រឿង វិស្សមកាលស្នេហ៏
វគ្គទី៧ ៖ ប្រចណ្ឌ
ថ្ងៃនេះមានក្រុមទេសចរណ៍ បែបអ្នកហាយសូរមកពីភ្នំពេញ គឺ ស្រី២នាក់ និង ប្រុស២នាក់។
ពួកគេមកដល់នៅកន្លែងទទួលភ្ងៀវ
- នេះឯងច្បាស់ហើយថា បងភាណុគាត់មកសម្រាន្តនៅ ផ្ទះសំណាក់ សម្រែៗបែប
នេះ ?
នារីវ័យជាង២០ឆ្នាំ សក់រួយពាក់វែនតាខ្មៅ ជជែកគ្នាជាមួយនារី ដែលដងខ្លួនស្វែល ទម្រង់មុខវី បែបស៊ីចស៊ី ។
- សារ៉ាវុធ គឺប្រាប់ថានៅទីនេះ !
មិនអស់ចិត្ត នាងសួក៏សួរទៅហ្សូលី
- នាងទីនេះមានភ្ងៀវឈ្មោះកែវភាណុទេ?
- ចាស! មានពូភាណុគាត់ជួលបន្ទប់នៅទីនេះ! បងមករកគាត់?
នីតា ជានារីស្រល់ស្អាត ក្នុងត្រកូលអ្នកមាន ដែលគ្រួសាររបស់ភាណុបំរុងរៀបចំជា គូស្រករ តែទាស់ថា គេមិនបានស្រឡាញ់នាងទាល់តែសោះ ហើយក៏ជាចំណែកដែលធ្វើឲ្យគេរត់មកដល់កោះរ៉ុងនេះដែរ។
ដោយសារតែរូបថតរបស់សារ៉ាវុធថតជាប់ភាណុពេលទៅដើរលេង ទើបធ្វើឲ្យនាងដឹងថាគេនៅកោះរ៉ុង ទើបបបួលមិត្តភក្តិនាង ដាលីស ដេវិត និង មង្គលមកលេងទីនេះរកគេ។
- មែនហើយ ! យើងជាសង្សារនឹងគ្នា ជួយរៀបចំបន្ទប់នៅជិតគាត់មក !
ហ្សូលីសម្លឹងមើលនីតា ហើយក៏នឹកដល់ពាក្យដែលគេប្រាប់ថា មិនមានសង្សារ ។ តើម្នាក់ណា និយាយមិនពិត ? តែចិត្តនាងក៏យល់ថាភាណុកុហុកព្រោះនីតានេះស្អាតសមជាសង្សាររបស់គេ ចឹងគឺមានន័យថា គេលេងសើចនឹងនាង។
- បន្ទប់ជាប់គាត់គ្មានទេ !
- ចឹងយកក្បែរៗនោះមក !
ដល់ម៉ោងចេញពីធ្វើការ ភាណុត្រលប់មកផ្ទះសំណាក់ ដានី ពិសិដ្ឋ ហើយក៏ឆ្លៀតទៅមើលមុខក្រាស់ តែនាងបែរជាធ្វើមុខក្រញ៉ៅមិនញញឹមញញែមដាក់គេដូចរាល់ដងសោះ។
- តើថ្ងៃនេះនាងធ្វើការហត់ឬ?
ភាណុគិតក្នុងចិត្ត រួចចាកចេញទៅបន្ទប់គេវិញ។ មកដល់វិញបន្ទប់ ក៏ភ្ងាក់ផ្អើរនឹងវត្តមាន របស់នីតា អង្គុយចាំនៅមុខបន្ទប់តែម្តង ។
- បងភាណុ!បងមកវិញហើយ?
- នេះនីតា ដឹងថាខ្ញុំនៅទីនេះដោយរបៀបណា។
- គឺខ្ញុំសួរ សារ៉ាវុធហ្នឹងណា !
ភាណុហាក់ប្រែទឹកមុខមិនសូវជាសប្បាយចិត្ត
(សារ៉ាវុធ ចេះរាយការណ៍ពីដំណឹងមេផង)
- ខ្ញុំនឹកបងណាស់! ល្ងាចនេះយើងញុំាបាយជាមួយគ្នា !
កំពុងជជែកគ្នានឹងនីតាតែកែវភ្នែកសម្លឹងមើលមនុស្សម្នាក់កំពុងបណ្តើរឆ្កែដើរទៅកាត់បន្ទប់ ។
- បាន! នាងទៅបន្ទប់វិញទៅ !គេមើលមកមិនល្អទេ !
- ខ្ញុំមិនប្រកាន់ទេ!អ្នកណាគិតអីគិតទៅ!
- តែខ្ញុំប្រកាន់!យើងទៅបាយក្រៅផ្ទះសំណាក់ទៅ!
- ខ្ញុំកក់ម្ហូបនៅទីនេះរួចហើយ!
- អូខេ ! ល្ងាចជួបគ្នា ! នាងទៅវិញទៅ!
ភាណុ កំពុងតែសាង ក្រេឌីត ជាមនុស្សប្រុសល្អម្នាក់ បែរជាលិចវត្តមាននារី មកពាក់ពន្ធ័ កាន់តែសាងស្មុគស្មាញ ចំពោះស្នេហាគេ។
នីតាបានកំម៉ង់ម្ហូបជាច្រើនមុខ
- នេះសាច់ខ្លោចពេកខ្ញុំមិនយកទេ!
នីតានិយាយដាក់ហ្សូលីដែលលើកសាច់អាំងមក
- ដាក់មកនេះខ្ញុំអ្នកញុំា!
ភាណុទទួលយកសាច់ចេញពីដៃហ្សូលី។
នីតាបកបង្គាររួចបញ្ចុកទៅ ភាណុ នៅនឹងមុខមិត្តភក្តិនាង។ដោយទុកកិត្តយសដល់និតា ទើបគេហាមាត់ទាំងទើសទាល់។
- អ្នករត់តុយកប៊ែយែថែម
ដេវីតហៅហ្សូលី
- ចាក់ឲ្យគ្រប់កែវ ហើយនៅចាំបំរើសេវាទីនេះហើយ!
ហ្សូលីសម្លឹងមើលដេវីត ទាំងក្តៅក្រហាយ ។ កែវភ្នែកដ៏ស្រស់ស្រទន់ប្រែក្លាយជាកែវភ្នែកកាចឈ្នាស់មួយរំពេច។ រៀបនឹងហាមាត់តបតនឹងដេវីតក៏ត្រូវភាណុនិយាយកាត់មុន
- នាងមិនមែនជានារីចាក់ស្រាបៀទេ!
ភាណុ ក្រោកឈរច្រលោតការពារស្រីតូច
- ហីយ៉ា ចាំបាច់ខឹងអីបែបនេះបងភាណុ។ ដេវិតគេតែបែបនេះ ! គេហៅនាងចាក់ស្រាមែនប៉ុន្តែគេក៏ឲ្យលុយធីបនាងច្រើនដែរ!
ហ្សូលីអស់ភាពអត់ធ្មត់នឹងមនុស្សប្រុសបែបនេះក៏តប៖
- អ្នកណាត្រូវលុយធីបរបស់លោកនោះ! នេះជាឬកពារអី?
ហ្សូលីកាន់តែឆ្នាស់កាន់តែធ្វើឲ្យដេវីតចាប់អារម្មណ៍៖
- សុំទោសអូនស្រី ! បងសុំទោស! បងស្មានអូនជានារីចាក់ស្រាបៀរ !
ហ្សូលីកាន់តែសម្លក់ទៅ ភាណុ មិននឹកស្មានថា មិត្តភក្តិគេជាមនុស្សបែបនេះទេ។ អារម្មណ៍មិនល្អជាមួយនឹងដេវីតផង បេះដូងក៏រៀងចុកៗពេលនីតាបញ្ចុកបង្គារភាណុ នាងក៏ទៅប្រាប់អ្នកមីងថាចង់ទៅសម្រាកមុនម៉ោងរួចចាកចេញពី ហាងបាយ។ ការចាកចេញរបស់ហ្សូលីធ្វើឲ្យ
ភាណុបាយមិនចូលទៀតទេ ត្រូវតែបកស្រាយ សនិងខ្មៅឲ្យច្បាស់លាស់។
- ខ្ញុំឆ្អែតហើយ ! ថ្ងៃនេះហត់ណាស់ មិនអាចនៅកំដរអ្នកទាំងអស់គ្នាទេ !
ចាកចេញពីតុបាយទៅ រួចប្រញាប់ដើរទៅរកហ្សូលី តែមិនឃើញបន្ទប់នាងបើកភ្លើងទេ ។ នាងកំពុងតែបណ្តើរឆ្កែដើរតាមឆ្នេរ ។
- ហ្សូលី!
- ពូមកធ្វើអី?មិននៅបាយជាមួយសង្សារទេ?
- ទេ!នីតាមិនមែនសង្សារខ្ញុំទេ!
- តែគាត់និយាយថា សង្សារ ! ហើយនាងក៏បញ្ចុកបង្គារពូដែរ !
- ខ្ញុំបញ្ជាក់ម្តងទៀត ! នីតាមិនមែនជាសង្សារខ្ញុំទេ! នាងជាកូនមិត្តភក្តិ របស់ប៉ាម៉ាក់ខ្ញុំ។ ចាស់ទុំចង់ផ្សំផ្គុំយើងទាំងពីរមែន តែខ្ញុំមិនបានស្រឡាញ់នាងទេ ហើយខ្ញុំមិនបានលេងសើចអារម្មណ៍ជាមួយហ្សូលីទេ!
ហ្សូលីអោបដៃបែរខ្នង ។ ភាណុប្រឹងបកស្រាយបន្ត៖
- ខ្ញុំញុំាបង្ការដែលនាងបញ្ចុកព្រោះមិនចង់បំបាក់មុខនីតា នៅចំពោះមុខមិត្តភក្តិនាងប៉ុណ្ណោះ!
- ឯណា ភស្តុតាង និង សាក្សី បញ្ជាក់ថាលោកនិងនាងមិនមែនជាគូស្នេហ៍!?
តាមស្រឡាញ់កូនស្រីមេធាវី មិនមែនលំៗនោះទេ ទាល់តែមានភស្តុតាង និង សាក្សីច្បាស់លាស់ទើបកាត់សេចក្តីជាក្រោយ។
- នាងកំពុងប្រចណ្ឌខ្ញុំ?
- មិនបានប្រចណ្ឌ តែខ្ញុំស្អប់មនុស្សកុហក ! ខ្ញុំមិនចូលចិត្តឲ្យគេមកញ៉ែលេងៗនោះទេ ! ខ្ញុំមិនមែនរបស់កំសាន្ត!
កាយវិការប្រចណ្ឌច្បាស់ណាស់ ទើបចរឹកងងក់បែបនេះចេញ តែមាត់រឹងថាមកពីខឹងគេ កុហក។
- ខ្ញុំនឹងcall ទៅបងស្រី និង មិត្តភក្តិខ្ញុំ ព្រមទាំងឲ្យនាងមើលទូរសព្ទ័ខ្ញុំថា ខ្ញុំមិនបានទាក់ទងនឹងនីតានោះទេ មិនមានហ្វេសប៊ុកនាង មិនមានរូបថតនាង !
ភាណុទូរស័ព្ទទៅបងស្រីចន្ទ្រា រួចបើកសំលេងចេញមក្រៅ
- អាឡូបងស្រី!
- មានការអីអាច្រម៉ក់!
- តើបងអាចបញ្ជាក់ បានទេថា នីតាជាសង្សារខ្ញុំមែនឬមិនមែន?
- ហាហានីតារកឃើញឯងហើយ?“
ចន្ទ្រាសើចមួយទំហឹង
- ខ្ញុំត្រូវការបងជាសាក្សី ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្ញុំ ព្រោះនាងពេលនេះកំពុងដើរប្រាប់គេគ្រប់គ្នាថាយើងជាសង្សារគ្នា
សូម្បីតែមនុស្សដែលខ្ញុំស្រឡាញ់!
- នីតាមិនមែនជាសង្សារនឹងភាណុទេហើយវានេះណាក៏មិនមានពាក់ពន្ធ័នឹងអ្នកណាដែរ! អាណាគតប្អូនថ្លៃបងទុកចិត្តចុះ។
- អរគុណ បងស្រីសម្លាញ់ !
បន្ទាប់ពីបិទទូរសព្ទ័ជាមួយបងស្រីរួច នាយបំរុង ទូរសព្ទ័ទៅមិត្តភក្តិតែត្រូវហ្សូលីហាមឃាត់
- បានហើយ!ឈប់callទៅខ្ញុំខ្មាស់គេណាស់!
- ចឹងនាងមើលទូរសព្ទ័ខ្ញុំទៅ!”
គេបើក contact គ្រប់ messenger និង រូបថត តែមិនមានវត្តមាននីតាទេតែគឺមានតែក្មេងស្រី ដែលនៅចំពោះមុខគេ។
រូបថតរបស់ហ្សូលីជាច្រើនត្រូវបានsaveទុកក្នុងទូរសព្ទ័ដៃរបស់គេ។
- ហ្សូលីជឿឬនៅ?
នាងតូចនៅស្ងៀម រួចនិយាយតិចៗ
- តែបងនីតានោះស្រឡាញ់ពូ!
- ខ្ញុំនឹងទៅនិយាយឲ្យច្បាស់លាស់ថា ខ្ញុំមិនបានមានចិត្តជាមួយនីតានោះទេហើយពេលនេះខ្ញុំបានស្រឡាញ់មនុស្សម្នាក់រួចហើយ។ច្បាស់លាស់ទេប៉ុណ្ណឹងថាខ្ញុំមិនកុហក!
- ហ៊ឹម...!“
ទីបំផុតស្នាមញញឹមបានផុសចេញពីមុខហ្សូលី
- ញញឹមបែបនេះ ទើបគួរឲ្យស្រឡាញ់ ! ហើយបើមានរឿងអ្វីមិនច្បាស់ហាមលួចគិតតែឯងទេ!តែអាក្ការះបែបនេះគេហៅថា ប្រចណ្ឌហើយ ក៏មានន័យថាហ្សូលីក៏......ស្រ...ឡាញ់ ខ្ញុំដែរ”
នាងយកដៃបិទមាត់គេ
- អត់ទេ!មិនប្រចណ្ឌទេ!
ភាណុចាប់ដៃដែលយកមកបិទមាត់គេមកកាន់
- តើយើងទៅញុំាបាយជាមួយគ្នាបានទេ? ទៅហាងជិតនេះ ខ្ញុំមិនទាន់បានបាយទេ!
- ខ្ញុំខឹងឡើងអស់កំលាំងហើយ ពេលនេះខ្ញុំក៏ឃ្លានដែរ!
មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែរីករាយនៅពេលឃើញគូរស្នេហ៍នេះមានក្តីសុខនោះទេ។កែវភ្នែកពោពេញដោយអាម្មណ៍ច្រណែនកំពុងសម្លក់
- ការពិតបងមកស្រឡាញ់មីក្មេងកោះនេះសោះ! ខ្ញុំចាំមើលតើអ្នកទាំងពីរស្រឡាញ់គ្នាបានយូរប៉ុណ្ណា !
នីតាដែលចង់តាមរកភាណុនៅបន្ទប់ក៏បានប្រទះភ្នែកនឹង ហ្សូលី និង ភាណុ នៅមាត់ឆ្នេរចាប់ដៃគ្នា។នាងអាចសន្និដា្ឋនបានថា ពួកគេច្បាស់មានទំនាក់ទំនងស្នេហាហើយទើបភាណុប្រកាន់នឹងនាង ហើយឆាប់ចាកចេញមក។
- តើហ្សូលីឈប់ហៅខ្ញុំថាពូទៅបានទេ?
- ហេតុអីទៅ?ពូខ្លាចចាស់មែនទេ?
នាងសើចធ្វើមុខឌឺដងភាណុ ។
- នាងដឹងទេ មុខឌឺបែបនេះសមកតែចាប់ថើប?
នាងរត់ចេញហើយនិយាយ ៖
- អត់ទេ!!
ភាណុក៏រត់ដេញចាប់នាង។
- ឈប់ហៅថាពូ ទៅ ហៅថា បង បង !
បងសម្លាញ់ក៏បាន!
ពួកគេបានមកអង្គុយញុំាសាច់អាំងនៅមាត់ឆ្នេរ ក្រោមពន្លឺភ្លើងទៀន។
- តើយើងកំពុងdateគ្នាមែនទេ?
ភាណុសួរញោះទៅហ្សូលីដើម្បីឲ្យនាងសារភាពប្រាប់គេពីទំនាក់ទំនងរបស់ពួកគេ។
នាងញញឹមអឹមអៀនតែក៏ងក់ក្បាលជាចម្លើយ។
- តើខ្មាស់គេដែរទេបើមានសង្សារចាស់បែបនេះ?
ហ្សូលីសម្លឹងមើលមុខគេពីលើចុះក្រោម
- ពូអាយុច្រើនមែនតែមិនដល់ថ្នាក់ធ្វើប៉ាខ្ញុំបាននោះទេ!មែនទេ?
ភាណុគាំងនឹងចម្លើយនេះតែម្តង
- គេថាស្រឡាញ់ក្មេងស្រីក៏មិនល្អដែរ! មិនចេះគិតហើយពូកែងង៉ក់ទៀតតើពូទ្រាំបានទេ?
នាយគិតមួយសន្ទុះ
- ធ្វើម៉េចបើស្រឡាញ់ស្រីក្មេងមានតែតាមគេហ្នឹងហើយ! តែខ្ញុំគិតហ្សូលីជាអាយុតិចតែចេះគិតពីអ្នកដ៏ទៃច្រើន ហើយក៏មិនរករឿងខុសទំនងទេ!
- ច្បាស់ម្លះ?
នាយខ្សឹបដាក់ត្រចៀកនាង៖
- ច្បាស់ណាស់ព្រោះវ័យខ្ញុំគឺវ័យរកប្រពន្ធ ! មិនចង់បានបែបអ្នកកំដរលេងសើចនោះទេ!