16. នឹកនាយ៉ាងស្ងៀមស្ងាត់
បេះដូងជ្រាលជ្រៅរបស់ខ្ញុំ
ភាគទី១៦៖នឹកនាយ៉ាងស្ងៀមស្ងាត់
ពេលចេញទៅ មេឃត្រឹមតែរលឹមស្រិចៗ... ប៉ុន្តែពេលត្រឡប់មកវិញ ភ្លៀងធ្លាក់យ៉ាងជោគជាំដូចជាគេចាក់ទឹក។ វាប្រៀបដូចជាពាក្យពេចន៍ដែលស្ងាត់ស្ងៀម ប៉ុន្តែបេះដូងខាងក្នុងកំពុងតែកន្ត្រាក់ឈឺចាប់យ៉ាងខ្លាំង។
ពួកគេបានត្រឡប់ចូលផ្ទះវិញ ដើម្បីសុំទោសអ្នកមានគុណទាំងសងខាង... ប៉ុន្តែពុំមានគ្រួសារខាងណាប្រកាន់ទោសពៃរ៍ ឬខឹងសម្បារឡើយ ដោយសារតែយល់ពីជម្រៅចិត្តកូនៗ។
វីរៈបានប្រញាប់ប្រញាល់ទៅសួរសុខទុក្ខ និងមើលថែលោកវីរ៉ានៅមន្ទីរពេទ្យ។ បន្ទាប់មក គេក៏ត្រឡប់ទៅគ្រប់គ្រងការងារនៅក្រុមហ៊ុនវិញ ដោយព្រមទទួលយកសំណើរបស់ លោកម្ចាស់វឌ្ឍនៈ ហើយរៀបចំការណាត់ជួបជាមួយចៅស្រីរបស់គាត់ ក្រោយពេលដែលឪពុកបានជាសះស្បើយ។
ចាប់តាំងពីថ្ងៃនោះមក ទាំងវីរៈ និងធីតា សុទ្ធតែខិតខំយកការងារ និងការសិក្សា មកបន្លប់អារម្មណ៍នឹកនា និងភាពឈឺចាប់គ្រប់យ៉ាង។
វីរៈតែងតែយកលេសថារវល់កិច្ចការក្រុមហ៊ុន ដើម្បីចៀសវាងការទៅទទួលធីតាដូចមុន។ គេត្រឡប់មកដល់ផ្ទះវិញនៅពេលយប់ជ្រៅ ក្រោយម៉ោងដែលធីតាគេងលក់តែប៉ុណ្ណោះ។ ចំណែកធីតាវវិញ នាងខិតខំហាត់សមរាំនៅឯសាលា ធ្វើដូចជាគ្មានរឿងអ្វីកើតឡើងចំពោះរូបនាងឡើយ។ នាងតែងតែយកលេសថា ជិតដល់ថ្ងៃសម្តែង ទើបត្រូវប្រឹងហាត់បន្តិច ទោះជាមានការហាមឃាត់ពីគ្រួសារយ៉ាងណាក៏ដោយ។
ប៉ុន្តែជារៀងរាល់យប់... នាងតែងតែឈរលួចសម្លឹងមើលបន្ទប់ដ៏ងងឹតសូន្យឈឹងរបស់វីរៈពីចម្ងាយ។ ពួកគេបានត្រឹមតែលួចនឹកគ្នាយ៉ាងស្ងៀមស្ងាត់នៅក្នុងចិត្ត...។
ថ្ងៃដែលវីរៈមិនទន្ទឹងរង់ចាំទាល់តែសោះក៏បានមកដល់... លោកម្ចាស់វឌ្ឍនៈ បានណាត់គ្រួសាររបស់គេឱ្យទៅទទួលទានអាហារល្ងាចនៅឯវីឡារបស់គាត់។
ទឹកមុខដ៏មុះមុត ដំណើរដើរយ៉ាងស្វាហាប់ និងស្នាមញញឹមនៅលើផ្ទៃមុខ... តើមានមនុស្សប៉ុន្មាននាក់ទៅដែលដឹងថា នៅក្នុងបេះដូងរបស់គេកំពុងតែឈឺចាប់ និងភ័យខ្លាចខ្លាំងប៉ុណ្ណា?
ស្រាប់តែនារីដ៏ស្រស់ស្អាតម្នាក់ វ័យ ២០ ឆ្នាំស្តើង សក់ខ្លីប្រះស្មា មានកម្ពស់សមល្មមនឹងវីរៈ បានដើរចុះពីជណ្តើរដោយភាពជឿជាក់យ៉ាងពេញលេញ អមដោយរ៉ូបពណ៌ខ្មៅយ៉ាងស៊ីវិល័យ៖
លោកវឌ្ឍនៈ (ណែនាំដោយស្នាមញញឹម)៖ «នេះ រីយ៉ា ចៅស្រីរបស់ខ្ញុំ!»
រីយ៉ាបានលើកដៃជម្រាបសួរចាស់ទុំ រួចពោលពាក្យសួស្តីយ៉ាងស្និទ្ធស្នាលទៅកាន់វីរៈផងដែរ។
អាហារល្ងាចដ៏បរិបូរណ៍ត្រូវបានបញ្ចប់ទៅ ជាមួយនឹងការសន្ទនាយ៉ាងស៊ីចង្វាក់គ្នា។ ទោះជាការជួបគ្នានេះជាលើកដំបូងក៏ដោយ ប៉ុន្តែ រីយ៉ា និង វីរៈ និយាយត្រូវគ្នាយ៉ាងល្អ... ព្រោះពួកគេសុទ្ធតែជាមនុស្សពូកែខាងផ្នែកពាណិជ្ជកម្ម និងជំនួញដូចគ្នា។
លោកវឌ្ឍនៈ (សើចបណ្តើរ និយាយបណ្តើរ)៖ «មើលទៅ អ្នកទាំងពីរនិយាយស៊ីចង្វាក់គ្នាមែនតើ! កម្រមានអ្នកណានិយាយត្រូវគំនិតជាមួយចៅរីយ៉ាណាស់!»
រីយ៉ា៖ «មែនហើយលោកតា! កម្រមានអ្នកណាអាចឆ្លើយឆ្លងជំនួញជាមួយខ្ញុំបានយ៉ាងស្ទាត់ជំនាញបែបនេះណាស់...»
វីរៈ (ញញឹមស្ងួត)៖ «ប្រហែលជាមិនទាន់ដល់កន្លែងទាល់គំនិតទេដឹង កញ្ញារីយ៉ា!»
លោកវឌ្ឍនៈ៖ «ចេះដាក់ខ្លួនមែនវីរះនេះ...! បើទំនេរ ឧស្សាហ៍មកលេងរីយ៉ាផងណា៎!»
អ្នកស្រីភួង៖ «មែនហើយ! ទំនេរៗ នាំប្អូនទៅដើរលេងខ្លះទៅមើល៎... កូនទាំងពីរដូចជាមានជំងឺ Stress ក្នុងការងារដូចគ្នា!»
វីរៈ (ញញឹមស្រទន់បែបគួរសម)៖ «បាទ... អ្នកម៉ាក់!»
ម៉ោងប្រហែល ៩:០០ នាទីយប់ គ្រួសាររបស់វីរៈបានធ្វើដំណើរត្រឡប់មកដល់ផ្ទះវិញ...
អ្នកស្រីភួង (ពោលសរសើរ)៖ «មើលទៅរីយ៉ា ទាំងស្អាត ទាំងឆ្លាតគួរសម... មិនចាញ់ធីតាប៉ុន្មានទេ!»
លោកវីរ៉ា៖ «មែនហើយ! ប្រហែលជាសំណាងរបស់កូនយើងហើយ ដែលបានជួបមនុស្សស្រីល្អបែបនេះ...»
វីរៈចាប់ផ្តើមមានអារម្មណ៍មិនសប្បាយចិត្តភ្លាមៗ នៅពេលដែលឪពុកម្តាយយកមនុស្សដែលគេស្រឡាញ់ទៅប្រៀបធៀបជាមួយរីយ៉ា ព្រោះនៅក្នុងចិត្តរបស់គេ ធីតានៅតែជានារីដែលល្អឥតខ្ចោះ និងមានតម្លៃបំផុត។ គេពោលឡើងទាំងអាក់អន់ចិត្ត៖
វីរៈ៖ «ធីតា... មិនអាចយកទៅប្រៀបធៀបជាមួយអ្នកណាទាំងអស់!»
ឪពុកម្តាយរបស់គេស្ងាត់មាត់ភ្លាម ដោយដឹងខ្លួនថា ពួកគាត់មិនគួររំលឹកឈ្មោះធីតា និងជាពិសេសយកនាងទៅប្រៀបធៀបជាមួយរីយ៉ាបែបនេះឡើយ...।
ធីតា ជានារីដ៏ល្អ ប្រៀបបាននឹង ផ្កាឈូក ដែលជាផ្កាសម្រាប់ដង្វាយព្រះ... នាងមានភាពទន់ភ្លន់ ចិត្តល្អ និងតែងតែគិតគូរដល់មនុស្សជុំវិញខ្លួនជានិច្ច។
រីយ៉ា ជានារីស្រស់ឆើតឆាយ ប្រៀបបាននឹង ផ្កាកុលាបក្រហម ដែលមនុស្សគ្រប់គ្នាប៉ងប្រាថ្នាចង់បាន... ប៉ុន្តែផ្កានេះពោរពេញដោយបន្លា។ នាងជានារីសម័យថ្មី មានឯករាជ្យភាព ឆ្នាស់ឆ្នើម និងពោរពេញដោយភាពជឿជាក់លើខ្លួនឯង។
ផ្កាឈូក ឬផ្កាកុលាប... សុទ្ធតែជាផ្កាដែលមានសម្រស់ស្រស់ស្អាតរៀងៗខ្លួន មិនអាចប្រៀបធៀបថាម្នាក់ណាល្អជាងម្នាក់ណាបានឡើយ។ វាអាស្រ័យទៅលើថា មនុស្សម្នាក់ៗចូលចិត្ត និងស្រឡាញ់ផ្កាមួយណាប៉ុណ្ណោះ...។
ពេលវីរៈត្រឡប់មកដល់ផ្ទះវិញ គេនៅតែឃើញភ្លើងនៅក្នុងបន្ទប់របស់ធីតាបើកភ្លឺដដែល។
កំលោះសង្ហារបានបិទភ្លើងនៅក្នុងបន្ទប់របស់ខ្លួន... ប៉ុន្តែកែវភ្នែកដ៏ស្រពោនរបស់គេ កំពុងតែឈរស្ងៀមសម្លឹងមើលស្រមោលរបស់នារីម្នាក់ដែលកំពុងតែរាំនៅក្នុងបន្ទប់នោះយ៉ាងយកចិត្តទុកដាក់។
នៅក្នុងចិត្ត គេចង់ស្រែកប្រាប់នាងណាស់ថា៖ «កុំហាត់ខ្លាំងពេកអី... អូនពូកែស្រាប់ហើយ! ចូលគេងទៅណា៎... តើដាដឹងទេថាបងបារម្ភអូនប៉ុណ្ណា...?»
មនុស្សពីរនាក់ រស់នៅផ្ទះក្បែរគ្នា តែបេះដូងប្រែជាឆ្ងាយសែនឆ្ងាយ ព្រោះតែការឃាត់ឃាំងចិត្តខ្លួនឯងមិនឱ្យទៅជួបនាង...។
តើការឈឺចាប់ដ៏ស៊ីជម្រៅមួយនេះ គ្រាន់តែជាការឈឺចាប់បណ្តោះអាសន្ន ឬក៏ជាស្រមោលអន្ទោលតាមប្រាណដែលត្រូវតាមលងបន្លាចគេពេញមួយជីវិត?
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments
= = feel so sad for thida....