7. សារភាពបែបណា?

📅 ចុះផ្សាយថ្ងៃ July 16, 2011 ·

នៅក្នុងបេះដូងជ្រាលជ្រៅរបស់ខ្ញុំ

ភាគទី៧៖ សារភាពបែបណា?




នៅក្នុងក្រុមហ៊ុន... លោកវីរ៉ា (លោកប៉ារបស់វីរៈ) កំពុងមមាញឹកនឹងការងារយ៉ាងខ្លាំង។

លោករាមន ដែលជានាយកប្រតិបត្តិ បានកាន់ឯកសារមួយជុំធំដើរសំដៅមកតុធ្វើការរបស់វីរៈ៖
រាមន៖ «វីរៈ! មួយរយៈនេះឯងប្រហែលជាត្រូវរវល់ខ្លាំងបន្តិចហើយ... នេះជាគម្រោងដេញថ្លៃផ្គត់ផ្គង់សម្ភារៈ! ចូរយកទៅពិនិត្យ កែសម្រួល រួចយកទៅជូនលោកប្រធានវីរ៉ាមើលចុះ។»
វីរៈ (ទាញឯកសារមកមើល រួចដកដង្ហើមធំ)៖ «ច្រើនបែបនេះ... ខ្ញុំប្រាកដជាត្រូវថែមម៉ោងនៅចុងសប្តាហ៍នេះហើយ ទើបអាចរៀបចំរួចរាល់។»
រាមន៖ «ព្រោះជិតដល់ថ្ងៃដេញថ្លៃហើយ! តាំងចិត្តធ្វើចុះ... ខ្ញុំសុំលាទៅផ្ទះមុនហើយ។»

រិង... រិង...!

សំឡេងទូរស័ព្ទរបស់វីរៈបានរោទ៍ឡើង ចំពេលដែលគេកំពុងតែរៀបនឹងចុចតេទៅនាងល្មម។ នៅលើអាក្រង់បង្ហាញឈ្មោះ “ធីតា”។

វីរៈ (ចុចទទួលភ្លាម)៖ «បាទ... ដា!»
ធីតា (សំឡេងពីចុងខ្សែ)៖ «បងរៈ! ខ្ញុំគ្រាន់តែចង់ប្រាប់បងថា ថ្ងៃនេះពួកខ្ញុំត្រូវថែមម៉ោងហាត់សមទៀតហើយ... អ៊ីចឹងបងមិនបាច់ជិះមកទទួលខ្ញុំទេណា។»
វីរៈ (រៀងអន់ចិត្តបន្តិច តែសម្រួលសំឡេង)៖ «អូ... អូខេ! បងក៏កំពុងរវល់ការងារនៅក្រុមហ៊ុនដូចគ្នាថ្ងៃនេះ...»
ធីតា៖ «ចាស! អ៊ីចឹងមិនរំខានបងទេ... បាយបាយ!» (នាងក៏ចុចផ្ដាច់ទូរស័ព្ទទៅ)

វីរៈទម្លាក់ទូរស័ព្ទចុះ រួចផ្អែកខ្នងទៅនឹងកៅអីធ្វើការ បិទភ្នែកគិតទាំងសញ្ជឹង៖ “ហាត់សមទៀតហើយ... និយាយរបៀបណាទៅទើបល្អ? តើគួរតែរកអ្នកប្រឹក្សាយោបល់ទេ? មែនហើយ... អាសំណាង! វាប្រហែលជាមានបទពិសោធច្រើនខាងរឿងចេះ!”

គេក៏សម្រេចចិត្តចុចទូរស័ព្ទតេទៅសំណាងភ្លាម។

រិង... រិង...!
សំណាង (ចុចទទួល)៖ «អាឡូ!»
វីរៈ៖ «អាឡូ! សំណាង... ឯងទំនេរអត់?»
សំណាង (សំឡេងកំពុងទំពារបាយ)៖ «មិនទំនេរទេ អាសម្លាញ់! កំពុងតែញ៉ាំបាយ... តែមានការអីនិយាយមក ខ្ញុំស្តាប់!»
វីរៈ (ត្រដេកត្រដក)៖ «គឺ... ធម្មតាខ្ញុំឃើញឯងមានសង្សារច្រើនណាស់... តើគួរតែសារភាពស្រឡាញ់គេបែបណាតៅទើបល្អ?»

ខក់...! ខក់...!
សំណាងស្តាប់ហើយស្ទើរតែឈ្លក់បាយស្លាប់៖
សំណាង (សើចឡើងកខិករខុច)៖ «ហាស... ហាស! នេះអញស្តាប់មិនច្រឡំទេមែនទេ?! មនុស្សខួរក្បាលពូកែដូចជាឯង... ម៉េចក៏ល្ងង់ (Stupid) ក្នុងរឿងបែបនេះទៅវិញ???»
វីរៈ (ក្តៅក្រហាយ)៖ «យី! អាលប់នេះ...! និយាយឱ្យត្រង់មក អញមានការងារធ្វើច្រើនណាស់!»
សំណាង (ទម្លាក់ស្លាបព្រា ចាប់ផ្តើមធ្វើមុខមាំ)៖ «ឯងសំដៅលើ... ធីតាមែនទេ?»
វីរៈ (ភ្ញាក់បន្តិច)៖ «ម៉េចក៏ឯងដឹង?!»
សំណាង៖ «ឱ... ព្រះជាម្ចាស់អើយ! នៅលើលោកនេះ អ្នកណាក៏គេដឹងដែរ! មានតែឯង និងធីតាទេដែលធ្វើមិនដឹងនោះ!»
វីរៈ៖ «ចុះ... ចុះនាងវិញ? នាងគិតយ៉ាងម៉េចដែរ?»
សំណាង៖ «សមមុខហើយ! ខ្ញុំក៏ធ្លាប់សួរនាងដែរ... នាងនិយាយថា ឯងប្រហែលជាគិតលើនាងត្រឹមជាប្អូនស្រីទេដឹង! ព្រោះឯងមិនដែលនិយាយប្រាប់នាងច្បាស់លាស់សោះ... ទោះជាឯងយកចិត្តទុកដាក់លើនាងខ្លាំងពេកក៏ដោយ!»
វីរៈ៖ «ចុះ... ម៉េចបានជាឯងដឹងថាអញយកចិត្តទុកដាក់លើនាងខ្លាំង?»
សំណាង៖ «ឱ្យតែមានមនុស្សប្រុសចូលទៅនិយាយលេង ឬចង់ស្គាល់នាង... ឯងតែងតែដើរចូលទៅធ្វើជាអ្នកទីបីរហូត! ខ្លួនឯងមិនដឹងខ្លួនទេឬយ៉ាងម៉េច?!»
វីរៈ (ស្ងាត់មួយសន្ទុះ រួចសួរ)៖ «អ៊ីចឹង... តើអញគួរនិយាយប្រាប់នាងបែបណា?»
សំណាង៖ «ជិតដល់ ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ (Valentine's Day) ហើយតើ! ឆ្លៀតឱកាសពេលហ្នឹងតែម្តងទៅ... នាំនាងទៅញ៉ាំបាយកន្លែងរ៉ូមែនទិក រួចមើលកុនជាមួយគ្នាទៅ!»
វីរៈ៖ «ឯងមើលរឿងភាគច្រើនពេកហើយ! ជាធម្មតា ពួកខ្ញុំក៏តែងតែទៅញ៉ាំបាយ មើលកុនជាមួយគ្នាអ៊ីចឹងតើ...»
សំណាង (កាត់សម្តីទាំងអត់ធ្មត់មិនបាន)៖ «អ្នកណាប្រើឱ្យឯងស្គាល់នាងតាំងពីយូរ ហើយមិនព្រមសារភាពធ្វើអី!! ម៉េចមិនចាំដល់ថ្ងៃការរបស់នាង ចាំរត់ទៅស្រែកថា “ធីតា... កុំការអី!” ទៅ?!»
វីរៈ (ជេរទាំងសើច)៖ «អាលប់សតិ! ឈប់និយាយជាមួយឯងហើយ...!» (ចុចផ្តាច់ទូរស័ព្ទ)

លុះដល់ថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់...

វីរៈឈរមើលប្រតិទិននៅក្នុងការិយាល័យទាំងមុខស្ងួត។ ថ្ងៃពិសេសនេះ ស្រាប់តែចំថ្ងៃដែលក្រុមហ៊ុនត្រូវដេញថ្លៃគម្រោងធំទៅវិញ!

វីរៈ (ថប់ដង្ហើម រអ៊ូក្នុងចិត្ត)៖ «យ៉ាប់មែន... ថ្ងៃណាមិនចំ ចំថ្ងៃហ្នឹង! ហើយអញជាអ្នកត្រូវកាន់ឯកសារទៅដេញថ្លៃផ្ទាល់ទៀត... ស៊យមែនអាវីរៈអើយ!»
.

💬 មតិយោបល់ និងការឆ្លើយឆ្លង

សរសេរមតិរបស់អ្នក ឬចុច «Reply / ឆ្លើយតប» ក្រោមមតិអ្នកដទៃ ដើម្បីជជែកគ្នា។

Comments

MagicKiss said…
really curious to know what will happen in the valentine's day !! how virak confess to thida??
will continue to read tmr.....