17. Car Accident
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី១៧៖ គ្រោះថ្នាក់ចរាចរណ៍
ដោយដឹងថា ធីតា តែងតែសំងំខ្លួននៅក្នុងផ្ទះ មិនព្រមចេញទៅណា វីរៈបានទូរស័ព្ទទៅ បងម៉ាប់ និង សំណាង ដែលជាមិត្តភក្តិ ឱ្យជួយណាត់នាងចេញមកខាងក្រៅ ដើម្បីឱ្យនាងបានលំហែអារម្មណ៍ និងធូរស្រាលក្នុងចិត្តខ្លះ។
បងម៉ាប់ក៏បានចុចទូរស័ព្ទទៅកាន់ធីតា៖
បងម៉ាប់៖ «អាឡូ... ធីតា!»
ធីតា៖ «ចាស បង...!»
បងម៉ាប់៖ «យើងដូចជាខានជួបគ្នាយូរហើយ... ថ្ងៃអាទិត្យនេះធីតាទំនេរទេ? យើងទៅមើលកុន 3D ទើបតែបើកនៅសូរិយា តើល្អទេ?»
ធីតា (ស្ទាក់ស្ទើរ)៖ «ល្អតើបង... តែបងវីរៈបែបជាមិនបានទៅទេដឹង?»
បងម៉ាប់៖ «មិនអីទេ...! ឱ្យតែធីតាបានទៅ ទៅបានគ្នានឹងបង និងសំណាង... អូខេ! ចឹងជួបគ្នានៅផ្សារសូរិយា ម៉ោង ៣:០០ ណា៎!»
ធីតា៖ «ចាស បង...!»
ថ្ងៃអាទិត្យក៏បានឈានចូលមកដល់... នៅក្នុងផ្ទះរបស់វីរៈ៖
អ្នកស្រីភួង (សម្លឹងមើលកូន)៖ «វីរៈ... មិនចេញទៅក្រៅទេឬកូន?»
វីរៈ (ឆ្លើយទាំងក្រញ៉ូវ)៖ «អត់ទេ...!»
អ្នកស្រីភួង៖ «កូនទៅបបួលរីយ៉ាទៅដើរលេងខាងក្រៅទៅ...»
វីរៈសម្លឹងមើលមុខម្តាយ ធ្វើមុខចង់ប្រកែកភ្លាមៗ...
អ្នកស្រីភួង (ដកដង្ហើមធំ)៖ «កូន... អ្វីៗវាកើតឡើងរួចទៅហើយ! ហេតុអ្វីមិនប្រឹងប្រែងយល់ចិត្តគ្នាខ្លះទៅ?»
វីរៈ (ស្រែកប្រាប់ទាំងឈឺចាប់)៖ «ម៉ាក់ដឹងទេ...? បីអាទិត្យហើយដែលខ្ញុំមិនបានទៅជួបធីតា... បីអាទិត្យហើយដែលខ្ញុំនឹកនាងស្ទើរឆ្កួត ដោយបានត្រឹមតែឈរលួចសម្លឹងមើលតាមបង្អួច! ខ្ញុំកំពុងតែកាត់ចិត្ត... ឱ្យខ្ញុំបានស្ងប់ស្ងាត់ខ្លះមិនបានទេឬ?»
លោកវីរ៉ា (តបដោយសំឡេងម៉ឺងម៉ាត់)៖ «ហេតុហ្នឹងហើយ ទើបឯងត្រូវតែទៅស្និទ្ធស្នាលជាមួយរីយ៉ា ដើម្បីបំភ្លេចនាង...!»
ភ្លាមៗនោះ ទូរស័ព្ទរបស់វីរៈក៏រ៉ោទិ៍ឡើង... គឺជារបស់ រីយ៉ា។ គេឈរស្ទាក់ស្ទើរមិនចង់ទទួលឡើយ ប៉ុន្តែម្ដាយគេបានស្ទុះទៅចុចទទួល រួចហុចទូរស័ព្ទឱ្យគេ។
រីយ៉ា៖ «អាឡូ... វីរៈ!»
វីរៈ (ឆ្លើយទាំងគ្មានព្រលឹង)៖ «បាទ...»
រីយ៉ា៖ «ថ្ងៃនេះទំនេរទេ?»
គេឈរស្ងៀមមួយសន្ទុះ សម្លឹងមើលមុខឪពុកដែលកំពុងសម្លឹងមកគេយ៉ាងម៉ឺងម៉ាត់៖
វីរៈ៖ «ទំនេរ...!»
រីយ៉ា៖ «ជួយទៅជ្រើសរើសអាវបបុរសឱ្យខ្ញុំបន្តិចមក ទុកជូនកាដូថ្ងៃខួបកំណើតបងប្រុសជីដូនមួយរបស់ខ្ញុំណា៎!»
វីរៈ៖ «អូខេ! តើម៉ោងប៉ុន្មានយើងទៅ? ចាំខ្ញុំទៅទទួល...»
រីយ៉ា៖ «ម៉ោង ២:៣០ នាទី នៅផ្សារសូរិយា!»
វីរៈ៖ «បាទ...!»
ថ្ងៃនេះ មេឃស្រទុំខ្លាំង... រកកលនឹងមានភ្លៀងធ្លាក់។
វេលាម៉ោង ២:៣០ នាទីរសៀល វីរៈបានបើករថយន្តទៅទទួលរីយ៉ា... ពួកគេបានដើរចូលមើលហាងសម្លៀកបំពាក់ជាច្រើន ប៉ុន្តែមិនទាន់ត្រូវចិត្តឡើយ។ ទីបំផុត រីយ៉ាក៏បានក្រឡេកឃើញអាវមួយដែលនាងពេញចិត្ត នៅជិតកន្លែងជណ្តើរយន្តយន្តឡើង...។
ចៃដន្យអ្វី ធីតាក៏កំពុងតែជិះជណ្តើរយន្តឡើងមកដល់ជាន់នោះដែរ... ភ្នែករបស់នាងបានប្រទះឃើញ វីរៈ និង រីយ៉ា កំពុងឈរមើលអាវជាមួយគ្នា។ រីយ៉ាបានទាញអាវនោះទៅវាស់ទំហំខ្នងរបស់វីរៈ ក្នុងកាយវិការយ៉ាងស្និទ្ធស្នាល និងផ្អែមល្ហែម។
ធីឈរស្ងៀម សម្លឹងមើលទៅរីយ៉ាទាំងបេះដូងប្រេះឆា... នាងគិតក្នុងចិត្ត៖ «គេទាំងពីរពិតជាសមគ្នានាស់... នាងពិតជាស្អាតខ្លាំងណាស់...»
ប៉ុន្តែចង្វាក់បេះដូងរបស់នាងហាក់ដូចជាលោតញាប់ឡើងៗ ភាពឈឺចាប់បានបុកម្នេញពេញទ្រូង។ ស្រាប់តែពេលដែលវីរៈងាកមុខមកខាងក្រៅ ធីតាក៏ស្ទុះរត់ចេញភ្លាមៗ ព្រោះនាងភ័យខ្លាចថាអ្នកទាំងពីរត្រូវទល់មុខគ្នា។ នាងរត់យ៉ាងលឿន សំដៅចុះទៅជាន់ក្រោមវិញ...!
លុះរត់ទៅដល់ខាងក្រោម នាងក៏ឈប់រត់ ប៉ុន្តែបែរជាដើរត្រដាបត្រដួសដោយគ្មានទិសដៅ ចេញទៅខាងក្រៅក្រោមផ្ទៃមេឃដែលកំពុងតែមានភ្លៀងធ្លាក់ និងផ្គរលាន់គ្រហឹមយ៉ាងខ្លាំង។ នាងដើរទៅចំហៀងផ្សារ ហើយឆ្លងថ្នល់ទាំងគ្មានព្រលឹងនៅក្នុងខ្លួន... ទោះបីជាមានសំឡេងស៊ីផ្លេឡានចុចបំផ្លុំយ៉ាងខ្លាំងស្ទើរតែខ្ទរផ្លូវយ៉ាងណាក៏ដោយ ក៏នាងនៅតែបន្តដើរសំដៅទៅមុខដោយមិនដឹងខ្លួន។
ប្រាំង...!
រថយន្តហ្វ្រាំងមិនទាន់... ទីបំផុត រាងកាយតូចច្រឡឹងរបស់ធីតាក៏ត្រូវរថយន្តបុកយ៉ាងពេញទំហឹង...!
បុរសវ័យប្រហែល ២០ ឆ្នាំក្រាស់ ពាក់វ៉ែនតាស្តើងម្នាក់ បានប្រញាប់ប្រញាល់ចុះពីលើរថយន្ត មកមើលអាការៈរបស់នាងទាំងភ័យស្លន់ស្លោ...។ សម្លៀកបំពាក់ពណ៌សក្បុសរបស់នាង ត្រូវប្រឡាក់ដោយឈាមស្រក់ជោក... ជាពិសេស ក្បាលរបស់នាងបានបោកនឹងថ្នល់យ៉ាងខ្លាំង។ តំណក់ទឹកភ្លៀងបានហូរច្របូកច្របល់ជាមួយឈាមដែលហូរចេញពីរប្រហោងរបួសយ៉ាងក្រហមឆ្អិនឆ្អៅ...។ មិនបង្អង់យូរ អ្នកកំលោះប្រញាប់ទាញទូរស័ព្ទចុចហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាមៗ...!
និយាយអំពី បងម៉ាប់ វិញ គេបានព្យាយាមទូរស័ព្ទទៅធីតាយ៉ាងណាក៏គ្មានការឆ្លើយតបឡើយ។ គេក៏តេទៅម្តាយរបស់នាង... ប៉ុន្តែគាត់ប្រាប់ថា នាងបានចេញពីផ្ទះយូរហើយ។ នៅមិនសុខ ទាំងបងម៉ាប់ និង សំណាង បានសម្រេចចិត្តចុះមកខាងក្រោម ប៉ុន្តែស្រាប់តែបានជួបនឹង វីរៈ ដែលកំពុងដើរជាមួយរីយ៉ា។
វីរៈភ្ញាក់ផ្អើលជាខ្លាំង៖
វីរៈ៖ «បងម៉ាប់...! ឯណាធីតា?»
បងម៉ាប់ (ពោលទាំងក្តៅក្រហាយ)៖ «បងដឹងពីហេតុផលដែលនាងបាត់ខ្លួនហើយ...!»
បងម៉ាប់បានរៀបរាប់ប្រាប់វីរៈគ្រប់យ៉ាង... រួចពួកគេក៏ប្រញាប់ប្រញាល់បែកផ្លូវគ្នាយ៉ាងខ្វល់ខ្វាយដើម្បីតាមស្វែងរកនាង។
ស្រាប់តែមានអ្នកដំណើរដើរកាត់ជជែកគ្នា៖
អ្នកដំណើរ ១៖ «នារីម្នាក់អំបាញ់មិញ ហេតុអ្វីក៏ឆ្លងថ្នល់មិនមើលអញ្ចឹង? ឡានចុចស៊ីផ្លេចង់ផ្ទុះទៅហើយ...!»
វីរៈឮស្រក់ៗបែបនេះភ្លាម... ថង់យួរនៅក្នុងដៃរបស់គេក៏របូតជ្រុះចុះទៅដី។ គេស្ទុះម្នីម្នាទៅចាប់អង្រួនស្មារបស់អ្នកដំណើរនោះទាំងភ័យរន្ធត់៖
វីរៈ (ស្រែកសួរ)៖ «តើនារីម្នាក់នោះ អាយុប៉ុន្មាន...? ស្អាតដែរទេ...? ស្លៀកសម្លៀកបំពាក់បែបណា...? តើនាងត្រូវធ្ងន់ធ្ងរទេ...?»
អ្នកដំណើរបុរសម្នាក់ទៀតតប៖ «អាយុប្រហែល ២០ ឆ្នាំជាង... ស្អាតឬមិនស្អាតខ្ញុំមិនដឹងទេ ព្រោះមុខប្រឡាក់ឈាមពេញ... ពេលនេះគេបញ្ជូនទៅមន្ទីរពេទ្យហើយ!»
វីរៈរត់ចេញទៅដូចជាមនុស្សឆ្កួត... គេមិនខ្វល់ពីអ្នកណាម្នាក់ឡើយ។ គេទាញទូរស័ព្ទចុចទៅគ្រប់មន្ទីរពេទ្យ ទាំងទឹកភ្នែក និងការបន់ស្រន់សុំកុំឱ្យនារីគ្រោះថ្នាក់នោះគឺជា ធីតា ឱ្យសោះ...!
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·
💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments