Search This Blog

១. វិស្សមកាលស្នេហ៏

by - January 23, 2025

រឿង​ វិស្សមកាលស្នេហ៍

វគ្គទី១​ : វិស្សមកាលក្នុងក្តីស្រម៉ៃ

Take me to paris 


ប្រទេសបារាំងជាឋានសួគ៍លើដី ដែលជាក្តីស្រម៉ៃរបស់មនុស្សគ្រប់គ្នាប្រាថ្នាចង់ស្គាល់។ទីបំផុត ពេលវេលាដែលបានទន្ទឹងរង់ចាំបានមកដល់ គឺវស្សមកាលដ៏អស្ចារ្យនៅទ្វីបអ៊ឺរ៉ុបក្នុងស្រម៉ៃ។

ស្ថានទូតប្រទេសបារាំង
សុម៉ាវត្តី ហៅ ហ្សូលី ( ជាភាសាបារាំងមានន័យថា ស្រស់ស្អាត ) យុវតី អាយុ១៨ឆ្នាំ មុខមូលក្រលង់ពាក់វែនតាមូលៗ សក់វែងប្រះស្មា កំពុងរង់ចាំលទ្ធផលសម្ភាសជាមួយឪពុកម្តាយ​ នៅស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា ។
នាងកំពុងចុចទូរសព្ទ ដាក់កំម៉ង់សំលៀកបំពាក់អាវរងារ និង ស្វែងរកកន្លែងទេសចរណ៍ផ្សេងៗក្នុងប្រទេសបារាំង យ៉ាងរំភើប។

អ្នករង់ចាំយកសំបុត្រសម្ភាសម្នាក់ហើយម្នាក់ទៀតរហូតដល់វេនគ្រួសារនាង។ ពួកគេទទួលយកសំបុត្ររួចហែកមើល លោកសម សួន ដែលត្រូវជាឪពុក អាយុប្រមាណ៥០សិបប្លាយ​ តែរូបរាងដូច៤០ប្លាយ ទោះជាមានសក់ស លាយខ្មៅក្តី។ លោកបានហែកសំបុត្រមើលរួចរត់អោបប្រពន្ធ ជាសញ្ញាថាគាត់បានជាប់វីស្សាទៅប្រទេសបារាំងបានជោគជ័យ ។ ចំនែក អ្នកស្រី មុន្នី ដែលត្រូវជាម្តាយ អាយុ ៤០ឆ្នាំ ក៏ហែកសំបុត្រឃើញមានលទ្ធផលដូចប្តីដែរ ។ ស្ងាត់តែកូនស្រីទោល ហ្សូលីម្នាក់ដែល កំពុងរត់ឆ្លេឆ្លា ទៅតវ៉ាជាមួយអ្នកទទួលភ្ងៀវ៖

-    បង ហេតុអ្វីខ្ញុំសម្ភាសធ្លាក់ ហើយឪពុកម្តាយខ្ញុំជាប់? នេះលោកពូខ្ញុំគឺជាមេធាវីនៅបារាំងទៀត ហេតុអ្វីខ្ញុំធ្លាក់ ? ហើយខ្ញុំគ្មានបំណងទៅរស់នៅទេ គឺគ្រាន់ចង់ទៅលេង !
នាងនិយាយប្រកែកតវ៉ាញាប់ឆ្មា មិនអោយគេតបត ។​
-    អ្នកនាងនេះជាសម្រេចចិត្តរបស់ថ្នាក់លើ មិនអាចតវ៉ាបានទេ សូមព្យាយាមលើកក្រោយ។ "
នាងអស់សង្ឃឹមយ៉ាងខ្លាំង​ ក្តីស្រម៉ៃរបស់នាង ដូចអំបិលត្រូវទឹក ក្នុងមួយពព្រិចភ្នែក។
ឪពុកម្តាយដែលកំពុងអរព្រោះបានជាប់សម្ភាសបែរជាស្រងាកចិត្តពេលកូនស្រីធ្លាក់តែម្នាក់ឯង។
ម្តាយដែលតែងស្រឡាញ់បារម្ភពីនាងខ្លាំងនោះ ក៏លួងលោម
-    អ៊ីចឹង! ម៉ាក់ក៏មិនទៅដែរ ប៉ាវាទៅម្នាក់ឯងចុះ !
-    ហៃយ៉ា ម៉ាក់វាយើងមិនមែនទៅតែដើរលេងទៅគឺចូលរូមពិធីមង្គលការរបស់អាពៅណា ។ ហ្សូលីនាងធំហើយ អាចនៅម្នាក់ឯងបាន មែនទេកូនស្រី ?
-    មែនហើយអ្នកម៉ាក់ ! ខ្ញុំអាចនៅជាឆាលីបាន ! ( ឆាលីជាឆ្កែរបស់នាង ) នាងនិយាយទាំងសោកសៅ
-    មិនបាន! ម៉ាក់មិនស្ងប់ចិត្តទេបើកូននៅម្នាក់ឯងនោះ ។ ចុះបើមានចោរ ឬ កូនឈឺគិតយ៉ាងម៉េច បើគ្មានមាមីងឯណានៅជិតនោះ ។
-     ចឹងអោយនាងទៅនៅ ជាមួយដា​នី ប្អូនស្រីម៉ាក់វាឯងទៅ!
ហ្សូលី ចេញមុខស្រែកប្រកែកដាច់ខាត
-    ខ្ញុំមិនទៅជាដាច់ខាត មិនបានទៅបារាំងហើយ ដេញខ្ញុំអោយទៅកោះដាច់ស្រយ៉ាលទៀត!
-    អ៊ីចឹង!​ ម៉ាក់ក៏មិនទៅបារាំងដែរ ប៉ាវាទៅការប្អូនតែម្នាក់ឯងទៅ!

ហ្សូលី មានមុខមាត់កាត់ទៅឪពុកតែចរឹកកាត់ទៅម្តាយតែម្តង គឺ រឹង និង ឆ្នាស់ដូចខ្លា ធ្វើអោយលោក សម សួន ឈឺក្បាលនឹងម៉ែខ្លា និង កូនខ្លានេះណាស់ ។
ឪពុកដឹកដៃកូនស្រីទៅខ្សឹបគ្នានៅឆ្ងាយ៖

-    កូនស្រីមាសឪពុក ! កូនទៅស្នាក់នៅជាមួយមីងដានីមួយរយះនៅកោះរុងទៅ ។ ទីនោះគេអភិវឌ្ឍន៍ហើយ មិនមែនគ្មានសេវាទូរសព្ទ័ ឬ អ៊ីនធើណេត ដូច១០ឆ្នាំមុនទេ ! 
-     កូនទៅទីនោះដ៏ទៅ៣ខែអផ្សុកខ្លាំងណាស់ ! ឪពុកដកដង្ហើមធំ
-     ត្រលប់មកវិញ ប៉ានឹងប្តូរម៉ូតូ អាគុបកូន យក ស្គូបពី ល្អទេ ? ហើយទាល់តែម្តាយកូនទៅទើបប៉ាដើរលេងសប្បាយចិត្ត "។ ហ្សូលីនៅស្ងៀមគិតពី ការសូកប៉ាន់របស់ឪពុក
-     តែអ្នកម៉ាក់ម៉េចនឹងព្រមអោយខ្ញុំប្តូរម៉ូតូ នោះ លោកប៉ាកុហកខ្ញុំទេ!
-     ទុកចិត្តលើប៉ាចុះ ! ពេលត្រលប់មកវិញ ប៉ានឹងប្តូរថ្មីអោយកូន វាជាកាដូរចូលមហាវិទ្យាល័យ 
-     អូខេ ! ខ្ញុំនឹកថាប៉ាទៅម្នាក់ឯងមិនសប្បាយខ្ញុំព្រមទៅនៅជាមួយដានីចុះ "
ឪពុកកូននិយាយគ្នារួចក៏ដឹកដៃគ្នាមកវិញ ។
-    ហ្សូលី ព្រមទៅនៅជាមួយដានីហើយ ! ឯងទាក់ទងទៅដានីទៅថា ថ្ងៃអាទិត្យអោយចាំទទួលនាងនៅកោះផង!
-    ខ្ញុំថាចាំលោកប៉ា អ្នកម៉ាក់ទៅបារាំងសិន ចាំខ្ញុំទៅកោ!
-    គឺថា ប៉ាចង់អោយកូនទៅកោះសិនទើបល្អ "។ ឪពុកខ្លាចកូនស្រី លួចកែប្រែផែនការ ទើបបញ្ចូននាងទៅកោះអោយបានមុនឡើងយន្តហោះ! 

ហ្សូលី ត្រូវរៀបចំវ៉ាលី ទៅកោះរុង នាងមើលសំលៀកបំពាក់ រដូវរងារដែលនាងកំម៉ង់ទុកទៅបារាំង បែជាមិនអាចស្លៀក ហើយត្រូវទៅកោះដាច់ស្រយ៉ាល ខុសឆ្ងាយពីអ្វីដែលនាងបានគិតទុក ។ នាងផ្តេកខ្លួនទៅលើពូកមិនអស់ចិត្ត រួចស្រែកទៅអំពូលភ្លើង ទាំងមួហ្មង
"ប៉ារីសរបស់ខ្ញុំអើយ !" ។

ស្អែកព្រឹក ឪពុកម្តាយនាងបានជូន ហ្សូលី និង ឆាលី ទៅឡានក្រុងដើម្បីធ្វើដំណើរទៅក្រុងព្រះសីហនុ ។ដោយសារតែថ្ងៃនេះជាថ្ងៃអាទិត្យ ផ្ទះសំណាក់មានការមមាញឹកខុសពីធម្មតា ទើបដានី និង ពិសិទ្ធមិនបានមកយកក្មួដល់ទីក្រុងព្រះសីហនុ ។
មកដល់ក្រុងព្រះព្រះសីហនុ ហ្សូលី និងឆាលី ត្រូវរក តុកតុក ជិះបន្តទៅ កំពង់ផែទេសចរណ៍ ដើម្បីឡើងកាណូត ទៅកោះ ។ អង្គុយរង់ចាំទូក ហ្សូលីក៏និយាយគ្នាលេងជាមួយ ឆាលី ។​

 នាងអង្អែលក្បាលឆ្កែ ដែលជាពូជឆ្កែ ហ្គោលដិន សំបុរទឺកមាស
-     ម៉ាក់កំសត់ណាស់កូន មិនគួរធ្លាក់ខ្លួនទៅនៅកោះសោះ​! អ្នកមីងដានីក៏មិនមកយក !
ភាណុ ( ព្រះអាទិត្យ ) កំលោះមាឌធំ សំបុរស្រអែម អាយុ ប្រមាណ៣០ស្តើង ពាក់វែនតាខ្មៅ ស្ពាយសាកកាដូ ដែលអង្គុយក្បែរ​ ហ្សូលី ចាំកាណូតទៅកោះ កំពុងអានសៀវភៅ ប៉ុន្តែមិនអាចផ្ចង់អាម្មរណ៍បានសោះព្រោះលឺតែក្មេងស្រីម្នាក់ រអ៊ូ ។
-    អ្នកម៉ាក់មិនគួរចាញ់បោកលោកតា ចង់បានអាម៉ូតូស្កូពីនោះទេ តែបើមិនមកក៏មិនបានព្រោះម៉ាក់យាយក៏រឹង មិនអោយនៅភ្នំពេញតែឯង។ នាងដកដង្ហើមធំ
-    អាយុប៉ុននេះ អាចធ្វើម៉ាក់គេបានហើយតែម៉ាក់យាយនៅតែមិនទុកចិត្តអោយនៅផ្ទះតែឯង ឬ គាត់គិតថា ខា្លចអាចចង្រៃ ពិសិទ្ធនោះមករកដល់ផ្ទះ ហើយគេរំលោភម៉ាក់ !
និយាយជាមួយឆាលីដល់ត្រឹមនេះ ភាណុ ក៏ស្ទុះសំនើច ។ នាងងាកទៅរកអ្នកម្ចាស់សំលេងសើច រួចសម្លឹងមើល ភាណុ ។
ភាណុ ងាកមើលម្ចាស់សំលេងដែលរអ៊ូរ ឃើញថា នាងជាក្មេងស្រីគួរអោយស្រឡាញ់ មិនថារូបរាងឬសម្តី នោះទេ។
-    សុំទោសគឺសៀភៅនេះគឺកំប្លែងខ្លាំងណាស់!
-     លោកពូទេទើបកំប្លែង អានសៀវភៅ បច្ចេកទេសគ្រប់គ្រងសំណង់សណ្ឋាគារ ហើយថាសេីច

ភាណុ មើលគំរបសៀវភៅដែលខ្លួនអាន រួចអស់សំណើចសម្តីនាងម្តងទៀត ពិសេសមកហៅគេថា ពូៗ ។
ដល់ម៉ោងទៅកោះអ្នកដំណើរគ្រប់គ្នាប្រជែងគ្នាឡើង នៅតែហ្សូលី និង ភាណុ
-    បងខ្ញុំចង់ បានអាវពោង២។ 
-    យើងសល់តែតែ២គឺសម្រាប់នាង និង លោកខាងនេះ ( ភាណុ) 
-    ចឹងខ្ញុំចង់ទៅទិញមួយទៀតសម្រាប់ឆ្កែខ្ញុំ"
អ្នកយកសំបុត្រអះអុញព្រោះភ្ងៀវឡើងអស់ទៅហើយមិនអាចរង់ចាំនាងទៅទិញអាវពោងទៀតទេ
ភាណុសម្លឹងមើលឆ្កែ រួចដង្ហើមធំ
-    ទុកអោយកូននាងចុះ ! ខ្ញុំចេះហែលទឹកហើយ !
 ភាណុដោះអាវពោងចេញហុចអោយហ្សូលី​។មនុស្សគ្រប់គ្នាសម្លឹងមើលក្មេងស្រីនេះដែលកំពុងពាក់អាវពោង អោយឆ្កែនាង រួចខ្សឹបខ្សាវ​៖
-     ឆ្កែនេះមានសំណាងមែនបានទៅលេងកោះហើយពាក់អាវពោងទៀត" ។
ពួកគេទាំងពីរបានមកអង្គុយក្បែរគ្នាម្តងទៀត ។ នាងក៏រអ៊ូជាមួយឆាលីទៀត
-     ត្រូវជិះយន្តហោះនៅលើមេឃទៅបារាំងសោះ ឥលូវមកជិះកាណូតលើទឹកទៅកោះរុង រលក នោះ រលក ។
រលកធំៗធ្វើអោយនាងទប់ខ្លួនមិននឹង ទ្រេតខ្លួនទៅ ភាណុ ។
-    សុំទោសលោកពូ ! 
-មិនអីទេ !
 ជិះប្រហែលជិតកន្លះម៉ោងស្ងាត់មាត់ ហ្សូលី មុខឡើងស្វាយ ទំនងជាពុលរលក
-    ថង់ៗ លោកពូមានថង់ទេ ចង់ក្អួត !
ភាណុលើវែនតាខ្មៅឡើង ឆ្លេឆ្លារកថង់ តែមិនទាន់គឺនាងក្អួតចេញទឹកមកលើខោគេទៅហើយ រហស័ដៃគេទាញថង់ចាក់ដបទឹកចេញរួចហុចអោយនាង។
ក្លិនក្អួតមិនល្អធ្វើអោយភាណុចង់ពុល តែគេក៏នៅតែជួយនាង។
-    នាងយ៉ាងម៉េចហើយ ញាំទឹកបន្តិចទៅ !
គេបើកទឹកថ្មីហុចអោយនាង
-    គឺវិលៗ​នេះជិតដល់ឬនៅ​? 
-    ជិតហើយ នោះចំណត !

You May Also Like

0 Reviews