដរធីតា។

វីរៈដើរចូលទៅជិតគ្រែអ្នកជំងឺ សម្លឹងមើលផ្ទៃមុខស្លេកស្លាំងរបស់នាង។ គេលើកដៃអង្អែលក្បាលនាងដោយភាពទន់ភ្លន់ រួចនិយាយទាំងខំទប់ទឹកភ្នែកដែលហូរស្រក់មក៖

វីរៈ (ខ្សឹបប្រាប់នាង)៖ «តើអូនអាចផ្តល់ឱកាសឱ្យបង... ដើម្បីសុំទោសបានទេ...? ដា... ក្រោកឡើងបានទេអូន?»

គេចាប់ដៃតូចស្តើងរបស់នាងមកកាន់ជាប់៖

វីរៈ៖ «អូនមិនចង់ឱ្យបងយំទេមែនទេ...? បើចឹង អូនអាចក្រោកមកជូតទឹកភ្នែកឱ្យបងបានទេ...? បងតែងតែសន្យានឹងខ្លួនឯងថា នឹងមិនឱ្យដាត្រូវឈឺចាប់ឡើយ... ប៉ុន្តែទីបំផុត បងនៅតែជាមនុស្សតែម្នាក់ដែលធ្វើឱ្យអូនត្រូវយំ និងឈឺចាប់។ បងសុំទោស... បងចង់ឮដាស្តីបន្ទោសឱ្យបង ចង់ឱ្យដាវាយទះបងតាមចិត្ត...! មនុស្សស្រីម្នាក់នោះ (រីយ៉ា) គេស្អាត... គេឆ្លាត... ប៉ុន្តែគេមិនអាចជំនួសមនុស្សដែលកំពុងគេងនៅទីនេះបានជារៀងរហូតឡើយ! អូនឮទេដា...?»

គេអោនចុះ យំថើបខ្នងដៃរបស់នាងយ៉ាងអាណិតស្រឡាញ់៖

វីរៈ៖ «បើថ្ងៃនោះ... បងមិនយល់ព្រមបែកគ្នាទេ... ម្ល៉េះក៏មិនមានថ្ងៃនេះដែរមែនទេ...?»

នៅខាងក្រៅបន្ទប់... លោកសុថា និងក្រុមគ្រួសាររបស់វីរៈ កំពុងតែឈរសម្លឹងមើលវីរៈនិយាយទៅកាន់ធីតា តាមរយៈកញ្ចក់បង្អួចទាំងក្តុកក្តួលចិត្ត។

លោកយាយ (ស្រក់ទឹកភ្នែក ពោលទាំងអាណិត)៖ «អញដូចជាអាណិតក្មេងទាំងពីរនាក់នេះខ្លាំងណាស់... ឱ! ធីតាចៅយាយអើយ... យាយពិតជាទុកឯងជាចៅប្រសារពិតប្រាកដមែនណា៎!»

លោកវីរ៉ា (ដកដង្ហើមធំ)៖ «រឿងហេតុនៅលើលោកនេះ... តើអ្នកណាទៅដឹងមុន និងអាចគ្រប់គ្រងវាបានទៅម៉ែ? ទុកឱ្យគេនៅទីនេះកំដរនាងចុះ...»

លោកសុថា៖ «ហៅគេទៅផ្ទះក៏គេមិនទៅដែរ... ចាត់ទុកថាឱ្យគេនៅកំដរនាងក្នុងនាទីចុងក្រោយនេះចុះ!»

ពេញមួយយប់នោះ... វីរៈមិនបានចាកចេញពីក្បែរគ្រែរបស់ធីតាឡើយ ទោះបីជាលោកសុថាព្យាយាមឃាត់ឱ្យគេទៅសម្រាកយ៉ាងណាក៏ដោយ។ គេនៅតែអង្គុយប្រាប់រឿងរ៉ាវគ្រប់យ៉ាង កាលពីពួកគេនៅក្មេង កាលដែលគេចេះប្រចណ្ឌ យកមកប្រាប់នាងទាំងស្នាមញញឹមលាយទឹកភ្នែក៖

វីរៈ៖ «ធីតាដឹងទេ...? បងតែងតែចង់ធ្វើជាគ្រូពេទ្យ... ចង់ធ្វើជាអ្នកព្យាបាលជំងឺឱ្យអូន... ទោះបីជាបងស្អប់មុខវិជ្ជាជីវវិទ្យាចង់ស្លាប់ ហើយថែមទាំងអន់មុខវិជ្ជាគីមីទៀតផង។ ប៉ុន្តែដោយសារតែអូន ទើបបងខិតខំរៀនរហូតបាន A ទាំងអស់... តើអូនជឿទេថា បងចាំឈ្មោះថ្នាំរបស់អូនទាំងអស់? ថ្ងៃដំបូងដែលបងដឹងថាអូនមានជំងឺ... បងបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើជាអ្នកជួយសម្រាលទុក្ខអូន...»

គេញញឹមស្រទន់ សម្លឹងមើលមុខនាង រួចនិយាយបន្ត៖

វីរៈ៖ «កាលនោះ... ពេលប្រធានថ្នាក់ឆាយបីអូន... បងពិតជាស្អប់ខ្លួនឯងខ្លាំងណាស់! ហេតុអ្វីបានជាបងមិនខ្ពស់ជាងអូន មិនអាចបីអូនបាន...? បងបានប្រាប់ និងហ្វឹកហាត់ខ្លួនឯងជាច្រើន... គួរឱ្យអស់សំណើចណាស់មែនទេ? បងថែមទាំងធ្លាប់លួចយកសំបុត្រស្នេហាដែលគេផ្ញើឱ្យអូនយកទៅចោលទៀតផង... គួរឱ្យស្អប់ណាស់មែនទេដែលបងមិនមែនជាសុភាពបុរសបែបនេះ? លួចស្រឡាញ់ដាអស់រយៈពេលជាច្រើនឆ្នាំ តែមិនហ៊ានសារភាព... ពិតជាល្ងង់ខ្លាំងណាស់...! តើអូនអាចក្រោកឡើងដើម្បីបងបានទេ...? ឈប់គេងទៅណា៎... យើងទៅលេងផ្ទះចាស់របស់ដា... យើងទៅលេងសមុទ្រជាមួយគ្នាទៀតល្អទេ? កុំទុកឱ្យបងនៅម្នាក់ឯងអី... បងមិនដឹងថានឹងត្រូវប្រើហេតុផលបែបណា ដើម្បីរស់នៅដោយគ្មានអូននោះទេ!! បងនឹងធ្វើជាបងប្រុសដ៏ល្អ... បងសន្យា! ឈប់គេចមុខគ្នាតទៅទៀតទៅ... បងពិតជានឹកដាខ្លាំងណាស់...»

ព្រះអាទិត្យអរុណោទ័យបានរះឡើង... ពន្លឺថ្ងៃដំបូងបានចាំងចូលតាមបង្អួចមកកាន់បន្ទប់។ វីរៈកំពុងតែគេងលក់ដោយអោបដៃរបស់នាងយ៉ាងជាប់។

ភ្លាមៗនោះ... ម្រាមដៃតូចៗរបស់ធីតាហាក់ដូចជាមានចលនាកម្រើកបន្តិច ហើយបានប៉ះមកលើផ្ទៃមុខរបស់វីរៈ...!

ការប៉ះពាល់ដ៏ស្រាលស្រទន់នេះ បានធ្វើឱ្យវីរៈដឹងខ្លួនស្ទុះភ្ញាក់ឡើងទាំងក្តីសង្ឃឹមយ៉ាងមុតមាំ រួចគេក៏ស្ទុះរត់យ៉ាងលឿនទៅហៅលោកគ្រូពេទ្យមកពិនិត្យអាការៈរបស់នាងភ្លាមៗ...!

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។

Comments

MagicKiss said…
kom sot nas :'( som cry 1 sin.......