6.សា្នមញញឹមរបស់នាង
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
សា្នមញញឹមរបស់នាង
ចាប់តាំងពីវីរៈចូលរៀនមហាវិទ្យាល័យមក គេបានប្តូរពីការជិះម៉ូតូមកប្រើប្រាស់ឡាន ព្រមទាំងចូលទៅជួយធ្វើការនៅក្រុមហ៊ុនតាមបំណងរបស់លោកប៉ា...។ ប៉ុន្តែមិនថាគេរវល់យ៉ាងណា ហើយទោះបីជាធីតាតែងតែបដិសេធយ៉ាងណាក៏ដោយ ក៏គេនៅតែទៅទទួលនាងតាមទម្លាប់ដែលគ្មាននរណាអាចឃាត់បានឡើយ។
ដូចជាថ្ងៃនេះដែរ នៅម៉ោង ១១:០០ ព្រឹក វីរៈនៅតែជិះឡានទៅរង់ចាំនាងនៅមុខសាលាដដែល...។ រង់ចាំបាត់ៗអស់រយៈពេលកន្លះម៉ោង គេក៏សម្រេចចិត្តដើរចូលទៅខាងក្នុង ព្រោះតេទៅនាងជាច្រើនដងតែនាងមិនលើកទូរស័ព្ទសោះ។
វីរៈដើរសួរគេឯង៖ «សុំទោស! តើអគារមួយណាជាអគារតន្ត្រីដែរ?»
ទីបំផុត គេក៏បានចម្លើយពីអ្នកមើលម៉ូតូ រួចដើរសំដៅទៅទីនោះ។ សំឡេងតន្ត្រី និងសំឡេងទន្ទេញជើងព្រៃបានបន្លឺឡើងចេញពីបន្ទប់មួយដែលកំពុងហាត់សមសម្តែងរឿង “ទុំទាវ”។ វីរៈឈរមើលតាមបង្អួចយ៉ាងស្ងៀមស្ងាត់... ហើយអ្វីដែលធ្វើឱ្យគេភ្ញាក់ផ្អើល និងចាប់អារម្មណ៍បំផុតនោះ គឺធីតាកំពុងតែសម្តែងជា “តួឯកទាវ”!
វីរៈឈររអ៊ូក្នុងចិត្តតែម្នាក់ឯង៖ “នាងសម្តែងឈុតណាចេះ...? ក្នុងឈុតហ្នឹង តិចមានកន្លែងត្រូវអោបគ្នាទៅ...? តើខ្ញុំគួរតែចូលទៅហៅនាងថាខ្ញុំប្រញាប់អត់? អត់ទេ... ល្ងង់ណាស់អាវីរៈ! នេះជាការសម្តែងប៉ុណ្ណោះ! ម្សៀរទុំនោះក៏សង្ហារណាស់ដែរ... ថែមទាំងខ្ពស់ជាងអញទៀត!”
វីរៈលើកដៃទះក្បាលខ្លួនឯងស្រាលៗ៖ “ឆ្កួតមែន! ម៉េចបានជាអញមកគិតលប់ៗបែបនេះទៅវិញ?!”
នៅខាងក្នុងបន្ទប់សម្តែង៖
ទាវ (ធីតា)៖ «ខ្ញុំពិតជាមិនបានក្បត់នឹងបងទៅរៀបការនឹងម៉ឺនងួននោះទេ...! អ្វីៗគ្រប់យ៉ាងជាល្បិចកលរបស់ម៉ាក់អូនប៉ុណ្ណោះ!» (នាងយំយ៉ាងសស្រាក់សស្រាំ អង្វរករទុំ)
ទុំ (សីហា)៖ «ដើម្បីបញ្ជាក់ឱ្យឃើញការពិត តើអូនហានចាក់ស្រាលើបាតដៃ អោបបងក្រេបទេ...?»
ទាវដើរទៅយកប៉ានស្រា រួចចាក់លើបាតដៃ (នាងគ្រាន់តែធ្វើកាយវិការសម្តែង ប៉ុន្តែគ្មានទឹកស្រានៅលើបាតដៃនោះទេ)។ ចំណែកឯទុំវិញ ក៏ឈានជើងចូលមកជិត រៀបនឹងឱនមុខចុះក្រេប...។
វីរៈដែលឈរមើលពីក្រៅ ធ្វើមុខស្លុង ភ្នែកបើកធំៗ រអ៊ូក្នុងចិត្ត៖ “កុំអោប...! កុំអោបឱ្យសោះ...!”
ប្រឹស...! ប្រឹស...!
ស្រាប់តែទូរស័ព្ទនៅក្នុងហោប៉ៅរបស់វីរៈបានរោទ៍ឡើងយ៉ាងខ្លាំង! សិស្សទាំងអស់ដែលកំពុងសម្តែង នាំគ្នាងាកមកមើលគេព្រមៗគ្នា។ វីរៈប្រញាប់ចុចទទួលទូរស័ព្ទ រួចដើរចេញទៅខាងក្រៅបន្តិច។
អ្នកគ្រូដឹកនាំការសម្តែងមើលនាឡិកា រួចស្រែកឡើង៖
អ្នកគ្រូ៖ «សម្រាកចុះកូនៗ! ទុំ និងទាវ សម្តែងបានល្អណាស់ថ្ងៃនេះ!»
សីហា (តួទុំ) ញញឹមយ៉ាងស្រស់ទៅកាន់ធីតា៖ «ធីតាឆាប់ចូលតួណាស់... គួរឱ្យសរសើរមែន!»
ធីតា (ញញឹមតប)៖ «អរគុណបងសីហា!»
ចំណែកឯវីរៈ បន្ទាប់ពីនិយាយទូរស័ព្ទរួច ដើរត្រឡប់មកវិញ ស្រាប់តែឃើញអ្នកទាំងពីរ កំពុងឈរនិយាយសើចញញឹមដាក់គ្នា...។
វីរៈឈរមើលទាំងក្តៅក្រហាយក្នុងទ្រូង៖ “ធីតា! ម៉េចក៏នាងញញឹមស្រទន់ដាក់គេម៉្លេះ...? កំពុងតែឃ្លានបាយ ឥឡូវបាយលែងចូលបាត់ហើយ!”
ធីតារៀបចំកាតាប រួចដើរចេញមកមករកវីរៈ ដោយមានសីហាដើរអមមកជាមួយផង។
ធីតា៖ «បងរៈ! មកយូរហើយឬ?»
វីរៈ (ធ្វើមុខមាំ ញញឹមស្ងួត)៖ «គួរសម...!»
សីហា (ងាកមកសួរ)៖ «នេះជាបងប្រុសរបស់ធីតាឬ? ឃើញគាត់តែងតែមកទទួលជាប្រចាំ...»
ធីតា៖ «គឺ...»
វីរៈ (កាត់សម្តីភ្លាម ដោយសំឡេងធ្ងន់)៖ «មិនមែនទេ!»
ធីតា (ប្រញាប់បន្ថែម)៖ «ពួកយើងស្គាល់គ្នាជាមិត្តភក្តិតាំងពីក្មេងមកម៉្លេះ...!»
សីហា៖ «អូ... បែបនេះសោះ! ចុះថ្ងៃក្រោយបើបងប្រុសរវល់ ចាំខ្ញុំជូនធីតាទៅផ្ទះក៏បាន ព្រោះពួកយើងត្រូវហាត់សមចេញមិនទៀងទាត់ទេ...»
វីរៈសម្លឹងមើលសីហាតាំងពីក្បាលដល់ចុងជើង ចិត្តមួយចង់ស្រែកថា “មិនបានទេ! មិនបាច់ជួយទេ!” ប៉ុន្តែគេប្រញាប់សម្រួលអារម្មណ៍ រួចតបវិញទាំងជូរចត់៖
វីរៈ៖ «ចឹងក៏ម៉្យាងដែរ...! តែខ្ញុំក៏មិនសូវជារវល់ប៉ុន្មានទេ! តោះធីតា... ឡាននៅខាងក្រៅ ពួកខ្ញុំលាទៅមុនហើយ!»
ធីតាញញឹមលាសីហា។ វីរៈលួចសម្លឹងមើលស្នាមញញឹមនោះទាំងអន់ចិត្ត៖ “ភ្នែកមើលតែគេ... ហេតុអីចាំបាច់ញញឹមផ្អែមម្ល៉េះ?!”
នៅក្នុងឡាន... បរិយាកាសស្ងាត់ជ្រងំគ្មាននរណានិយាយស្តីមួយម៉ាត់។ ធីតាគិតតែពីសម្លឹងមើលទឹកមុខមិនប្រក្រតី និងចិញ្ចើមខ្នាញ់របស់វីរៈ រហូតទ្រាំមិនបានក៏សួរ៖
ធីតា៖ «បងរៈ... ខឹងនឹងខ្ញុំដែលឱ្យចាំយូរមែនទេ?»
វីរៈ (ក្រវីក្បាល ភ្នែកសម្លឹងមើលផ្លូវ)៖ «មិនមែនទេ...! គឺឃ្លានបាយច្រើនជាង!»
ធីតា៖ «អ៊ីចឹងថ្ងៃក្រោយ ឱ្យបងសីហាជូនទៅក៏បានដែរ... ក្រែងលោបងរវល់...»
វីរៈ (ងាកមកសម្លឹងធីតាមួយភ្លែត)៖ «ដាដូចជាជិតដិតនឹងគេណាស់តើ!»
ធីតា៖ «មិនប៉ុន្មានទេ... ទើបតែចាប់ដៃគូគ្នាក្នុងរឿងនេះប៉ុណ្ណោះ! គេងាយស្រួលចុះសម្រុងជាងអ្វីដែលខ្ញុំគិតឆ្ងាយណាស់... រស់រាយ ថែមទាំងចេះភ្លេងខ្មែរទៀតផង! គេសន្យាថានឹងបង្រៀនខ្ញុំបន្ថែមទៀត...»
វីរៈនៅស្ងៀម ដៃកាន់ចង្កូតឡានឡើងណែន៖ “ដាអើយដា...! មកសរសើរប្រុសផ្សេងនៅមុខខ្ញុំទៀត! ក្រំឈាមស្លាប់ហើយអាវីរៈ...”
លុះជិះមកដល់មុខផ្ទះ ពួកគេក៏ចែកផ្លូវគ្នាចូលផ្ទះរៀងៗខ្លួន...។
លោកយាយ (ឃើញវីរៈដើរចូលមក ក៏ស្រែកប្រាប់)៖ «វីរៈ! ថ្ងៃនេះយាយស្លឆាមាន់រ៉ូទីដែលចៅចូលចិត្ត... ចូលទៅក្នុងផ្ទះបាយទៅ នាងចាន់កំពុងកម្តៅ! មិញនិយាយទូរស័ព្ទថាឃ្លានបាយណាស់មែនទេ?»
វីរៈ (ធ្វើមុខស្ងួត ដើរហួសទៅជាន់លើ)៖ «ញ៉ាំលែងចូលហើយយាយ... ខ្ញុំទៅសម្រាកហើយ!»
វីរៈចូលទៅក្នុងបន្ទប់ ទម្លាក់ខ្លួនដេកលើគ្រែ។ ប៉ុន្តែគ្រាន់តែបិទភ្នែកភ្លាម រូបភាពស្នាមញញឹមដ៏ស្រស់ស្រាយរបស់ធីតាដែលញញឹមដាក់សីហា ក៏បណ្តែតឡើងពេញខួរក្បាល...។
“ស្នាមញញឹមមួយនោះ... ដូចគ្នានឹងកាលដែលនាងញញឹមដាក់ខ្ញុំដំបូងខ្លាំងណាស់... តើនាងដឹងទេថាបេះដូងខ្ញុំឈឺចាប់ប៉ុនណា...? តើខ្ញុំគួរបញ្ជាក់បែបណា... ទើបនាងដឹងថាខ្ញុំស្រឡាញ់នាងខ្លាំងប៉ុណ្ណាទៅ...???
ប្រភេទ:
នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ
·

💬 មតិយោបល់ និងការឆ្លើយឆ្លង
សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។
Comments